ចិន​អះ​អាង​ថា ហ្វីលីពីន​បដិសេធ​សំណើ​ពិភាក្សា​ជម្លោះ​ដែន​សមុទ្រ

(រូបភាពពី Reuters)

ប្រទេសចិនបាននិយាយនៅថ្ងៃពុធនេះថា ហ្វីលីពីនពុំអើពើនឹងសំណើយន្តការពិភាក្សាប្រក្រតីមួយជុំវិញជម្លោះដែនទឹក ខណៈចិនបានអះអាងម្ដងទៀតថាទ្វាររបស់ខ្លួនតែងបើកជានិច្ចសម្រាប់ពិភាក្សាទ្វេភាគីជាមួយក្រុងម៉ានីលអំពីសមុទ្រចិនខាងត្បូង។

ចិនបានអះអាងជាម្ចាស់លើដែនទឹកភាគច្រើននៅសមុទ្រចិនខាងត្បូងដែលជាច្រកចេញចូលនៃនាវាពាណិជ្ជកម្មតម្លៃ៥ពាន់ពាន់លានជារៀងរាល់ឆ្នាំ។ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប៊្រុយណេ ក៏បានអះអាងជាម្ចាស់លើតំបន់ត្រួតស៊ីគ្នានោះផងដែរ ព្រមទាំងមានទំនាក់ទំនងយោធាជាមួយក្រុងវ៉ាស៊ីងតោន។

ប្រទេសហ្វីលីពីនបាននាំយកករណីនេះទៅតុលាការអន្តរជាតិនៅទីក្រុងឡាអេប្រឆាំងទៅនឹងការអះអាងរបស់ចិន ប៉ុន្តែចិនបានច្រានចោល ហើយចង់ដោះស្រាយបញ្ហានេះលក្ខណៈទ្វេភាគី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ប្រទេសទាំងពីរបានឯកភាពកាលពីឆ្នាំ១៩៩៥ ដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងក្នុងលក្ខណៈសន្តិវិធីនិងមិត្តភាព តាមរយៈការពិភាក្សាផ្អែកលើមូលដ្ឋានសមភាពនិងការគោរពគ្នាទៅវិញទៅមក។

ចិននិងហ្វីលីពីនបានជួបពិភាក្សាគ្នាជាច្រើនលើកទៅលើការគ្រប់គ្រងជម្លោះដែនទឹកនោះ ប៉ុន្តែភាគីទាំងពីរពុំមានការចរចាណាត្រូវបានរៀបចំឡើងដើម្បីដោះស្រាយជម្លោះពិតប្រាកដនៅសមុទ្រចិនខាងត្បូងនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ