ជប៉ុនជំរុញការបោះឆ្នោតត្រឹមត្រូវ ខណៈលោក ហ៊ុន សែន ថា គ្មានការជជែកពីបញ្ហានយោបាយ

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី៩ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 5:26 PM | នយោបាយ | 0 | 1545 រូបភាពពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ប្រមុខ​ការទូត​ជប៉ុន បាន​ជំរុញ​ទៅ​មេដឹកនាំ​កម្ពុជា ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​​មេដឹកនាំ​​កម្ពុជា​បញ្ជាក់​ថា ជម្លោះ​​នយោបាយ​កម្ពុជា មិន​ស្ថិត​​ក្នុង​របៀប​វារៈ​នៃ​ជំនួប​នោះ​ទេ​។

រដ្ឋ​មន្ត្រី​ការទូត​ជប៉ុន លោក តារ៉ូ កូណូ បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​ហិរញ្ញប្បទាន​សរុប​ជាង ៩០​លាន​ដុល្លារ។

ក្រៅ​ពី​នេះ ប្រមុខ​ការទូត​ជប៉ុន​រូប​នេះ ក៏​បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ផង​ដែរ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព​។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី និង​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News សុទ្ធ​តែ​អះ​អាង​ថា ប្រមុខ​ការទូត​ជប៉ុន មិន​បាន​លើក​ឡើង​ពី​​បញ្ហា​នយោបាយ​កម្ពុជា​​ជាមួយ​លោក​ ហ៊ុន សែន នោះ​ឡើយ។

ប៉ុន្តែ សារព័ត៌មាន​ជប៉ុន NHK បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក កូណូ បាន​ជំរុញ​ទៅ​លោក ហ៊ុន សែន ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ។

សារព័ត៌មាន​ជប៉ុន​មួយ​នេះ បាន​ដក​ស្រង់​សម្ដី​ប្រមុខ​ការទូត​ជប៉ុន ដែល​បាន​និយាយ​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ គួរតែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ត្រឹម​ត្រូវ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

ជាមួយ​គ្នានោះ​ដែរ លោក កូណូ បាន​ដក​ស្រង់​សម្ដី​លោក ហ៊ុន សែន ដែល​បាន​អះ​អាង​ប្រាប់​រូប​លោក​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ នឹង​មាន​លក្ខណៈ​សេរី និង​ត្រឹមត្រូវ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា កម្ពុជា​កំពុង​រៀប​ចំការបោះឆ្នោតឲ្យត្រឹមត្រូវ និងយុត្តិធម៌ ដោយថា ទោះជាពុំមាន​វត្តមាន​អតីត​បក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងជាមួយបក្សកាន់អំណាច​ក៏ដោយ។

លោកមានប្រសាសន៍ថា៖ «រឿងស្របច្បាប់ រឿងមិនស្របច្បាប់វាមិនអាស្រ័យទៅដោយអតីតបក្សប្រឆាំងដែលស្លាប់ទៅហើយនោះទេ។ ប្រជាធិបតេយ្យនៅកម្ពុជារស់ដោយសារប្រជាជនកម្ពុជា ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោត មិនមែនចំណុះទៅលើទណ្ឌិតសម រង្ស៊ី ដែលរត់ចោលស្រុកនោះទេ»

បើ​តាម​សារព័ត៌មាន​ដដែល​នេះ លោក កូណូ បាន​និយាយ​ថា ជប៉ុន​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ខណៈ​ដែល​បញ្ជាក់​ថា ជប៉ុន​ជាមិត្ត​យូរ​អង្វែង​ជាមួយ​កម្ពុជា និង​មិន​ចង់​ឃើញ​ប្រទេស​មួយ​នេះ​ ប្រឈម​មុខ​នឹង​ការ​រិះគ​ន់​នោះ​ឡើយ។

ទោះជាយ៉ាងណា ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ជប៉ុន​នៅ​កម្ពុជា​នេះ បាន​កើតឡើង​ចំ​ពេល​ដែល​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ នរោត្ដម សីហមុនី បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ។

នាយកប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើលការ​បោះ​ឆ្នោត​មួយ​ហៅកាត់ថា​ខុម​ហ្រ្វែល​ លោក គល់ បញ្ញា បានវិភាគក្នុង​វីដេអូឃ្លីប​បង្ហោះ​លើហ្វេស​ប៊ុក​លោកកាលពីថ្ងៃទី៣ ខែមេសានេះ​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ នឹង​ប្រឈម​មុខ​នឹង​ហានិភ័យ ប្រសិន​បើ​​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង ដោយ​ថា ពលរដ្ឋ​ភាគ​ច្រើន អាច​បោះ​បង់​ការ​បោះ​ឆ្នោត។

លោកវិភាគថា៖ «៤៥ភាគរយនៃអ្នកដែលបានទៅបោះឆ្នោត គេបានទៅគាំទ្រទៅគណបក្សប្រឆាំង ហើយបើសិនគណបក្សប្រឆាំងមិនបានចូលប្រកួតប្រជែងគឺជាហានិភ័យ ឬក៏ការប្រឈមដ៏ធំមួយដែលមិនបានលើកទឹកចិត្ត ជំរុញទឹកចិត្តឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតបាន»

នៅ​វិវាទ​នយោបាយ​​កម្ពុជា​ថ្មីៗ​នេះ ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នោះ រំពឹង​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ជួយ​សម្រប​សម្រួល​បញ្ចប់​ជម្លោះ​នយោបាយ​មួយ​នេះ ហើយ​អាច​ជួយ​ឲ្យ​កម្ពុជា​ងាក​ទៅ​ដើរ​លើ​ផ្លូវមួយ ដែល​សហគមន៍​អន្តរជាតិ​ហៅ​ថា គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required