លោកគឹម សុខចោទថា អនុរក្សពន្ធនាគារទាត់ធាក់រូបលោក​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨​ ម៉ោង 4:10 PM | នយោបាយ | 0 | 3417 ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ

អ្នកឃ្លាំមើល និង អត្ថាធិប្បាយបញ្ហាសង្គម លោក គឹម សុខ ដែលកំពុងជាប់ឃុំ​អះអាងថា មន្ត្រីអនុរក្សពន្ធនាគារព្រៃសចំនួន​២នាក់បានវាយ និង​ទាត់ធាក់ រូបលោក ដោយសារតែលោកទាមទារ អានកាសែត  និងសៀវភៅ  ប៉ុន្តែមន្ត្រីទាំងនោះមិនព្រមក៏ផ្ទុះហិង្សាឡើង។​

នៅក្នុងបន្ទប់សវនាការតុលាការកំពូលនៅថ្ងៃនេះ លោក គឹម សុខ ថ្លែងប្រាប់ចៅក្រមថា លោកចង់អានព័ត៌មាន​ និង សៀវភៅដើម្បីទទួលបានដំណឹងថ្មីៗ និង ចំណេះដឹងបន្ថែម ប៉ុន្តែត្រូវបានរឹតត្បិតដោយមន្ត្រីអនុរក្សទាំងនោះ។​

លោកគឹម សុខ ថ្លែងថា ការវាយដំ និង ទាត់ធាក់រូបលោក ពីសំណាក់មន្ត្រីអនុរក្ស​ ទើបតែកើតមានឡើងនៅពេលថ្មីៗនេះ។

លោកថ្លែងថា៖«នៅក្នុងពន្ធនាគារ គេមិនអនុញ្ញាតឲ្យយកឯកសារចូល។ គេមិនឲ្យអាន​សៀវភៅ កាសែត ឬ​កាន់ប៊ិច សរសេរអ្វីទេ។​ ពេលនោះមន្ត្រីឈ្មោះណាត វណ្ណៈ  និងមន្ត្រីម្នាក់ទៀតបានធាក់និង វាយខ្ញុំ​»

ពេលនោះប្រធានក្រុមប្រឹក្សាជុំនុំជម្រះ លោកស្រី គឹម សត្ថាវី បានកាត់មិនឲ្យលោក គឹម សុខ រៀបរាប់បន្ត ដោយថា តុលាការមិនមានសមត្ថកិច្ចក្នុងករណីនេះទេ ហើយឲ្យលោកគឹម សុខ ប្តឹងទៅកាន់ក្រសួងមហាផ្ទៃវិញ។​

មេធាវីការពារលោក គឹម សុខ គឺ​លោកជួង ជូងី ថ្លែងថា  ការមិនឲ្យអានសៀវភៅនិង កាសែតនោះកើតមានយូរហើយ ប៉ុន្តែចំពោះការវាយដំលោកទើបតែដឹង។ លោកថា នឹងពិភាក្សាជាមួយលោក គឹម សុខ ដើម្បីប្តឹងករណីនេះ។ លោកថា៖«ខ្ញុំនឹងទៅជួបគាត់នៅពន្ធនាគារនៅពេលឆាប់ៗនេះ ដើម្បីពិភាក្សាជាមួយពីបញ្ហានេះ»។

អ្នកនាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃលោក សន កែវ មានប្រសាសន៍ថា នៅពន្ធនាគារ មិនបានហាមការអានកាសែត និង សៀវភៅទេផ្ទុយទៅវិញមានតែការជំរុញលើកទឹកចិត្តឲ្យអាន​។ ចំណែកអំពើហិង្សាលោកថា មិនអនុញ្ញាតឲ្យមានទេ ហើយថា លោកនឹងស្រាវជ្រាវករណីនេះ។

លោកថ្លែងថា៖ ​​«ចំពោះការលើកឡើងរបស់គាត់វាជាការលើកឡើង ជា​សិ​​ទ្ធិរបស់គាត់ ហើយយើង​អត់ទាន់ដឹងថា ការលើកឡើងនោះត្រឹមត្រូវ ឬ មិនត្រឹមត្រូវនៅឡើយទេ គ្រាន់តែជាការលើកឡើងម្ខាង  ហើយសម្រាប់ខ្ញុំ ! ខ្ញុំនឹងពាំនាំព័ត៌មាននេះជូនថ្នាក់ដឹកនាំ ដើម្បីមានវិធានការដោះស្រាយ។ ជាទូទៅពេលមានព័ត៌មានយើងនឹងធ្វើការស៊ើបមើល ​ថាវាយ៉ាងម៉េច ពិត ឬមិនពិត យ៉ាងម៉េច ហើយព័ត៌មាននេះ ខ្ញុំមិនទាន់ជឿថាមានការវាយដំទេ» ។

សវនាការនៅតុលាការកំពូល នៅព្រឹកនេះ  មិនមានវត្តមានលោក ជូង ជូងី ទេ ដោយលោកថា មិនបានទទួលលិខិតអញ្ជើញពីតុលាការ។​ ប៉ុន្តែក្នុងសវនាការនេះមានវត្តមាន​លោកគី តិចមេធាវីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​។​

អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោត មិនទាន់អាចសុំការឆ្លើយតបចំពោះការលើកឡើងរបស់លោក​ជួង ជូងី បានទេ ដោយលោកមិនលើកទូរសព្ទ។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្តឹងលោក គឹម សុខ  បន្ទាប់ពីលោក​គឹម សុខ អត្ថាធិប្បាយតាមវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជាជាអ្នកស្លាប់លោកកែម ឡី និង ត្រៀមខ្លួនប្លន់អំណាច។​ លុះដល់ថ្ងៃទី១០ខែសីហា សាលាដំបូងសម្រេចឲ្យលោក​គឹម សុខ ជាប់ពន្ធនាគារ១៨ខែ និង សងប្រាក់ជំងឺចិត្តដល់លោក ហ៊ុន សែន ៨០០លានរៀល ឬស្មើនឹង ២០ម៉ឺនដុល្លារ។

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required