តំបន់ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុហ៍ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

តំបន់ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុហ៍ (រូបភាព៖ Facebook)

រដ្ឋាភិបាល​កម្ពុជា​និយាយ​ថា តំបន់​ប្រាសាទ​បុរាណ​សំបូរ​ព្រៃគុហ៍ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ហើយ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ធ្វើ​ឲ្យ​រមណីយដ្ឋាន​មួយ​នេះ ក្លាយ​ជាទី​តំបន់​ប្រវត្តិសាស្ត្រ​ទី​៣​របស់​កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។

ក្រសួង​ទេសចរណ៍ បាន​បង្ហោះ​សារ​នៅ​លើ​​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុហ៍ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភព​លោក​ហើយ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា នៅ​ទីក្រុង​ក្រាកូវ ប្រទេស​ប៉ូឡូញ។

ក្រសួង​ទេសចរណ៍​បាន​អះ​អាង​ដូច្នេះ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា កាល​ពី​ម៉ោង​ជាង ១១​យប់​មិញ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​អង្គការ​យូណេស្កូ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​កម្ពុជា​មួយ​នេះ ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក រួម​ជាមួយ​តំបន់​ប្រវត្តិសាស្ត្រ​​គូឡាស៊ូ​ នៅ​ក្នុង​ប្រទេស​​ចិន និង​ទីក្រុង​បុរាណ​​អាម៉ាដាបាដ នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុហ៍ បាន​ក្លាយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ទី​៣​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក បន្ទាប់​ពី​តំបន់​ប្រាសាទ​អង្គរត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ឆ្នាំ​២០០៨។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុហ៍ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ភាគ​កណ្ដាល​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ គឺ​ជា​អតីត​រាជ​ធានី​ឦសានបុរៈ​របស់​ប្រទេស​​កម្ពុជា​​នៅមុន​សម័យ​អង្គរ នៅ​ចន្លោះ​សតវត្សរ៍​ទី​៦ ដល់​សតវត្សរ៍​ទី៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ