អ្នកវិភាគ៖ សារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ជួយពង្រឹងអភិបាលកិច្ច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

អ្នកវិភាគមួយចំនួនបង្ហាញទស្សនៈប្រហាក់ប្រហែលគ្នាទៅលើសារនយោបាយមួយឃ្លាដែលថា «ដូរមេ​​ឃុំ​ប​​ម្រើ​​បក្ស ដាក់មេឃុំបម្រើរាស្ត្រ» នោះពួកគេថាជាសារជំរុញឲ្យមានអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន តាមរយៈការជាប់ជា​មេ​ឃុំ​ឬចៅស​ង្កាត់ ដែលបម្រើរាស្ត្រពិតប្រាកដ។

នៅពេលថ្មីៗនេះ គណបក្សសង្គ្រោះជាតិបានប្រកាសគោលនយោបាយជាអទិភាព៥ចំនុច សម្រាប់ឃោ​ស​នារក​សំ​ឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាតនាពេលខាងមុខ ក្នុងនោះមានទាំងពាក្យថា «ដូ​រមេឃុំ​ប​​ម្រើ​បក្ស ដាក់មេឃុំបម្រើរាស្ត្រ»។

ប៉ុន្តែសារនយោបាយមួយឃ្លានេះ ត្រូវបានគណបក្សប្រជាជនព្រមានប្តឹង បើបក្សប្រឆាំងមិនព្រមកែតម្រូវ ដោ​យ​ចាត់ទុ​កថា ជាសារនយោបាយមានរូបភាពញុះញង់ បង្កហេតុ និងប្រមាថដល់​មន្ត្រីឃុំសង្កា​ត់នៅ​ទូ​ទាំង​​ប្រទេស ដោយថាពួកគេកំពុងបម្រើពលរដ្ឋគ្រប់និន្នាការគ្មានការរើសអើង។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថាសារនយោបាយដែលសរសេរថា ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រនោះ លោកថាហាក់មិនបានសំដៅ​ដល់មេឃុំគ​ណបក្ស​ណាមួយទេ ដោយសារបក្សប្រឆាំងក៏មានមេឃុំនិងចៅសង្កាត់ដែរ​។ លោកថា តែផ្ទុយទៅវិញសារនយោ​បាយនោះបានជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិបង្កើនការយកចិត្តទុក្ខដាក់បម្រើពលរដ្ឋទៅវិញទេ ដើម្បីបា​នជាប់ជាមេឃុំ។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថាសារនយោបាយនេះអាចចាក់ចំបេះ​ដូងបក្សកា​ន់អំណា​ចដែ​ល​មានអា​សនៈ​មេឃុំច្រើនជាង។

លោកថា៖ «ពាក្យស្លោកហ្នឹងវាហាក់មិនចំត្រង់ចំនុចណាដែលថា វាញុះញង់វាអុចអាលឬក៏វាទៅរំខាន​អ្នកនយោ​​បាយមួយ​ផ្សេងទៀតទេ។ អានេះវាគ្រាន់តែជាការលើកទឹកចិត្តសម្រាប់មេឃុំដែលជាប់ឆ្នោត​ហ្នឹង ឲ្យគិ​​តប្រយោជន៍ប្រជាពលរដ្ឋហ្នឹងជាធំ កុំគិតពីប្រយោជន៍ប​ក្ខពួក។​ ដូច្នេះបើសិនជា​មេឃុំណា​មិនគិ​តបម្រើពលរដ្ឋជាធំទេ អាហ្នឹងពលរដ្ឋមិនបោះឆ្នោតឲ្យ​។ អានេះជាយ​ន្តការមួយ​ជួយដល់សេចក្តីត្រុវការឬជាបំណងរបស់ពល​រដ្ឋ។​ អញ្ចឹងបើចង់ឲ្យ​ដូរពាក្យហ្នឹង​ វាប៉ះពាល់ដ​ល់​សេចក្តី​ត្រូវការរបស់ប្រជាពលរដ្ឋទៅវិញ​ទេ។ ហើយប្រសិ​នបើគណ​បក្សបក្សប្រជា​ជនរៀបចំយ​ន្តការនេះ​ប្តឹ​ងផ្ត​ល់ជាមួយគណបក្សសង្គ្រោះជាតិមែន អាហ្នឹងយើងឃើញថា បញ្ហានេះជាការខាត់របស់គ​ណ​ប​ក្សប្រជា​ជន ក្នុងការដណ្តើមប្រជាប្រិយភាពនិងរងផលប៉ះពាល់កាន់តែធ្ងន់ទៅវិញទេ។ នេះបើតាមទ​ស្សនៈដែ​លខ្ញុំគិត»។

អ្នកស្រា​វជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី អះអាងថាទាំងមេឃុំគណបក្សប្រឆាំង ទាំងមេឃុំបក្សកាន់អំណាច លោកថា ពួកគេតែងធ្វើការបម្រើបក្សជាធំដូចគ្នា។ ប៉ុន្តែលោកថា សារនយោ​បាយ​​ថា ​«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» លោកវិភាគថា ហាក់បានជំរុញឲ្យអ្នកនយោបាយ បន្តពង្រឹ​ងប្រសិទ្ធភាពការងារនៅថ្នាក់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់ពលរដ្ឋកាន់តែច្រើន ដើម្បីទាក់ទាញសំឡេង​គាំទ្រពេលបោះឆ្នោ​ត។ ប៉ុន្តែ​លោក​វិភាគថា ជាការខាតទៅវិញទេ បើអ្នកនយោបា​យណា​មិនបានធ្វើការបំពេញតម្រូវការពលរដ្ឋ ហើយ​បែរជា​បង្កើតព្រឹត្តិការណ៏ដើម្បី​ប្រយោជន៍បក្សខ្លួនឯ​ងនោះ។

លោកថា៖ «នៅពេលដែលពលរដ្ឋចាប់ផ្តើមយល់ដឹងច្រើន ទទួលបានព័ត៌មានគ្រប់គ្រាន់ អ្នកនយោបា​យត្រូវតែ​​មានការប្រុងប្រយ័ត្នជាងមុន អាហ្នឹងបានអាចទាក់ទាញទឹកចិត្តនិងបេះដូងគាត់បាន ប៉ុន្តែបើគា​ត់​នូ​វ​តែ​គិតថាពលរដ្ឋមិនដឹងអីទេ ការធ្វើឡើងបែបហ្នឹងដោយសារតែមានអ្នកញុះញង់អីអញ្ចឹងទៅ អាហ្នឹ​ងខ្ញុំគិ​ត​ថា អ្នកនយោបាយហ្នឹង បានដើរក្រោយពលរដ្ឋមួយជំហានធំហើយ»។

ទោះជាយ៉ាងណាមកដល់ពេលនេះ បក្សប្រឆាំងមិនទាន់ប្រកាសផ្លូវការពីការកែតម្រូវសារនយោ​បា​យនេះតាមការចង់បានរបស់បក្សកាន់អំណាចនៅឡើយទេ។

បើតា​មអ្ន​កវិភាគ ពាក្យដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រនេះ បានចាក់ចំបេះដូងពលរដ្ឋ ដែលថាពួ​កគេ​ចង់បានមន្ត្រីជួយដោះស្រាយបញ្ហាពលរដ្ឋ ច្រើនជាងមន្ត្រីធ្វើការបម្រើតែបក្ខពួកនិងគ្រួសារនិយម ហើ​យ​ថាបើបក្សកាន់អំណាចឈានទៅប្តឹងបក្សប្រឆាំង ពីសារនយោបាយនេះ ពួកគេព្រមានថា បក្សកា​ន់អណាច និងបន្តធាក់ចុះប្រជាប្រិយភាព ដោយពលរដ្ឋមើលឃើញថា អ្នកដែលចង់​ជំរុញឲ្យ​មន្ត្រីរបស់​ខ្លួន​បម្រើរាស្ត្រពិតប្រាកដ ត្រូវបានគេចាត់វិធានការច្បាប់ទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ