ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​ប្រកាស​ទទួល​ខុស​ត្រូវ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​មន្ទីរ​ពេទ្យ​នៅ​​ប៉ាគីស្ថាន

(រូបភាពពី Reuters)

ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនៅថ្ងៃនេះបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្សយ៉ាងតិច៧០នាក់ និងបណ្ដាលឲ្យមនុស្សរាប់រយនាក់រងរបួស កាលពីថ្ងៃចន្ទម្សិលមិញ នៅពេលដែលអ្នកកាន់ទុក្ខជាច្រើននាក់បានជួបជុំគ្នានៅក្នុងមន្ទីរពេទ្យធំមួយក្នុងទីក្រុងហ្គេតតា។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ព័ត៌មានពីទីភ្នាក់ងារព័ត៌មាន Amag របស់ក្រុមរដ្ឋអ៊ីស្លាម។

បើតាម Reuters ក្រុមរដ្ឋអ៊ីស្លាមបានប្រកាសថា ជនអត្តឃាតម្នាក់មកពីក្រុមរដ្ឋអ៊ីស្លាមបានចុចគ្រាប់បែកបំផ្ទុះខ្លួនឯងនៅឯកន្លែងជួបជុំរបស់បុគ្គលិកក្រសួងយុត្តិធម៌និងស្ថានីយប៉ូលិសនៅទីក្រុងហ្គេតតា។

ចំណែកក្រុមបះបោរតាលីបង់ប៉ាគីស្ថានក៏បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះដែរ។

ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃម្សិលមិញបានផ្សាយថា មនុស្សយ៉ាងតិច៤៥នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅឯមន្ទីរពេទ្យនៅទីក្រុងហ្គេតតា ប៉ុន្តែសារព័ត៌មាន BBC របស់អង់គ្លេសបានផ្សាយថា តួលេខអ្នកស្លាប់បានកើនឡើងដល់៧០នាក់ ហើយអ្នករងរបួសមានរហូតដល់ទៅ១២០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ