តុលាការមិនឲ្យអ្នករាយការណ៍ពិសេស UN ជួបលោក កឹម សុខា នៅពន្ធនាគារ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត

សាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដែលសុំជួបអតីតប្រធានគណបក្សប្រឆាំង ខណៈតុលាការកំពូលបើកសវនាការសុំនៅក្រៅឃុំនៅថ្ងៃនេះ។

ក្នុងលិខិតចុះថ្ងៃទី៧មីនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានច្រានចោលសំណើរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលសុំឲ្យលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានជួបជាមួយលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បូងឃ្មុំ នាថ្ងៃទី១០មីនាខាងមុខនេះ។

បើតាមលិខិតនោះ សាលាដំបូងរាជធានីភ្នំពេញលើកហេតុផលថា សំណុំរឿងលោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្ដុតាង ហើយថា មានតែក្រុមមេធាវី និងសមាជិកគ្រួសារប៉ុណ្ណោះ ដែលមានសិទ្ធិចូលសួរសុខទុក្ខ។

សំណើដែលត្រូវបានបដិសេធនេះ គឺស្ថិតក្នុងរបៀបវារៈរបស់លោកស្រី រ៉ូណា ស្មីត ដែលកំពុងមកបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ដើម្បីធ្វើរបាយការណ៍សិទ្ធិមនុស្ស ដាក់ជូនទៅអង្គការសហប្រជាជាតិនាខែកញ្ញាឆ្នាំ២០១៨។

មេធាវីម្នាក់ ដែលការពារឲ្យលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បង្ហាញការមិនពេញចិត្ត ចំពោះការសម្រេចបែបនេះរបស់តុលាការ។ អ្នកស្រីមានប្រសាសន៍ថា លោកស្រី រ៉ូណា ស្មីត គឺជាបេសកជនពិសេសតំណាងឲ្យអង្គការសហប្រជាជាតិ ហើយថា លោកស្រី ក៏មិនមែនជាភាគីក្នុងសំណុំរឿង ដែលនឹងធ្វើឲ្យប៉ះពាល់ដំណើរការនីតិវិធីតុលាការឡើយ។

អ្នកស្រីថា៖ «ខ្ញុំយល់ឃើញថា មិនគួរបដិសេធការស្នើសុំជួបរបស់គាត់ទេ ព្រោះទោះបីជាដំណើរការស៊ើបអង្កេតកំពុងបន្ដ មិនទាន់ចប់ ប៉ុន្ដែ លោកស្រី រ៉ូណា ស្មីត គាត់មានទៅពាក់ព័ន្ធអីក្នុងរឿងហ្នឹង។ គាត់គឺជាតំណាងរបស់អង្គការសហប្រជាជាតិ មិនគួរបដិសេធសិទ្ធិរបស់គាត់នោះទេ។ ការចុះទៅរបស់គាត់ តាមខ្ញុំយល់ឃើញ គឺថាមិនមានប៉ះពាល់ដល់នីតិវិធីនោះទេ ព្រោះអី គាត់មិនមែនជាភាគីពាក់ព័ន្ធក្នុងសំណុំរឿងនោះដែរ ហើយណាមួយគាត់ជាអ្នកឃ្លាំមើលការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា»

មន្ដ្រីស៊ើបអង្កេតនៃសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ទោះស្ថិតក្នុងដំណាក់កាលស៊ើបសួរក៏ដោយ ប៉ុន្ដែអាជ្ញាធរកម្ពុជា ក៏ដូចជា ស្ថាប័នតុលាការ គួរអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ បានជួបលោក កឹម សុខា ផង ព្រោះលោកស្រី រ៉ូណា ស្មីត មានភារៈកិច្ចពិសេស ចុះមកត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

លោកថា៖ «ច្បាប់យើង ហេតុផលហ្នឹង វាសមស្របហើយ ពីព្រោះវាស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ក៏ប៉ុន្ដែយើងត្រូវពិនិត្យមើលវិញ ក្នុងបរិបទនេះ បើសិនជាបេសកកម្មរបស់គាត់ចុះមកត្រួតពិនិត្យទៅលើបញ្ហាសិទ្ធិមនុស្ស ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយបើយើងចង់បញ្ជាក់ថា យើងមិនមានបញ្ហាអីរិតត្បិតទៅលើសេរីភាពទាំងអស់ហ្នឹង យើងគួរតែផ្ដល់សិទ្ធិឲ្យលោកស្រីផងដែរ ពីព្រោះលោកស្រីជាតំណាងពិសេសឲ្យអង្គការសហប្រជាជាតិ»

នៅព្រឹកថ្ងៃសុក្រនេះ តុលាការកំពូល បានបើកសវនាការលើសំណុំរឿងនៅក្រៅឃុំរបស់លោក កឹម សុខា ខណៈអតីត ប្រធាន គណបក្សសង្គ្រោះជាតិរូបនេះ បានជាប់ឃុំក្នុងពន្ធនាគារជាង៦ខែមកហើយ ចាប់តាំងពីសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣កញ្ញាឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ