ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតក្រុមការងារតាមដានព័ត៌មានលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី​

ក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបង្កើតក្រុមការងារមួយក្រុមសម្រាប់តាមដានមតិរបស់សាធារណជនលើទំព័រហ្វេសប៊ុក (Facebook)របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។

យោងតាមសេចក្ដីសម្រេចថ្ងៃទី៩ ខែកុម្ភៈ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ជា សុផារ៉ា ក្រមការងារដែលទើបត្រូវបង្កើតឡើងនោះមានសមាសភាព៥នាក់ដែលមានរដ្ឋលេខាធិការ១រូបជាប្រធាន ដោយមានអនុប្រធាន១រូប និងសមាជិកា៣នាក់។

ការបង្កើតក្រុមការងារនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានចេញសេចក្តីណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យចាត់តាំងក្រុមការងារតាមដានរបាយការណ៍ប្រចាំថ្ងៃ និងសំណូមពររបស់ប្រជាពលរដ្ឋនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយលោកចាត់ទុកថានេះដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋទាន់ពេលវេលា។

នៅក្នុងសេចក្តីណែនាំនោះ លោកនាយករដ្ឋមន្ត្រីបានសរសេរថា នៅក្នុងទំព័រហ្វេសប៊ុករបស់លោកសព្វថ្ងៃនេះទទួលបាននូវពាក្យបណ្តឹងនិងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកឲ្យដឹងទៀតថាជំនួយការរបស់លោកនឹងផ្ញើសំណូមពរ និងបណ្តឹងរបស់ប្រជាពលរដ្ឋនេះទៅតាមហ្វេសប៊ុករបស់ក្រសួង-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែលលោកទទួលបានពីប្រជាពលរដ្ឋ។

លោកសរសេរទៀតថា៖ “ខ្ញុំស្នើសូមសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ននិងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់នេះ ដើម្បីរួមសហការគ្នាដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ