អ្នកមានជម្លោះដីធ្លីរាំរៃក្នុងខេត្តកោះកុងបន្ថយការទារសំណងពីក្រុមហ៊ុន

ពល​រដ្ឋមាន​ជម្លោះ​ដី​ធ្លីជាង​១០​ឆ្នាំ​នៅ​កោះ​កុង

អ្នកមានជម្លោះដីធ្លីរាំរៃក្នុងខេត្តកោះកុងបន្ថយការទាមទារសំណងពីក្រុមហ៊ុនពីរ ដែលរំលោភយកដីធ្លីរបស់ពួកគេ ខណៈមន្រ្តីរដ្ឋាភិបាលសន្យាខិតខំដោះស្រាយបញ្ចប់ជម្លោះនោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវត្តសមគ្គីរង្សីនាថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៧នេះ តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង មានប្រសាសន៍ថា ពលរដ្ឋទាំង១៧៥គ្រួសារសម្រេចបន្ថយការទាមទារសំណងពីក្រុមហ៊ុន ដោយចុះ៥០០ដុល្លារ ដែលកាលពីមុនពលរដ្ឋទាមទារដី២ហិកតានិងលុយ៥០០០ដុល្លារ។

អ្នកស្រីបន្តថា ការសម្រេចបន្ថយការទាមទារសំណង់នេះដោយសារពលរដ្ឋចង់ឲ្យឆាប់ទទួលដំណោះស្រាយ ខណៈជម្លោះអូសបន្លាយយូរឆ្នាំ ហើយពួកគាត់កំពុងជួបបញ្ហាជីវភាពខ្លាំង។

អ្នកស្រីបន្ថែមថា៖ «ភាគីក្រុមហ៊ុនបានរំលោភយកដីធ្លីពួកយើងទាំងបំពានហើយ បែរជាឲ្យពួកយើង​ទៅបញ្ចុះថ្លៃជារឿយៗទៀត អញ្ចឹងជាចុងក្រោយពួកយើងសម្រេចទាមទារដី២ហិតា ហើយ ប្រាក់សំណង៤៥០០ដុល្លាសម្រាប់១គ្រួសារមិនអាចចុះទៀតបានទេ ព្រោះពួកយើងមានស្លាប់ មនុស្សដោយសារតែការតវ៉ាដីនេះ ហើយការអភិវឌ្ឍន៍ក្រោមរូបភាពបែបនេះធ្វើពលរដ្ឋយើងរង គ្រោះទឹកភ្នែក ហើយយើងធ្លាក់ខ្លួនក្រីក្រជាងនេះ អញ្ចឹងពួកយើងទាមទាររហូតបានដំណោះស្រាយ»។

អ្នកស្រីបានរៀបរាបពីទុក្ខលំបាកថា ការស្នាក់នៅភ្នំពេញដើម្បីតវ៉ានោះពួកគាត់ខ្វះខាត់ស្បៀង អាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ កូនៗកើតជំងឺផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះមានអ្នក ខ្លះជួបគ្រោះថ្នាក់ចរាចរណ៍ និងកូនអ្នកភូមិម្នាក់ត្រូវគេរំលោភហើយសំលាប់ កាលថ្ងៃទី៨ ខែកុម្ភៈ ដោយសារតែឪពុកម្តាយឡើងមកតវ៉ានៅភ្នំពេញហើយទុកកូនផ្ញើរជាមួយអ្នកភូមិមើលនៅស្រុក។

តំណាងពលរដ្ឋម្នាក់ទៀតអ្នកស្រី ណុំ វណ្ណារី ឲ្យដឹងថា បើបន្ថយការទារសំណងដូចនេះ ហើយនៅតែគ្មានដំណោះស្រាយទៀត ពួកគេនឹងនាំគ្នាហែរជាក្បួនទៅកិច្ចអន្តរគមន៍ពីលោក នាយករដ្ឋមន្រ្តីជួយដោះស្រាយ។

អ្នកស្រីបន្ថែមថា៖ «បើមិនមានភាពយុត្តិធម៌ទេពួកយើងនៅតែទាមទារបន្តទៅមុខទៀតទៅកន្លែងណា ត្រូវអាជ្ញាធរវាយដំយ៉ាងណាក៍ដោយពួកយើងមិនរួញរាទេនៅតែតវ៉ាទៅមុខទៀតធ្វើយ៉ាង ណាផ្ញើរនេះទៅរដ្ឋាភិបាល ពីព្រោះពួកយើងកំពុងតែបាត់បង់ដីស្រែដីចំការ បើបាត់ទាំងអស់ ហ្នឹងពួកយើងដូចបាត់បង់អាយុជីវិតអញ្ចឹង»។

អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី លោក ទេព ធន ប្រាប់វីអូឌីថា លោកបានទទួលយកសំណើររបស់ពលរដ្ឋដែលសុំបន្ថយការទាមទារសំណងនេះ ទៅពិភាក្សារជាមួយភាគីក្រុមហ៊ុន ប៉ុន្តែលោកថាទទួលបានលទ្ធផលយ៉ាងណានោះលោកមិនហ៊ានសន្យាទេ។

តែយ៉ាងណាលោកថា រដ្ឋាភិបាលនឹងព្យាយាមចរចារជាមួយភាគីក្រុមហ៊ុនដើម្បីដោះស្រាយ បញ្ចប់ជម្លោះនេះឲ្យបានឆាប់។

លោកបន្ថែមថា៖ «នេះជាសំណើរបស់ពួកគាត់ ហើយយើងបានទទួលយកសំណើរហ្នឹងបញ្ជូន ទៅឲ្យក្រុមហ៊ុនដើម្បីឲ្យគេឆ្លើយមកក្រុមការងារវិញ ដល់បានការឆ្លើយតបហើយ បានយើងឲ្យ ភាគីទាំងពីរហ្នឹងជួបគ្នា ប៉ុន្តែឥលូវហ្នឹងមិនទាន់បានជួបទេ បើមានការព្រមព្រៀងផ្លូវការហើយ ដោះស្រាយចប់»។

គួរបញ្ជាក់ថា ពលរដ្ឋខេត្តកោះកុងប្រមាណ១០០គ្រួសារនៅស្រុកស្រែអំបិល និងស្រុក​បុទុមសារគរដែលមានជម្លោះដីធ្លីមួយក្រុមហ៊ុនកោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះ​កុងភ្លែនថេសិនបាន ឡើងមកស្នាក់នៅវត្តសាមគ្គីរង្សីក្នុងរាជធានីភ្នំពេញជាង១ខែហើយ ដើម្បីតវ៉ារកដំណោះ ស្រាយជម្លោះដីធ្លី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ