បក្សកាន់អំណាច​នឹងស្នើទៅសភា​ឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណ​បក្សនយោបាយ​នៅខែក្រោយ​

គណបក្សកាន់អំណាចអះអាងថា តំណាងរាស្ត្រគណបក្សនេះ​គ្រោង​នឹងស្នើ​ទៅ​សភាឲ្យ​ធ្វើ​វិសោធន​កម្ម​មាត្រា​​មួយ​​ចំនួនក្នុង​​ច្បាប់​ស្ដីពី​គណ​បក្ស​​នយោបាយ នៅខែចុងមីនាឬដើមខែមេសាខាង​មុខ​ តាម​ការ​ចង់​បាន​របស់​លោក​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ការស្នើសុំធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ស្តីពីគណបក្សនយោបាយនោះទំនងជាលោក ហ៊ុន សែន មិនចង់ឲ្យលោក សម រង្ស៊ី​ ធ្វើជា​ប្រធាន​គណបក្សសង្គ្រោះជាតិ ខណៈប្រធានគណបក្សប្រឆាំងរូបនេះត្រូវបានកាត់ទោសនិងជាប់បណ្តឹងរបស់រដ្ឋាភិបាល​មួយចំនួនទៀត។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​មាន ១១​ជំពូក ៤៥​មាត្រា បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧។ តាម​​ច្បាប់​តំណាងរាស្ត្រ មួយ​ភាគ​បួន ឬ​ជាង៣០​រូប​នៃ​តំណាងរាស្ត្រ​សរុប១២៣រូប​ អាច​ស្នើសុំ​ធ្វើ​វិសោធន​​​​កម្ម​ច្បាប់នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានប្រាប់VODថា ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ថ្មី មុននឹ​ង​បញ្ជូន​ទៅ​សភា​ពិនិត្យ​និង​អនុម័ត។ ទោះ​យ៉ាង​នេះ​ក្ដី លោក សុខ ឥសាន មិន​ទាន់​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា កែប្រែ​មាត្រា​ណា​ខ្លះ​នៅ​ឡើយ​ទេ។

លោក សុខ ឥសាន បញ្ជាក់ថា ការស្នើសុំវិសោធនកម្មមាត្រាមួយចំនួននៅក្នុង​ច្បាប់ស្តីពីគណបក្សនយោ​បាយនោះ ដើម្បីហាមមេដឹកនាំ​គណបក្សណាមួយ ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ មិនឲ្យធ្វើ​ជា​ប្រធាន ឬអនុប្រធានបក្សនោះ ជាពិសេសលោកថា លោក សម រង្ស៊ី មិនអាច​ធ្វើជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​បា​ននោះទេ​។លោកមានប្រសាសន៍ថា «សម្រាប់អនុវត្តទូទៅសម្រាប់ប្រធាន​គណបក្ស ​គ្រប់គណបក្ស ឥឡូវ​នេះគណបក្សនៅកម្ពុជា​មិនមែន៦៨ទេ ឥឡូវឡើងដល់​៧១ហើយ នៅទូទំាងប្រទេសកម្ពុជាមាន​គណបក្ស​នយោបាយ៧១ហើយដែលបានចុះបញ្ជី គ្រប់គណបក្សទំាងអស់ត្រូវគោរពច្បាប់ហ្នឹង និយាយឲ្យចំលោក សម រង្ស៊ី ចេញច្បាប់ហ្នឹងមក​គឺត្រូវធាក់ចេញតែម្តង ពីព្រោះគាត់មានសាលក្រមស្ថាពរ​របស់តុលាការរួចហើយ ដូច្នេះមិនមានពិបាកអីទេ​»។

លោកមេធាវី ហុង គឹមសួន មានប្រសាសន៍ថា ការធ្វើច្បាប់​ឬវិសោធនកម្មច្បាប់ណាមួយ គេត្រូវ​សិក្សានិងមានការគំាទ្រពីប្រជាពលរដ្ឋ ពោលត្រូវ​គិតប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិជាធំ ជាជាងគិតតែផលប្រយោជន៍បុគ្គល បក្សពួក និងគ្រួសារនិយមជាដើម។

ករណីនេះលោក ហុង គឹមសួន យល់ថា គណបក្សកាន់​អំណាច​មិន​ចំាបាច់​កែប្រែមាត្រាមួយចំនួន​នៅក្នុង​ច្បាប់ស្តីពីគណបក្សនយោបាយនោះទេ ដោយថាបើតុលាការឯក​រាជ្យគួរតែយកច្បាប់​ព្រហ្មទណ្ឌ​ដែល​មាន​ស្រាប់ទៅអនុវត្តប្រសើរជាង។ លោកពន្យល់ថា ​«ការដឹកនាំប្រទេសតែម្នាក់ឯង ឬក៏បក្សពួកឯង វាអត់​មាន​ទៅ​ជាសេរី​ពហុបក្ស​ ដោយយកលេសអំពីរឿងធ្វើយ៉ាងម៉េចឲ្យឃើញថាមនុស្សខុស ឬក៏អ្នក​ទំាង​នោះ​មិន​អាច​ដឹក​នាំ​បាន ច្បាប់យើងមាន បើអ្នកណាធ្វើខុសដាក់ទោស ឬដាក់ទណ្ឌកម្មទៅអ្នកនោះទៅ ឲ្យតែ​តុលា​ការ​ពិតជាឯករា​ជ្យ​ ការគោរពច្បាប់ គោរពសេរីភាព សិទ្ធិមនុស្ស ឲ្យតែវាត្រឹមត្រូវ​»។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ លើកឡើងថា អ្វីដែលលោក ហ៊ុន សែន ចង់​​ឲ្យធ្វើ​វិសោធនកម្មច្បាប់ នៅពេលនេះ លោកវិភាគថា អាចជាការច​ង់ផ្តួលគូប្រគួតរបស់ខ្លួន​ ​តា​មរយៈ អំណាច​​តុលា​ការ និងអំណាចសភា ។

ប៉ុន្តែលោកថាវិធានការនេះ បើអ្នកនយោបាយមិនចុះសម្រុងគ្នា លោកថា ផលប៉ះពាល់ពីជម្លោះនេះ នឹង​ធ្លាក់​ទៅ​លើ​ប្រ​ជា​ព​លរដ្ឋ និងប្រ​ទេស​ជាតិ​ទាំងមូល។

លោកថា៖ «ករណីថាអស់លាក់ ធ្វើមិនបានតាំងពីការចាប់លោក សម រង្ស៊ី ការចាប់ដៃលោក សម រង្ស៊ី សង្កាត់ទាំងពីរចូលមកចាប់ដៃលោក កឹម សុខា ។ហើយមកដល់ពេលនេះអស់ខ្យល់មែនទែន គឺប្រើវិធីនយោ​បាយឈ្នៀ​នីស ដើម្បីសង្កត់អ្នកទាំងពីរ ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា ហើយមកដ​ល់ពេលនេះ​កាន់តែ​ធ្ងន់ធ្ងរមែនទែន គឺប្រើវិធីផ្លូវច្បាប់ដើម្បីខ្ទប់ដំណើរលោក សម រង្ស៊ី មិនឲ្យចូលស្រុកទៅទៀត»។

បើគិ​ត​ត្រឹម​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លោក សម រង្ស៊ី បាន​​ជា​ប់​ប​ណ្តឹ​ងយ៉ាងតិចចំនួន៥ទៀត ដែលភាគ​ច្រើ​ន បណ្តឹង​ទាំងនោះ ប្តឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប​​ណ្តឹងទាំងនោះ មានករណីរិះគន់ហ្វេសប៊ុក លោក ហ៊ុន សែន ការរិះគន់ថា រដ្ឋាភិបាលនៅពីក្រោយ កា​រ​បា​​ញ់សម្លាប់លោក កែម ឡី ការផ្សព្វផ្សាយសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៧៩ ការរិះគន់ប្រធានរដ្ឋសភា លោក ហេង សំរិន និ​​ង​​​សំណុំរឿងថ្មីចុងក្រោយនេះ គឺលោក ហ៊ុន សែន បានប្តឹងពី​​ប​ទបរិហាកេរ្តិ៍ដោយទា​​​រ​​​សំ​ណងជម្ងឺចិត្ត១លានដុល្លារ ទាក់ទិននឹងលោក សម រង្ស៊ី និយាយ​តាមឯកសា​បែកធ្លា​យមួយ​ថា លោ​​​​ក ហ៊ុ​​ន សែន សន្យាផ្តល់លុយឲ្យកញ្ញា ធី សុវណ្ណថា ១លានដុល្លារ សម្រាប់រៀបគ​ម្រោង​បំបែក​បំ​បាក់​ប​ក្ស​​ប្រឆាំង​។ ប៉ុន្តែគណបក្ស​សង្រ្គោះ​ជាតិ​ចាត់​ទុក​ករណី​ទាំងអស់​នេះ​ជា​រឿង​នយោ​បាយ។

លោក ហ៊ុន សែន នៅ​តែ​មានប្រសាសន៍​ដដែល​ថា ហាម​មិន​ឲ្យ​អ្នក​មាន​ទោសធ្វើ​ជា​ប្រធាន និង​អនុ​ប្រធាន​​គណបក្ស​នយោបាយនោះទេ​។ ចំណែក​លោក សម រង្ស៊ី យល់ថាសម្តី​របស់​លោក ហ៊ុន សែន ​កំពុង​ភ័យ​ស្លន់ស្លោ​ខ្លាច​ចាញ់​ឆ្នោតឆ្នាំ២០១៨ខាងមុខ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ