ក្នុងពិធីសម្ពោធរឿង «ផ្លូវមរណៈ» កាលពីថ្ងៃទី៧ ឧសភា តារាសម្ដែងអ្នកនាង ភិន សុដាលីស ដែលត្រូវគេស្គាល់ថាជាកូនថៅកែផលិតកម្មមហាហង្ស និងតែងទទួលបានតំណែងជាតួឯកមិនចន្លោះរឿងល្អនោះ បានច្រានចោលទាំងស្រុងជុំវិញការលើកឡើងដែលថាអ្នកនាងអាងអំណាចលផលិតករ ហើយរមែងមិនស្ដាប់អ្នកដឹក និងតវ៉ានូវការចាត់ចែងរបស់ផលិតករមួយចំនួនក្នុងពេលអ្នកនាងចេញថតរឿង។ អ្នកនាងយល់ថាការលើកឡើងនេះ ជាការប៉ះទង្គិចចំពោះកេរ្តិ៍ឈ្មោះរបស់ខ្លួននោះផង។
អ្នកនាង ភិន សុដាលីស និយាយថា ថ្វីដ្បិតថាអ្នកនាងគឺជាកូនស្រីម្ចាស់ផលិតកម្មធំ ហើយរមែងទទួលបានតំណែងតួឯកក្នុងរឿងដែលដែលអ្នកចង់សម្ដែង ប៉ុន្តែអ្នកនាងមិនដែលក្រអឺតក្រទមក្នុងនាមជាកូនស្រីថៅកែ ហើយបង្កផលវិបាកដល់ក្រុមផលិតករ និងក្រុមការងារនោះទេ។ អ្នកនាងថា ក្នុងពេលអ្នកនាងចុះថត អ្នកនាងរមែងចាត់ទុកថាខ្លួនគ្រាន់តែជាតួអង្គមួយរូបប៉ុណ្ណោះ ដោយការតាំងខ្លួនជាកូនថៅកែ និងជាអ្នកគ្រប់គ្រងផលិតកម្ម គឺមិនមានដាច់ខាតដើម្បីអោយការងារថតកុនមានភាពរលូន ហើយគ្មានការវាយតម្លៃ។
អ្នកនាងបញ្ជាក់ថា ខ្លួនស្ដាប់បំផុតសម្រាប់ការចាត់ចែងរបស់ផលិតករ មិនថាជាឪពុក ឬ ជាអ្នកដឹកនាំថតនោះទេ ដោយសារតែនាងយល់ថានោះគឺជាតួនាទីដែលនាងត្រូវតែគោរព ដែលមិនអាចទៅបញ្ជាផលិតករ ឬកែប្រែការចាត់ចែងរបស់អ្នកដឹក ដើម្បីតម្រូវចិត្តខ្លួនឯងម្ដងឡើយ។ អ្នកនាងនិយាយថា «ដ្បិតថាខ្ញុំជាកូនថៅកែ ប៉ុន្តែរាលល់ពេលខ្ញុំចេញថតរឿង ខ្ញុំខ្លាចអ្នកដឹក និងក្រុមផលិតករគ្រប់គ្រប់គ្នា ខ្ញុំអត់មានអាងអំណាចហើយ ចេះតែតម្រូងអោយពួកគាត់ធ្វើតាមខ្ញុំទេ!»។
អ្នកនាងថាកូនថៅកែកុនណាមិនខ្លាចអ្នកដឹក សម្រាប់អ្នកនាងគឺខ្លាចអ្នកដឹក ដោយអ្នកនាងបានទាំងបញ្ជាក់ថា បើមិនខ្លាចអ្នកដឹក មិនមែនអ្នកនាងប្រឹងហាត់សម្ដែងផង ប្រឹងសមផង មុនពេលដល់ប្លង់ម្ដងៗ ដើម្បីកុំអោយអ្នកដឹកស្ដីបន្ទោស និងតារាដូចគ្នារិះគន់នោះទេ។ អ្នកនាងថាក្នុងនាមជាកូនថៅកែកុន ងាយនឹងត្រូវបានតារាដូចគ្នានិយាយដើម និងមាក់ងាយខ្លាំងណាស់ ទើបអ្នកនាងប្រយ័ត្នបំផុតរាល់ពេលចេញសម្ដែងម្ដងៗ ដោយក្នុងពេលខ្លះអ្នកនាងមិនសូវនឹងហ៊ានលេងសើចច្រើន ដែលនាំអោយមានការយល់ថាអ្នកនាងទៅបញ្ជាផលិតករ ឬមិនស្ដាប់អ្នកដឹកនោះផង។ អ្នកនាងសម្ដែងការខកចិត្តចំពោះអ្នកចោទថាអ្នកនាងអាងអំណាចជាកូនកូនផលិតករ ហើយឈានដល់ការតម្រូវអោយផលិតករកែប្រែបបែបនេះបែបនោះ ដើម្បីតម្រូវចិត្តខ្លួន។
អ្នកនាងនិយាយថា«រវាងប៉ា និងអ្នកដឹក ខ្ញុំខ្លាចអ្នកដឹកណាស់ ព្រោះខ្ញុំខ្លាចជាងគេរឿងអ្នកដឹកនិយាយថាខ្ញុំសម្ដែងអត់កើត ហើយប៉ាចេះតែអោយដើរតួ អ៊ីចឹងហើយទើបខ្ញុំប្រយ័ត្នជាងគេរឿងម៉ោងពេលថត និងការសម្ដែងអោយត្រូវតាមការចង់បានរបស់អ្នកដឹកតែម្ដង។
ភិន សុដាលីស បានលើកឧទាហរណ៍ថា ករណីដូចជាការសម្ដែងក្នុងរឿង «ផ្លូវមរណៈ» ដែលប្រកាស់លក់សំបុត្រនៅថ្ងៃទី១០ឧសភា នេះ អ្នកនាងបានចំណាយពេលហ្វឹកហាត់ចុះឡើងច្រើនណាស់ ដោយសារតែក្នុងរឿងនោះ ផលិតករអោយនាងនិយាយសំឡេងផ្ទាល់តាមបែបរដឺន និងសម្ដែងជាតួអង្គខ្មោច ដែលអ្នកនាងបញ្ជាក់ថាគឺជាការលំបាក បើធៀបនឹងការសម្ដែងក្នុងរឿងមុនៗ។ អ្នកនាងបានទាំងបញ្ជាក់យ៉ាងខ្លីថា បើអ្នកនាងប្រើអំណាចប្រើឥទ្ធិពលក្នុងនាមជាកូនថៅកែ ប្រហែលជាអ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មមហាហង្ស គឺលោក ជុំ វិចិត្រ មិនអាចបម្រើការជាអ្នកដឹកនាំរឿងប្រចាំក្រុមហ៊ុន មិនធ្វើការជាមួយនាង ដល់រង្វង់ជាង១០ឆ្នាំដល់ម្លឹងនោះទេ៕