ពលរដ្ឋខ្មែរតវ៉ាឲ្យទាហានថៃបើច្រកព្រំដែនឲ្យបានទាន់ពេលដើម្បីបានចូលលក់ឥវ៉ាន់​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ ម៉ោង 10:00 AM | សន្ដិសុខអភិបាលកិច្ចល្អ | 0 | 5481 ពលរដ្ឋខ្មែរតវ៉ាឲ្យទាហានថៃបើច្រកព្រំដែន (គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ)

ពលរដ្ឋខ្មែររាប់រយនាក់ជាអ្នកលក់ដូរនៅផ្សារក្នុងទឹកដីថៃជាប់ព្រំដែន បានប្រផ្តុំតវ៉ានៅច្រកភ្នំដី ជាច្រកព្រំប្រទល់ខេត្តបាត់ដំបងនិងខេត្តស្រះកែវរបស់ថៃ​ ដើម្បីទាមទារឲ្យភាគីថៃបើកទ្វារច្រកឲ្យបានទាន់ពេលវេលា សម្រាប់ឲ្យពួកគាត់ចូលលក់បន្លែនិងចំណីអាហារ។​

បើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងនោះភាគច្រើនលក់​បន្លែ លក់បបរ បាយ គុយទាវ កាហ្វេ និងលក់ត្រីសាច់ជាដើម។  គេហទំព័រនេះឲ្យដឹងទៀតថា កិច្ចព្រមព្រៀងនៅច្រកភ្នំដីនោះ គឺថៃត្រូវបើកទ្វារព្រំដែននៅម៉ោង​៦ព្រឹក ប៉ុន្តែជាក់ស្តែងថៃតែងបើកយឺត គឺពេលខ្លះបើកនៅម៉ោង៦កន្លះ ម៉ោង​៧ និងម៉ោង​៨ជាដើម​ ដែលការយឺតនេះធ្វើឲ្យប៉ះពាល់ដល់ការលក់ដូររបស់ពលរដ្ឋខ្មែរ។​

ភាគីកម្ពុជាបានឲ្យដឹងទៀតថា ពេលតវ៉ានោះ ពលរដ្ឋខ្មែរទាមទារឲ្យទាហានថៃបើកទ្វារឲ្យបាននៅម៉ោង៥ព្រឹកឬ បើកតាមការកំណត់យ៉ាងយូរត្រឹមម៉ោង​៦ព្រឹក។ អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងទៀតថា ការតវ៉ារបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី៥ខែមករានោះ មានការចេញមុខសម្របសម្រួលពីអាជ្ញាធរខ្មែរនិងថៃ ទើបពលរដ្ឋព្រមឈប់តវ៉ា៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required