ទីភ្នាក់ងារសហរដ្ឋអាមេរិកអះអាងថា បានបង្កើតគម្រោងគាំទ្រផ្នែកហិរញ្ញវត្ថុមួយ ជួយគាំទ្រដល់ស្ដ្រីនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ី។
យោងតាមសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃចន្ទ ទី០៧ សីហា ម្សិលមិញ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ ឬហៅកាត់ថា USAID ថាខ្លួនបានបង្កើតគម្រោងមួយឈ្មោះ «គម្រោងសញ្ញាបណ្ណជីវភាពសម្រាប់ស្រ្តី» ដែលទឹកប្រាក់សរុប៨លានដុល្លារអាមេរិក ដោយថានឹងជួយដល់ស្រ្ដីនៅតំបន់អាស៊ីប្រមាណជាង៣៨ម៉ឺននាក់ ដូចជានៅហ្វីលីពីន វៀតណាម និងកម្ពុជា។
បើតាមសេចក្ដីប្រកាស គម្រោងសញ្ញាបណ្ណជីវភាពសម្រាប់ស្រ្តី នឹងជួយដល់ស្ដ្រីនៅកម្ពុជា ឲ្យទទួលបានសេវាឥណទាន ការតភ្ជាប់ទៅកាន់ទីផ្សារ និងសេវាឥតគិតថ្លៃមួយចំនួនទៀត។ គម្រោងសញ្ញាបណ្ណនេះ នឹងផ្តល់ទឹកប្រាក់ទៅកាន់វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ និងសហគ្រាសសង្គមមួយក្រុម ដែលនឹងជួយបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់ស្រ្តី។ លើសពីនេះ គម្រោងនេះ ក៏នឹងជួយបង្កើនការចូលរួមរបស់ស្រ្តីក្នុងការងារ បង្កើនឱកាសឲ្យស្រ្តី និងកុមារ ទទួលបានការអប់រំ និងវិស័យសុខាភិបាល។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ចាប់តាំងពីឆ្នាំ១៩៩៩ តាមរយៈអាជ្ញាធរឥណទានអភិវឌ្ឃនោះ គឺទីភ្នាក់ងារ USAID បានរៀបចំឥណទានជាង ៣៥០លានដុល្លារ តាមរយៈអ្នកធានាចំនួន៦៣ ក្នុងប្រទេសអាស៊ីចំនួន១៣ ដោយថា ដើម្បីជាផ្នែកមួយរួមចំណែកអភិវឌ្ឍតំបន់អាស៊ាន៕
រាយការណ៍បន្ថែមដោយ លោក ពេជ្រ ចំរុង