បទយកការណ៍៖ ការងារស្ម័គ្រចិត្តបង្រៀនមេរៀនជីវិតដែលសាលាអត់បង្រៀន

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 10:19 AM | បទយកការណ៍ | 0 | 1986

នេះគឺជាភ្លេងដែលប្រគុំដោយក្រុមកាយារិទ្ធនៃវិទ្យាល័យបាក់ទូក នៅក្នុងសាលប្រជុំដ៏ធំរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬយើងហៅថាសាលាតិចណូ ដើម្បីស្វាគមន៍ការចាប់ផ្តើមប្រារព្ធទិវាអន្តរជាតិសំរាប់អ្នកស្ម័គ្រចិត្ត៥ធ្នូ និងវេទិកាជាតិលើកទី៦ ដែលរៀបចំដោយអ្នកស្ម័គ្រចិត្តសហប្រជាជាតិ សហការជាមួយរដ្ឋាភិបាលកម្ពុជា។ មនុស្សជាងមួយពាន់នាក់ ភាគច្រើនគឺជាយុវជន ពួកគេពាក់អាវយឺតពណ៌សដែលជាអត្តសញ្ញាណសំគាល់ទិវា ខ្លះទៀតស្លៀកជាឯកសណ្ឋានសិស្សមកពីសាលាផ្សេងៗ អង្គុយត្រៀបត្រាពីមុខឆាកវេទិកានៃគណអធិបតិ ដែលបានអញ្ញើញមកពីខាងរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិនានា។

ឡើងថ្លែងពីលើឆាកគណៈអធិបតីជាកិច្ចចាប់ផ្តើម អគ្គនាយកអគ្គនាយកដ្ឋានយុវជន មកពីក្រសួងអប់រំយុវជននិងកីឡា លោក តូច ជឿន ប្រាប់ថា ក្នុងទិវានេះមានការពិភាក្សាប្រធានបទមួយចំនួនដែលទាក់ទងនឹងយុវជន។

លោកថា៖ «ថ្ងៃនេះមានយុវជនចំនួន១២០០នាក់ មកពីសកលវិទ្យាល័យ វិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ចូលរួមអបអរសាទរនិងចូលរួមពិភាក្សាជាក្រុមទៅលើប្រធានបទចំនួន៦ […]»។

បន្តមកទៀត លោកស្រី គ្លែរ វ៉ាន់ដេ វ៉ារិន (Clair Van der Vaeren) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដែលអង្គុយនៅលើឆាកជាមួយគណៈអធិបតីដែរ បានឡើងថ្លែងប្រាប់ពីការងារស្ម័គ្រចិត្តថា អ្នកស្ម័គ្រចិត្ត គឺជាឧបករណ៍មួយក្នុងការចូលរួមរបស់ប្រជាពលរដ្ឋធ្វើការរួមគ្នាដើម្បីជាប្រយោជន៍ដល់សហគមន៍របស់ពួកគេ។ ការងារស្ម័គ្រចិត្ត គឺជាវិធីសាស្រ្តសំខាន់មួយនៅក្នុងការផ្សារភ្ជាប់ប្រជាពលរដ្ឋពីផ្នែកផ្សេងៗគ្នានៃសង្គម ជាពិសេសយុវជនជំនាន់ក្រោយ។

លោកស្រីបន្ថែមថា៖ «អ្នកស្ម័គ្រចិត្ដ ផ្ដល់នូវវិធីមួយសម្រាប់មនុស្សគ្រប់រូប ដើម្បីចូលរួមសកម្មភាពយ៉ាងសកម្ម ដែលនឹងរួមចំណែកដល់ការសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ពួកគេបានរួមបញ្ចូលគ្នានូវវិសាលភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាននៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយមានសេចក្តីប្រាថ្នាសម្រាប់សង្គមតែមួយនិងសន្តិភាព ដែលធានាការរីកលូតលាស់សិទ្ធិមនុស្សនិងសមភាពយេនឌ័រ»។

ក្រុមភ្លេងកាយារិទ្ធិក៏មិនទាន់ទៅណាឆ្ងាយពីអង្គពិធីនៅឡើយ ឲ្យតែមុនដល់គណៈអធិបតីឡើងនិយាយ ពួកគេតែងប្រគុំភ្លេងខ្លីដើម្បីកំដរបរិយាកាស។

ជាគណៈអធិបតីធំ តំណាងឲក្រសួងអប់រំយុវជននិងកីឡាក្នុងទិវានេះ លោករដ្ឋលេខាធិការ ស៊ាន បូរ៉ាត មានប្រសាសន៍ថា យុវជនគ្រប់រូបត្រូវរួបរួមគ្នាលើកកម្ពស់ការស្ម័គ្រចិត្ត ដោយចាត់ទុកថា ជាការសិក្សាជាក់ស្តែងមួយ ដែលផ្តល់ដល់អ្នកស្ម័គ្រចិត្តនូវបទពិសោធន៍ដ៏មានតម្លៃនិងមានភាពសំបូរបែប ដូចជាការកសាងមូលដ្ឋានសំរាប់ការបង្កើតទំនាក់ទំនងក្នុងសង្គម ការពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមក ការចូលរួមដោះស្រាយបញ្ហាសង្គម និងសហគន៍ទាំងមូល។

លោកបន្តថា៖ «គោលដៅនៃការងារស្ម័គ្រចិត្តនេះ នឹងជួយបំពេញបន្ថែមនូវគោលដៅនៃការអប់រំនិងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងគ្រាប់កាលទេសៈ។ ក្នុងទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តនេះ យើងបានផ្តល់នូវប្រធានបទ “ស្ម័គ្រចិត្តដើម្បីនិរន្តភាពនៅកម្ពុជា»។

បន្ទាប់ការថ្លែងសន្ទរកថារបស់គណៈអធិបតី ក្រុមការងាររៀបចំកម្មវិធីបានរៀបចំពិធីបង្ហោះប៉េងប៉ោង ដើម្បីអបអរកម្មវិធីឲ្យកាន់តែអធឹកអធម។ ប៉េងប៉ោងចំរុះពណ៌ មានភ្ជាប់បដាដែលសរសេរថា «អបអរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត» និង «ស្ម័គ្រចិត្តដើម្បីនិរន្តភាពនៅកម្ពុជា» ត្រូវបានបង្ហោះទៅលើអាកាស។

ក្រឡេកមើលទៅខាងក្រោមអាគារនៃសាលប្រជុំឯណោះវិញ មានការរៀបថំជាតូបតូចៗសំរាប់តាំងពិព័រណ៌ស្នាដៃការងាររបស់អ្នកស្ម័គ្រចិត្តដែលបានធ្វើកន្លងមក ដោយមានអ្នកចូលរូមទស្សនាយ៉ាងច្រើនកុះករ។

កម្មវិធីបន្ត គឺជាការពិភាក្សាផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន ដោយមានវាគ្មិនចូលរួមព្រមទាំងមានសំណួរចម្លើយទាក់ទងនឹងប្រធានបទនីមួយៗផង។ សរុបមតិពីការជជែគប្រធានបទ «តួនាទីអ្នកស្ម័គ្រចិត្តដើម្បីសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពនៅកម្ពុជា» លោក តូច ជៀន ដែលជាគ្មិនមួយរូបបញ្ចេញទស្សនៈ។

លោកថា៖ «ការងាស្ម័គ្រចិត្ត ដែលផុសចេញពីបុគ្គលបានកសាងប្រទេសជាតិ រហូតមកដល់ពេលនេះ។ ការងារស្ម័គ្រចិត្តហ្នឹង អាចជួយក្មួយៗទាំងអស់ឲ្យមានសមត្ថភាព មានចំណេះដឹង មានបទពិសោធន៍ ធ្វើឲ្យក្មួយមានអនាគតល្អ […]»។

យុវជនម្នាក់ទៀតដែលជាវាគ្មិនក្នុងការជជែកក្នុងប្រធានបទ «ការងារ» បានប្រាប់ពីបទពិសោធន៍ថា ដំបូងគឺគ្រាន់តែស្ម័គ្រចិត្តដើម្បីចង់ចេះភាសាអង់គ្លេសតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីចំណាយពេលធ្វើការស្ម័គចិត្តមក គឺបានជួយការងារជាច្រើន ធ្វើឲ្យក្លាយជាមនុស្សមានជំនឿចិត្តលើខ្លួនឯងខ្លាំង មានចំណេះដឹងច្រើន។

គាត់បន្តថា៖ «ការស្ម័គ្រចិត្តបង្រៀននូវមេរៀនជីវិតដែលនៅក្នុងសាលាមិនអាចបង្រៀនយើងបានទេ។ មេរៀនទាំងអស់ហ្នឹងសំខាន់សំរាប់អនាគតរបស់យើងមែនទែន។ នៅក្នុងការងារស្ម័គ្រចិត្ត យើងរៀនបានច្រើនទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ យើងមើលឃើញពីចំណុចខ្វះខាត អាចជំនះភាពខ្សោយរបស់យើងបាន ហើយរុញខ្លួនយើងឲ្យកាន់តែខ្ពស់ មើលបានឆ្ងាយ»។

យុវជនមួយក្រុមទៀតមកពីខេត្តផ្សេងៗគ្នា ដែលតំណាងក្រុមគំរោងតូចៗនៃការងារស្ម័គ្រចិត្ត ហាក់មានមោទនភាពយ៉ាងខ្លាំងចំពោះលទ្ធផលការងារស្ម័គ្រចិត្តរបស់ក្រុមពួកគេ។ គម្រោងដែលបានបង្ហាញមានដូចជា «វាលបៃតងសំរាប់បាល់ទាត់សហគមន៍» «ការរក្សាការយល់ដឹងលើកកម្ពស់ប្រព័ន្ធធារាសាស្ត្រ» «គម្រោងជួសជុលផ្លូវមានស្រាប់» «ការស្តារសហគមន៍ឡើងវិញ» ជាដើម។ ប្អូនស្រី ចាន់ណា រៀនខាងច្បាប់ ប៉ុន្តែធ្វើគម្រោងពីសុខភាពប្រាប់ថា គម្រោងប្អូនធ្វើទាក់ទងនឹងការដុសធ្មេញនិងសង្គ្រោះបឋម។

បន្ទាប់ពីមើលវីដេអូខ្លីរបស់គំរោងក្រុមប្អូនរួចមក ចាន់ណា និយាយថា៖ «ឆន្ទៈរបស់ពួកយើង គឺជាចំណុចដ៏តូចនិងសាមញ្ញបំផុត ប៉ុន្តែសង្ឃឹមថាតាមរយៈវិធីបង្រៀននេះ ម្នាក់ៗ នឹងមានធ្មេញស្អាត កុំឲ្យដង្កូវស៊ីធ្មេញ កុំចំណាយលុយទៅពេទ្យច្រើនពេក។ យើងអាចជួយអ្នកនៅក្បែរយើងនៅពេលលង់ទឹក ធ្វើឲ្យចលនាបេះដូងដើរឡើងវិញ […]»។

បើតាមលទ្ធផលបឋមដែលប្រមូលទិន្នន័យដោយអ្នកស្ម័គ្រចិត្តសហប្រជាជាតិបង្ហាញថា ចំនួនគិតជាភាគរយនៃអង្គការធ្វើការជាមួយអ្នកស្ម័គ្រចិត្តនៅបណ្តារខេត្តនិងរាជធានីទាំង២៥ មានសន្ទុះខ្លាំង គិតចាប់តាំងពីឆ្នាំ២០០៨មកទល់ឆ្នាំ២០១៦ លើកលែងតែខេត្តកំពង់ស្ពឺនិងរាជធានីភ្នំពេញ។ នៅខេត្តព្រៃវែងមានចំនួនអ្នកស្ម័គ្រចិត្តច្រើនជាងគេ ភាគច្រើនជាស្ត្រី។ ឯខេត្តរតនគិរី មានអ្នកធ្វើការស្ម័គ្រចិត្តច្រើនបន្ទាប់ពីខេត្តព្រៃវែង តែចំនួនបុរសច្រើនជាងវិញ។

ជាចុងក្រោយ កញ្ញា សារ៉ាយ សាមឺឌី អ្នកស្ម័គ្រចិត្តសហប្រជាជាតិ (UNV) ទទូលស្គាល់ថាការងារស្ម័គ្រចិត្តមិនមានបង្រៀននៅសាលាទេ។

កញ្ញាបន្ថែមថា៖ «ដោយសារខ្ញុំផ្ទាល់ខ្លួនទទួលប្រយោជន៍ពីការងារស្ម័គ្រច្រើន រឿងទាំងតូចទាំងធំសុទ្ធតែរៀនពីការងារស្ម័គ្រចិត្ត។ បើសិនជាទៅរួច សុំឲ្យទាំងអស់គ្នាចូលរួមធ្វើការងារស្ម័គ្រចិត្ត។ សូមទះដៃឲ្យអ្នកធ្វើការងារស្ម័គ្រចិត្តទាំងអស់លើពីភពលោក ជាពិសេសប្រទេសកម្ពុជា»៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required