ហាងកាហ្វេGloria Jean’sដែលមានម្ចាស់ជាក្មួយនាយករដ្ឋមន្រ្តី អាចរងផលប៉ះពាល់ដោយសាររបាយការណ៍Global Witness

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 5:14 PM | អំពើពុករលួយអភិបាលកិច្ចល្អ | 0 | 24182 ហាង​កាហ្វេGloria Jean's សាខានៅផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ(រូបថតដោយសាម សុជាទិញ​)

បន្ទាប់ពីអង្គការគ្លូបល វីតណេស(Global Witness)ទម្លាយការរកស៊ីជំនួញធំៗរបស់ត្រកូល ហ៊ុន សារព័ត៌មានអូស្រ្តាលីABCបានចុះផ្សាយថាការផ្តល់សិទ្ធិ(Franchise)ឲ្យបើកហាងកាហ្វេGloria Jean’sនៅកម្ពុជា អាចនឹងរងផលប៉ះពាល់ ដោយសារក្មួយរបស់នាយករដ្ឋមន្រ្តីជាអ្នកទិញសិទ្ធិលក់ពីប្រទេសអូស្រ្តាលី។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការGlobal Witnessដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសបានចេញផ្សាយរបាយការណ៍មួយឈ្មោះ”Hostile Takeover”ថាក្មួយស្រីរបស់នាយករដ្ឋមន្រ្តី លោកស្រី ហ៊ុន  គីមឡេង ជាម្ចាស់នៃកាហ្វេGloria Jean’sនៅស្រុកខ្មែរហើយក៏ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មថាជាម្ចាស់ ជាប្រធានក្រុមប្រឹក្សាភិបាលនិងមានហ៊ុន៧៥ភាគរយសម្រាប់ហាងកាហ្វេHard Rockដែលបើកលក់នៅខេត្តសៀមរាបតាំងពីឆ្នាំ២០១៣។

សារព័ត៌មានអូស្តាលីwww.abc.net.auបានដកស្រង់សម្តីរបស់តំណាងRetail Food Group(RFG)នៅប្រទេសអូស្រ្តាលីដែលជាអ្នកផ្តល់អាជ្ញាប័ណ្ណសិទ្ធិលក់ថា៖ “លោកស្រី ហ៊ុន គីមឡេងគឺជាអ្នកធានានៃការរកស៊ីកាហ្វេGloria Jean’sដែលគ្រប់គ្រងអាជ្ញាប័ណ្ណទិញសិទ្ធិលក់ធំសម្រាប់កាហ្វេGloria Jean’sតាំងពីឆ្នាំ២០០៩”។ សារព័ត៌មានដកស្រង់សម្តីបន្តថា៖ “ស្របពេលដែលកិច្ចព្រមព្រៀងទិញសិទ្ធិលក់ នឹងត្រូវធ្វើឡើងវិញ RFGនឹងពិចារណាដោយយកចិត្តទុកដាក់នូវបេក្ខជនិមួយៗដែលសុំសិទ្ធិលក់ មុនពេលដំណើរការផ្តល់នូវអាជ្ញាប័ណ្ណបន្តទៀត”។

សារព័ត៌មានអូស្រ្តាលីបានដកស្រង់សម្តីរបស់តំណាងRFGបន្ថែមទៀតថាគួរតែមានការស៊ើបអង្កេតថាតើGloria Jean’sមានជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ណាមួយឬទេ។ ទោះជាយ៉ាងណា សារព័ត៌មានអូស្រ្តាលីបានចុះផ្សាយថាមិនមានភស្តុតាងណាបញ្ជាក់ថាតើមានសកម្មភាពខុសច្បាប់របស់ហាងកាហ្វេGloria Jean’sនៅកម្ពុជាឬយ៉ាងណានោះទេ តែរបាយករណ៍របស់Global Witnessបានចុះផ្សាយថាវាពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអាចប៉ះពាល់ដល់កិត្តិយសសាខាកាហ្វេ។

លោក Patrick Alley សហស្ថាបនិកនៃអង្គការGlobal Witnessប្រាប់វីអូឌីតាមរយៈអ៊ីម៉េលនៅថ្ងៃសុក្រនេះថាវាមានហានិភ័យខ្ពស់សម្រាប់ម៉ាករបស់Gloria Jean’s។ លោកមានប្រសាសន៍ថា៖ “វាមានសារៈសំខាន់ដែលក្រុមហ៊ុនដូចជាGloria Jean’s ពិចារណាពីផលប៉ះពាល់ផ្នែកក្រមសីលធម៌និងហានិភ័យនៃកេរ្តិ៍ឈ្មោះដែលមានការរកស៊ីជាមួយសមាជិនៃក្រុមគ្រួសារអ្នកដឹកនាំកម្ពុជា(ក្រុមគ្រួសារត្រកូល ហ៊ុន)។ Gloria Jean’sនិងម៉ាកអន្តរជាតិដទៃទៀតដែលមានទំនាក់ទំនងជាមួយសមាជិកនៃគ្រួសារត្រកូលហ៊ុន គួរតែបញ្ចប់ទំនាក់ទំនងរកស៊ីនេះកាន់តែឆាប់តាមអាចធ្វើទៅបាន”។

វីអូឌីបានព្យាយាមទាក់ទងលោកស្រី ហ៊ុន គីមឡេង តាមរយៈអ៊ីម៉េលនិងទូរស័ព្ទ តែបុគ្គលិកដែលបម្រើការនៅហាងកាហ្វេដែលលើកទូរស័ព្ទបាននិយាយថាលោកស្រីចេញទៅក្រៅប្រទេស។

នៅកម្ពុជា មានហាងកាហ្វេGloria Jean’sចំនួន៧ ដែលក្នុងនោះ៥នៅរាជធានីភ្នំពេញ មួយនៅខេត្តសៀមរាបនិងមួយទៀតទើបតែបើកនៅខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

អង្គការGlobal Witness បានចំណាយពេលជិតមួយឆ្នាំក្នុងការស្រាវជ្រាវនិងចងក្រងតាមរយៈទិន្នន័យសិទ្ធិកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាន។ របាយការណ៍បញ្ជាក់ថា៖ “ដោយប្រើទិន្នន័យកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាននោះ អង្គការ Global Witness បានបង្ហាញថាតើសមាជិកគ្រួសារត្រកូល ហ៊ុន សែន កាន់កាប់ពេញលេញឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារសហរដ្ឋអាមេរិក”។ របាយការណ៍បន្ថែមថាក្រុមហ៊ុនទាំងនេះត្រួតត្រាវិស័យសំខាន់ភាគច្រើននៃសេដ្ឋកិច្ចដោយមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុនម៉ាកល្បីៗលំដាប់អន្តរជាតិដូចជា Apple, Nokia, Visa, Unilever, Procter & Gamble, Nestle, Durex, និង Honda ជាដើម។

បើតាមរបាយការណ៍ ក្រុមគ្រួសាររបស់លោក ហ៊ុន សែន មានភាគហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុកយ៉ាងតិចចំនួន១១៤ក្នុងនោះមានក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរ៉ែនិងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យធំៗនៅកម្ពុជា។ របាយការណ៍បញ្ជាក់ថា៖ “នេះគ្រាន់តែជាផ្នែកមួយនៃចំនួនទឹកប្រាក់ពិតប្រាកដនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មគ្រួសារត្រកូលហ៊ុនប៉ុណ្ណោះ។ ពួកគេត្រូវបានគេជឿជាក់ថាទទួលបានផលប្រយោជន៍ពាណិជ្ជកម្មពីអ្នកដែលឈរឈ្មោះជំនួសពួកគេនិងនៅក្នុងក្រុមហ៊ុនដែលមានតែឈ្មោះ។ គ្រួសារត្រកូលហ៊ុនក៏រាប់បញ្ចូលទាំងសមាជិកដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធអាភៀនដែលមានតម្លៃ១ពាន់លានដុល្លារអាមេរិក បាញ់បោះ បុកស្លាប់ហើយរត់និងសកម្មភាពទន្រ្ទានយកដីដែលបណ្តាលឲ្យប្រជាជនជាច្រើនគ្រួសារត្រូវបាត់បង់លំនៅដ្ឋាននិងរស់នៅក្នុងភាពទាល់ក្រនៅតំបន់ជនបទក្រីក្រនៃប្រទេសកម្ពុជា”

លោក Patrick Alley សហស្ថាបនិកនៃអង្គការGlobal Witness បានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា៖ “គំហើញទាំងនេះបានបង្ហាញពីផលវិបាកនៃការប្រតិបត្តិគំរូនៃការដឹកនាំបែបផ្តាច់ការរបស់លោក ហ៊ុន សែន។ គ្រួសាររបស់គាត់ត្រួតត្រាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហេតុដូចនេះពលរដ្ឋក្រុងភ្នំពេញហាក់ដូចជាមិនអាចជៀសផុតពីការរួចំណែករកលុយចូលហោប៉ាវរបស់អ្នកជិះជាន់ គាបសង្កត់របស់ពួកគេជាច្រើនដងក្នុងមួយថ្ងៃឡើយ។ ចំណែកឯវិនិយោគិនបរទេសអាចនិងពុំគួរចូលរួមគាំទ្ររបបដែលសម្លាប់ បំភិតបំភ័យ ឬឃុំខ្លួនអ្នករិះគន់របបនេះទេ”។

ក្រោយពីរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានជាតិនិងអន្តរជាតិ កូនៗរបស់លោកនាយករដ្ឋមន្រ្តីបានប្រតិកម្មច្រានចោលរបាយការណ៍នេះ ដោយថារបាយការណ៍នេះ”ពោរពេញដោយកំហុសនិងព័ត៌មានមិនពិត” ក្នុងគោលបំណងបង្អាប់និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន។ លោក ហ៊ុន ម៉ាណែត លោកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន ម៉ានិត បានសរសេរសារនៅលើហ្វេសប៊ុកប្រតិកម្មនឹងរបាយការណ៍នេះ តែមិនបានបកស្រាយលើចំណុចដែលរកឃើញដោយអង្គការGlobal Witnessនោះទេ។

លោក ហ៊ុន សែន បានកាន់អំណាចអស់រយៈពេលជាង៣១ឆ្នាំមកហើយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់សម្តេច ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់និងអំពើពុករលួយ៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required