អ្នកជំនាញផ្នែកកសិកម្មជំរុញទៅរដ្ឋាភិបាលជាថ្មីទៀតឲ្យបោះទុនលើវិស័យស្រូវអង្ករឲ្យបាន១០០លានដុល្លារ ដោយថាកម្ពុជាទើបអាចផលិតអង្ករនាំទៅលក់នៅក្រៅប្រទេសបាន១លានតោន នៅឆ្នាំ២០១៧។
ការលើកឡើងនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលចេញរបាយការណ៍មួយនៅដើមខែមករានេះ បង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់ចុះពីចំនួនជាង ៨ម៉ឺនតោនកាលពីខែធ្នូ ឆ្នាំ២០១៥ មកនៅត្រឹមជាង ៦ម៉ឺនតោនប៉ុណ្ណោះ កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងមកនេះ ដោយបានថយចុះដល់ទៅជាង ៣០ភាគរយ។
អ្នកជំនាញផ្នែកកសិកម្ម និងជាអតីតប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា(CEDAC) លោក យ៉ង់ សំាងកុមារ មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវត្រៀមកញ្ចប់ថវិកាយ៉ាងតិច ១០០លានដុល្លារ សម្រាប់ផ្ដល់កម្ចីឥណទានទៅដល់អ្នកវិនិយោគស្រូវអង្ករ ដើម្បីយកទៅទិញស្រូវស្តុបទុក បង្កើតឡសម្ងួត និងបង្កើតឃ្លំាងនៅក្នុងសហគមន៍ ទើបអាចទទួលបានផលវិជ្ជមានស្របតាមគោលនយោបាយរដ្ឋាភិបាល នាំអង្ករឲ្យបាន១លានតោនក្នុងឆ្នាំ២០១៧៖ «មិនមែនមានន័យថាយកទៅឲ្យកសិករខ្ចីផ្ទាល់ទេ ទីមួយ យើងយកទៅសម្រាប់អ្នករកស៊ីស្រូវអង្ករ មានម៉ាស៊ីនកិនស្រូវ មានក្រុមហ៊ុននាំអង្ករចេញ ទីពីរទៅឲ្យសហគមន៍កសិករដែលគាត់ចងក្រងគ្នាជាសហគមន៍ យកមកប្រើប្រាស់ក្នុងការធ្វើឃ្លាំង ធ្វើកន្លែងសម្ងួត យកមកប្រើប្រាស់ក្នុងការទិញស្រូវស្តុបទុក»។
លើសពីនេះទៀត លោក យ៉ង់ សំាងកុមារ បញ្ជាក់ថា ក្រោយពីបោះទុន រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឲ្យការទិញស្រូវពីប្រជាកសិករ ក្នុងតម្លៃមួយ ស្របតាមទីផ្សារ ជាជាងឲ្យតម្លៃទាប ធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយនាំអង្ករលក់នៅក្រៅប្រទេស។
បញ្ហាស្រូវអង្ករនេះ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ កសិករប្រមាណ១ពាន់នាក់នៅខេត្តបាត់ដំបងបាននាំគ្នាចាក់ស្រូវប្រមាណ៣០០គីឡូក្រាមបិទផ្លូវជាតិលេខ៥ ដើម្បីតវ៉ាទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគេផងដែរ។
ក្រោយមក រដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់២៧លានដុល្លារ ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែទឹកប្រាក់នោះនៅតែមិនអាចដោះស្រាយបាន លោក ហ៊ុន សែន ក៏បានប្រកាសថា នឹងខ្ចីលុយប្រទេសចិន៣០០លានដុល្លារបន្ថែមទៀត សម្រាប់ដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះឲ្យបានប្រសើរឡើងវិញ។ យ៉ាងណាក៏ដោយលោក ហ៊ុន សែន ថាតម្លៃស្រូវធ្លាក់ថ្លៃ ដោយសារកត្កាបញ្ហាទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ហើយណាមួយឆ្នាំ២០១៦ ការផលិតផលស្រូវមានការកើនឡើងខ្ពស់ បើធៀបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ហ៊ាន វណ្ណហន មានប្រសាសន៍ថា នៅឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានពិនិត្យឯកសារគោលនយោបាយចាស់របស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រនាំអង្ករលក់នៅក្រៅប្រទេសឲ្យបាន១លានតោនក្នុង១ឆ្នាំ ឆ្នាំ២០១៥ និងបន្ថែមខ្លឹមសារមួយចំនួន ដើម្បីស្នើទៅរដ្ឋាភិបាលឲ្យអនុម័តនាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីខ្លឹមសារនៅក្នុងលិខិតនោះទេ ដោយថាមិនទាន់បានអានខ្លឹមសារលម្អិតនៅឡើយ៖ «ខ្ញុំគ្រាន់តែដឹងថា ការពិនិត្យកែនេះបានចប់សព្វគ្រប់ហើយ អាចអនុម័តនាពេលខាងមុខនេះ ហើយចំពោះខ្លឹមសារ ខ្ញុំអត់ទាន់បានឃើញដែរ គ្រាន់តែជាការចូលរួម ដល់ការបូកសរុប ដើម្បីបញ្ចប់គោលនយោបាយ ខ្ញុំអត់ទាន់បានដឹងខ្លឹមសារនេះនៅឡើយទេ»។
របាយការណ៍នាំចេញអង្ករកម្ពុជា ចេញដោយលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករកាលពីថ្ងៃទី០៥ ខែមករានេះ បង្ហាញថា កម្ពុជាបាននាំចេញអង្ករជាង ៥៤ម៉ឺន ២ពាន់តោន កាលពីឆ្នាំ២០១៦ ដោយមានកំណើនត្រឹម ០.៧ភាគរយប៉ុណ្ណោះ បើធៀបទៅនឹងតួលេខឆ្នាំ២០១៥ ដែលមានជាង ៥៣ម៉ឺនតោន។
តួលេខនៃការនាំចេញអង្កររបស់កម្ពុជា បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៥កន្លងមក។ ប៉ុន្តែ ប្រទេសនេះ មិនអាចសម្រេចគោលដៅរបស់ខ្លួនដែលចង់នាំចេញអង្ករឲ្យបាន ១លានតោន នៅត្រឹមឆ្នាំ២០១៥និង២០១៦កន្លងមកនោះឡើយ៕