កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងប្រារព្ធវេទិកាសេដ្ឋកិច្ចពិភពលោកថ្ងៃស្អែកនេះ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកថ្នាក់តំបន់មួយនៅក្នុងសប្ដាហ៍នេះ។

ក្នុងសន្និសីទសារព័ត៌មានស្ដីអំពី «វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានឆ្នាំ២០១៧ ទាក់ទងរបៀបវារៈ កម្មវិធី និងភ័ស្ដុភារ» នៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា កម្ពុជាមានមោទនភាព ដែលត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ដោយលោកថា នេះគឺបង្ហាញពីការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក Justin Wood ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក និងជាសមាជិកគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក បានគូសបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកនេះដើរតួនាទីជាអ្នកប្រមូលផ្តុំក្រុមមេដឹកនាំក្នុងវិស័យឧស្សាហកម្ម និងមេដឹកនាំរដ្ឋាភិបាលនានា និងជាអង្គការសម្របសម្រួលដល់វេទិកានានា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់នាពេលអនាគត។

លោកបន្ថែមថា វេទិកាសេដ្ឋកិច្ចពិភពលោកនេះ ក៏មានតួនាទីសម្របសម្រួលរវាងវិស័យឯកជន និងរដ្ឋផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មាន វេទិកាសេដ្ឋកិច្ចពិភពលោកដែលកម្ពុជាជាម្ចាស់ផ្ទះ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃពុធទី១០ ដល់ថ្ងៃសុក្រទី១២ ខែឧសភា ឆ្នាំ២០១៧។​ ក្នុងនោះក៏មានការអញ្ជើញចូលរួមរបស់ក្រុមមេដឹកនាំជាច្រើននាក់ ដូចជា ប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្កូ ឌូទើតេ នាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងមេដឹកនាំកំពូលក្នុងតំបន់ផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ