ប្រជាជន​ថៃ​គាំទ្រ​សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញ ខណៈ​អ្នក​បោះ​ឆ្នោត​តិច​ជាង​ការ​រំពឹង​ទុក

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០១៦​ ម៉ោង 9:19 AM | អន្តរជាតិ | 0 | 1634 (រូបភាពពី The Nation)

កាសែត The Nation របស់ថៃបានផ្សាយនៅថ្ងៃនេះថា អ្នកបោះឆ្នោតជាង៦០ភាគរយបានបោះឆ្នោតគាំទ្រសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈតំបន់ភាគឦសានថៃបានបោះឆ្នោតមិនគាំទ្រនោះឡើយ។

លទ្ធផលមិនទាន់ផ្លូវការរបស់គណៈកម្មការបោះឆ្នោតបានបង្ហាញថា ប្រជាពលរដ្ឋ១៥.៥៦លាននាក់បានគាំទ្រសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនោះ ខណៈអ្នកបោះឆ្នោត៩.៧៨លាននាក់ទៀតបានបោះឆ្នោតប្រឆាំង នៅពេលដែលសន្លឹកឆ្នោតរាប់បាន៩៤ភាគរយ។

អ្នកបោះឆ្នោតក៏បានគាំទ្រឲ្យសមាជិកព្រឹទ្ធសភាចូលរួមជាមួយសមាជិកសភា ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។

សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យធម្មសាស្ត្រ លោក Prinya Thaewanarumitkul បាននិយាយថា លទ្ធផលបោះឆ្នោតបង្ហាញថា ពលរដ្ឋចង់ឃើញនយោបាយគ្មានអំពើពុករលួយ។

គណៈកម្មការបោះឆ្នោតបានរំពឹងទុកថា អ្នកបោះឆ្នោត៨០ភាគរយក្នុងចំណោមអ្នកបោះឆ្នោតជាង៥០លាននាក់ នឹងចេញទៅបោះឆ្នោត ដើម្បីប្រើសិទ្ធិរបស់ពួកគេ ប៉ុន្តែមានប្រជាពលរដ្ឋត្រឹមតែ៥៨ភាគរយប៉ុណ្ណោះចេញទៅបោះឆ្នោត៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required