រដ្ឋាភិបាលបញ្ជាឲ្យមន្ត្រីធ្វើជាគំរូក្នុងការគោរពច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យរបួស បាត់បង់ជីវិត និង​ខូចខាតទ្រព្យសម្បត្តិ។

ក្រសួងមហាផ្ទៃបានចេញនូវបទបញ្ជាផ្ទៃក្នុងមួយចុះថ្ងៃទី ០៨ ខែ ធ្នូម្សិលមិញ ស្ដីពីការជំរុញ​ការអនុវត្តច្បាប់ស្ដីពី​ចរាចរណ៍​​ផ្លូវគោក ដោយក្រសួងមហាផ្ទៃលើកឡើងថា ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយការបាត់បង់ជីវិត រងរបួស និង ខូចខាតទ្រព្យសម្បត្តិ ដែលជាបញ្ហាប្រឈមចំពោះមុខ និង​យូរអង្វែង។

ក្នុងបទបញ្ជាផ្ទៃក្នុងនេះក្រសួងមហាផ្ទៃបានបញ្ជាឲ្យ​មន្រ្តីរាជការ ក្រោមឱវាទទាំងអស់ ត្រូវធ្វើជាគំរូក្នុង​ការ​គោរព​ប្រតិ​បត្តិ​ច្បា​​ប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមរយៈការអនុវត្តអនុវត្តឲ្យបាននូវប្រការដែលដាក់ចេញចំនួន ១២ ដូចជា ការ​ពាក់​​មួក​សុវត្ថិភាព​ជា​និច្ចទាំងអ្នកបើក និងអ្នករួមដំណើរតាមម៉ូតូ និង ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ចទាំង​អ្នក​បើកបរ និងអ្នករួមដំណើរខាងមុខតាមរយៈរថយន្តជាដើម​។

ជាមួយគ្នានោះដែរក្រសួងក៏បញ្ជាឲ្យមន្រ្តីទាំងអស់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ត្រូវមានបណ្ណ​សម្គាល់ និង​ផ្លាកលេខបំពាក់យានយន្ត មានបណ្ណបើកបរ និងបើកបរគោរពសិទ្ធិអាទិភាព គោរពភ្លើង ឬសញ្ញា​ចរា​ចរណ៍ និងបើកបរប្រកាន់ស្ដាំជានិច្ច។

ក្នុងបទបញ្ជាផ្ទៃក្នុងក្រសួងមិនអនុញាតឲ្យមន្រ្តីរាជការផ្ទុកអ្នកដំណើរឬ ទំនិញលើសច្បាប់កំណត់ ហាមបើកបរ​លើស​ល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនបត់ឬជែងគ្នាដោយប្រថុយប្រថាន មិនបើកក្នុង​ស្ថានភាពងងុយ ត្រូវបើកដោយប្រុងប្រយត្ន មានការយោគយល់អធ្យាស្រ័យ និង ជួយផ្សព្វផ្សាយអប់រំបន្តដល់​សមាជិកគ្រួសារ មិត្តភក្តិ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍។

ដើម្បីពង្រឹងការអនុវត្តក្រសួងមហាផ្ទៃក៏ជំរុញឲ្យថ្នាក់ដឹកនាំគ្រប់អង្គភាព ក្រោមឱវាទក្រសួង​មហាផ្ទៃ ចាត់ធ្វើការ​ត្រួត​ពិនិត្យជាប្រចាំថ្ងៃ នៅគ្រប់គោលដៅច្រកចេញចូលក្រសួង ឬអង្គភាព អំពី​សកម្មភាព​អនុវត្ត​របស់មន្រ្តីគ្រប់រូបនូវការ​ពាក់បួកសុវត្ថិភាព ការដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងការបំពាក់ផ្លាកលេខ ដើម្បីមានវិធានការអប់រំជាក់ស្ដែង និង ជូន​ដំណឹងជាបន្ទាន់ទៅសាម៉ីអង្គភាពក្នុងករណីល្មើសមិនរាងចាល ដើម្បីចាត់វិធានការរដ្ឋបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ