អង្គការសង្គស៊ីវិលមួយចំនួនបង្ហាញការព្រួយបារម្ភថា វប្បធម៌ហៃអើ គាំទ្រសម្តីបែបហិង្សា ហាក់កំពុងយាយីមកលើវិស័យសិទ្ធិមនុស្ស ខណៈស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានការពារសម្តីរដ្ឋមន្ត្រីមួយរូបដែលនិយាយថានឹង «ប្រើគល់ឫស្សីវាយក្បាលក្រុមបាតុករ» នោះ ថាជាការក្រើនរំឭកឲ្យគោរពច្បាប់។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កែវ រ៉េមី កាលពីថ្ងៃអង្គារ បានបកស្រាយប្រាប់ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត ដូចនេះថា៖ «ចំនុចដែលសំខាន់បំផុតមិនមែនជាការគំរាមកំហែងទេ គ្រាន់តែជាការអប់រំមួយតាមផ្លូវច្បាប់។ ក៏ប៉ុន្តែគ្រាន់ថាពាក្យសម្តីរបស់គាត់វាបង្ហាញនូវរូបភាពមួយក្នុងវិស័យសិទ្ធិមនុស្ស»។
ប៉ុន្តែសម្រាប់ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា ហៅការបកស្រាយនេះថា ជាការបន្ទរតាមគ្នា ដើម្បីគេចចេញពីការទទួលខុសត្រូវ ក្នុងនាមជាស្ថាប័នឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។
លោកថា៖ «ពេលដែលគេមិនសប្បាយចិត្តរឿងអ្វីមួយ គេតវ៉ា ហើយយើងយកគល់ឫស្សីទៅវាយគេ អាហ្នឹងវារំលោភទៅលើធម្មនុញ្ញហើយ។ អញ្ចឹងបានខ្ញុំថាចង់បកស្រាយយ៉ាងម៉េចក៏ដោយ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលហ្នឹងគាត់ពិចារណាមកវិញថា ទី១ប្រជាពលរដ្ឋ គាត់មិនមែនល្ងង់ដូចអ្នកនយោបាយមួយចំនួនគិតនោះទេ តាមពិតប្រជាពលរដ្ឋគាត់យល់ច្បាស់ថាភាសាអ្វីជាភាសារអប់រំ ភាសារអ្វីជាភាសាគំរាម»។
លោក មឿន តុលា និយាយទៀតថា ការបកស្រាយបែបនេះ មិនបានជំរុញយន្តការគោរពសិទ្ធិមនុស្សតាមស្មារតីរដ្ឋធម្មនុញ្ញនោះទេ។ តែផ្ទុយទៅវិញ លោកថាស្ថាប័នការពារសិទ្ធិមនុស្ស របស់រដ្ឋាភិបាលមួយនេះ ហាក់ជួយលាក់បាំងវប្បធម៌បណ្តុះហិង្សា។
លោកថា៖ «យើងគួរគោរពរដ្ឋធម្មនុញ្ញយើងឲ្យបានភ្ជាប់ខ្ជាប់ខ្ជួនទាំងទង្វើដែលយើងធ្វើឡើងទាំងច្បាប់ផ្សេងៗដែលយើងអនុម័ត កុំឲ្យផ្ទុយទៅនឹងគោលការរដ្ឋធម្មនុញ្ញហ្នឹង។ ពីព្រោះរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ព្រោះបើកាលណាយើងរំលោភរដ្ឋធម្មនុញ្ញ យើងរំលោភទៅលើព្រះមហាក្សត្រហើយ ពីព្រោះព្រះមហាក្សត្រ ព្រះអង្គបានឡាយព្រះហស្តឲ្យប្រើប្រាស់»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា បានបង្ហាញការខកចិត្តទៅនឹងការបកស្រាយរបស់លោក កែវ រ៉េមី នេះ ដោយលោកថា ភាសាប្រើគល់ឫស្សីវាយលើអ្នកតវ៉ា លោកថាមិនមែនជាភាសាអប់រំមនុស្សឲ្យគោរពច្បាប់ ឬឲ្យមនុស្សចេះរស់នៅក្នុងសង្គម តាមបែបសង្គមប្រជាធិបតេយ្យទេ។ លោកចាត់ទុកថា ការបកស្រាយបែបនេះ ហាក់បង្ហាញថា វប្បធម៌ហៃអើ កំពុងយាយីវិស័យសិទ្ធិមនុស្សនៅកម្ពុជា។
លោកថា៖ «ពីព្រោះនៅក្នុងផ្លូវច្បាប់មិនមានការចែងណាមួយដែលមានទណ្ឌកម្ម ដូចដែលគាត់បានលើកឡើងនោះទេ។ អញ្ចឹងយើងថាសាររបៀបនេះ វាបង្ហាញអំពីបែបហិង្សាទៅវិញទេ ពីព្រោះគ្មាននរណាម្នាក់និយាយភាសារបែបនេះ ហើយថាជាភាសារដាស់តឿនទេ»។
លោក សឹង សែនករុណ ជំរុញឲ្យស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមួយនេះ គួរជំរុញទៅអាជ្ញាធរ ឲ្យគោរពរដ្ឋធម្មនុញ្ញនិងកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោយបាយ ឲ្យបានពេលលេញ ជាជាងនិយាយការពារ ហើយធ្វើមិនដឹងមិនឮពីការរំលោភបំពានសិទ្ធិមនុស្ស។
នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព បានបង្ហាញទស្សនមិនទទួលយកការបកស្រាយរបស់លោក កែវ រ៉េមី នេះដែរ ដោយលោកស្រីថា ភាសាអប់រំនិងភាសាគំរាម មានន័យខុសគ្នា។
លោកស្រី រស់ សុភាព លើកឡើងទៀតថា បើអ្នកនយោបាយនៅតែការពារគ្នា ដោយមិនហ៊ាននិយាយការពិតបែបនេះ លោកស្រីថា សាធារណជននឹងមើលឃើញថា ដំបងឫស្ស៊ី នៅតែជាឧបករណ៍មួយ ត្រូវបានអ្នកនយោបាយសម័យទំនើបនេះ យកមកប្រើប្រាស់ ដើម្បីធ្វើទារុណកម្មមនុស្ស ដូចរបបប៉ុលពតដែរ។
លោកស្រីថា៖ «ហើយវាក៏បានរំឭកប្រជាពលរដ្ឋ រំឭកសង្គមយើងឲ្យនឹកឃើញពីសម័យប៉ុលពត ដែលយើងអាចបង្ហាញពីសារជាតិថា យើងបានឆ្លងកាត់ពីសង្គមមួយ ដែលថាទោះបីយើងគ្មានអាវុធក្នុងការប្រើប្រាស់តាមវិទ្យាសាស្ត្រទំនើបបែបណាក៏ដោយ តែយើងនៅតែធ្វើទារុណកម្មមនុស្សបានដែរ តាមរយៈដំបងឫស្សីអីជាដើម ធ្វើឲ្យខ្ញុំព្រួយបារម្ភពីការប្រើអំពើហិង្សាតាំងពីសម័យនោះ រហូតបច្ចុប្បន្ន ទោះបីយើងមានតុលាការខ្មែរក្រហម»។
លោកស្រី រស់ សុភាព លើកឡើងទៀតថា ការបកស្រាយបែបនេះ នឹងធ្វើឲ្យសារធាណជន រឹតតែសង្ស័យនិងចោទជាសំនួរថា តើស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមួយនេះ បង្កើតឡើងដើម្បីអ្វីពិតប្រាកដ។
ទោះជាយ៉ាងណា លោក កែវ រ៉េមី បានការពារដែរថា សារនយោបាយដែល រងនូវការរិះគន់ថា បានគំរាមដល់សេរីភាបបញ្ចេញមតិនេះ លោកថាជាការបារម្ភ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ កុំឲ្យកម្ពុជាធ្លាក់ ក្នុងអណ្តាលភ្លើងសង្គ្រាម ដូចប្រទេសមួយចំនួន ដែលកើតចេញពីការតវ៉ានេះ។
ប៉ុន្តែសង្គមស៊ីវិល បានផ្តល់អនុសាសន៍ថា ដើម្បីទប់ស្កាត់កុំឲ្យប្រទេសកើតសង្គ្រាម ឬចលាចលសង្គម រដ្ឋាភិបាលត្រូវពន្យល់ពលរដ្ឋឲ្យយល់ពីសិទ្ធិធ្វើបាតុកម្ម ស្របតាមរដ្ឋធម្មនុញ្ញ មិនត្រូវប្រើសារគំរាម បង្ក្រាប ហើយភ្លេចគិតជំរុញយន្តការធានាយុត្តិធម៌សង្គមនោះទេ៕