អ្នកនយោបាយកម្ពុជាសារទលាយឡំនឹងការបារម្ភ ខណៈ ដូណាល់ ត្រាំ ឈ្នះឆ្នោត

អ្នកនយោបាយនៅកម្ពុជាមួយចំនួន បានសំដែងការអបអសារទ លាយឡំនឹងការបារម្ភ ខណៈមហាសេដ្ឋីអាមេរិកលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី៨ ខែវិច្ចិកា ម៉ោងនៅអាមេរិក។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអបអរសាទរជ័យជំនះរបស់លោក ដូណាល់ ត្រាំ  ហើយបានវាយប្រហារចំពោះអ្នកដែលបានរិះគន់លោកថា បានគាំទ្រជនផ្ដាច់ការ បន្ទាប់ពីលោកបានប្រកាសជំហរគាំទ្រលោក ដូណាល់ ត្រាំ នឹងធ្វើជាប្រធានាធិបតីអាមេរិក ដោយថាលោក ត្រាំ នឹងធ្វើឲ្យពិភពលោកមានសន្ដិភាព ព្រោះលោកជាអ្នកជំនួញ។ នេះ បើយោងតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន។

បើតាមហ្វេសប៊ុក លោក ហ៊ុន សែន សរសេរថា៖ «ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្តម មានមនុស្សមួយចំនួន បានចេញមកវាយប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការ ទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ»។

នៅថ្ងៃនេះដែរ លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងបានសរសេរលើហ្វេសប៊ុកចូលរួមអបអរជ័យជំនះ ដោយថាប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះនឹងបន្ដគោលនយោបាយឲ្យតម្លៃទៅលើសិទ្ធិ និងសេរីភាពរបស់មនុស្សបន្ដទៅទៀត។

លោកថា៖ «ជាពិសេសដែលខ្ញុំផ្ទាល់ធ្លាប់បានទទួលនូវកិច្ចសហប្រតិបត្តិការ តាំងពីខ្ញុំនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារហូតមកនោះ ប្រាកដជានឹងបន្តអោយកាន់តែកក់ក្តៅ និងរឹងមាំថែមទៀតជាមិនខានសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ សេរីភាពនៅប្រទេសកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ»។

យ៉ាងណាមិញ លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្រ្វែល សំដែងការបារម្ភថា ការឈ្នះឆ្នោតរបស់ ដូណាល់ ត្រាំ អាចមានផលប៉ះពាល់មួយចំនួននៅកម្ពុជា ដូចជាផ្នែកពាណិជ្ជកម្ម និងជំនួយដែលអាមេរិកផ្ដល់ដល់កម្ពុជា។

លោកថា៖ «គោលនយោបាយគាត់ ប្រហែលជាមិនគាំទ្រការជួយទៅអន្ដរជាតិទេ។ ជំនួយមួយចំនួនរបស់សហរដ្ឋអាមេរិក មកជួយប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ ប្រហែលជាមានផលប៉ះពាល់ហើយ»

លោក អ៊ូ វីរៈ ជាអ្នកវិភាគឯករាជ្យ បានឲ្យ VOD ដឹងថាលោកបារម្ភអំពីសន្ដិសុខពិភពលោក និងថានឹងមានការសើរើកិច្ចព្រមព្រៀងមួយចំនួនជាមួយកម្ពុជាក្នុងផ្នែកសេដ្ឋកិច្ច។

លោកថា៖ «វាអាចប៉ះពាល់ទីផ្សារផលិតផលកាត់ដេរពីកម្ពុជា ដែលអាមេរិកជាទីផ្សារធំជាងគេទាំងអស់។ ទី២ គឺទាក់ទងនឹងរឿងសន្ដិសុខ បើសិនជាលោក ដូណាល់ ត្រាំ នៅតែប្រធានបទចង់ឲ្យប្រទេសនីមួយៗ មានអាវុធនុយក្លេអ៊ែរ វាអាចប៉ះពាល់ទៅលើសន្ដិសុខពិភពលោក»

លោក មុត ចន្ថា អ្នកនយោបាយមកពីគណបក្សប្រឆាំងនៅកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកថា៖ «នយោបាយការបរទេសរបស់លោក ត្រាំ នឹងតឹងរ៉ឹង និងផ្តាច់ការ ដោយសារគណបក្សមានគាំទ្រពីយោធា និងសភា ទាំងពីរថ្នាក់។ ជាប្រវត្តិសាស្រ្ត ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ តែងតែប្រើកម្លាំងយោធាបង្រ្កាបប្រទេសប្រើអំណាចផ្តាច់ការ ដូចជា អ៊ីរ៉ាក់ លីបៀ ។ល។ ដូច្នេះ ប្រទេសឡាយណាដែលប្រើ ឬ និយមអំណាចយោធា ឬផ្តាច់ការ កុំទាន់សប្បាយចិត្ត»។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទើបតែបញ្ចប់ទៅនៅព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកា ម៉ោងនៅកម្ពុជានេះ។ ចំណែកលទ្ធផលនៃការបោះឆ្នោតបង្ហាញថាលោក ដូណាល់ត្រាំ បេក្ខជនមកពីគណបក្សសាធារណរដ្ឋ បានឈ្នះលើលោកស្រី ហ៊ីឡារី គ្លីតុន បេក្ខភាពមកពីបក្សប្រជាធិបតេយ្យ ដោយប្រតិភូចំនួន ២៧៩ ទល់នឹង ២១៨ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ