ក្រុមប្រឹក្សាធម្មនុញ្ញបន្តច្រាលចោលសំណើសុំឲ្យលុបឈ្មោះវៀតណាម១៩នាក់នៅស្ទឹងត្រែង

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានច្រាលចោលបណ្ដឹងរបស់គណបក្សប្រឆាំង ដោយសម្រេចបិទផ្លូវតវ៉ាមិនឲ្យលុបឈ្មោះជនជាតិវៀតណាមជិត២០នាក់នៅខេត្តស្ទឹងត្រែង។

នៅក្នុងសេចក្ដីប្រកាសចុះថ្ងៃទី៩ ខែកុម្ភៈ ម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញបានច្រាលចោលសំណើសុំលុបឈ្មោះជនជាតិវៀតណាមចំនួន១៩នាក់ នៅសង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង តាមបណ្ដឹងសារទុក្ខរបស់តំណាងគណបក្សសង្គ្រោះជាតិ លោក ប្រាក់ ជីន ទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលនៅរក្សាទុកឈ្មោះជនបរទេសទាំងនោះ កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីប្រកាសនោះ តំណាងគណបក្សសង្គ្រោះជាតិលោក ប្រាក់ ជីន បានដាក់ពាក្យបណ្ដឹងចំនួន២៤ ដោយសុំលុបឈ្មោះជនជាតិវៀតណាម១៩នាក់ នៅក្រុមប្រឹក្សារដ្ឋធម្មនុញ ប៉ុន្ដែបណ្ដឹងទាំងនេះត្រូវបានទាត់ចោល។​

លោកមេធាវីការពារ ជូង ជូងី អះអាងថា ជនជាតិវៀតណាមទាំងនោះស្លៀកពាក់ និងនៅតែគោរពប្រពៃណីវៀតណាម ពួកគេមិនអាចបង្ហាញព្រះរាជ្យក្រឹត្យស្ដីពីការផ្ដល់សញ្ជាតិខ្មែរ និងថា ជនទាំងនោះមិនត្រូវបាន គ.ជ.ប កោះហៅឲ្យចូលបំភ្លឺនៅសវនាការ ដើម្បីសួរដេញដោលនោះទេ។

បើតាមសេចក្ដីប្រកាស ប្រធានក្រុមប្រឹក្សាធម្មនុញ្ញលោក អ៊ឹម ឈុនលឹម  លើកឡើងថា បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិធ្វើឡើង «ខុសនឹងគតិច្បាប់» និងថា ការសម្រេចរបស់ គ.ជ.ប មានមូលដ្ឋានត្រឹមត្រូវ ព្រោះ គ.ជ.ប ពុំមានសមត្ថកិច្ចបញ្ជាក់ពីអត្តសញ្ញាណរបស់ជនបរទេសឡើយ។

ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបិទផ្លូវតវ៉ា ដោយថា ពុំមានឯកសារ ឬភស្ដុតាងណាមួយ អាចឲ្យក្រុមប្រឹក្សាធម្មនុញបដិសេធសេចក្ដីសម្រេចរបស់ គ.ជ.ប បាននោះទេ។

កាលពីថ្ងៃទី២កុម្ភៈកន្លងទៅ ក្រុមប្រឹក្សាធម្មនុញ្ញក៏បានបដិសេធលុបឈ្មោះជនជាតិវៀតណាម១៥២នាក់ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ និងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចេញពីបញ្ជីបោះឆ្នោតផងដែរ។ ក្រុមប្រឹក្សាធម្មនុញ្ញបានលើកហេតុផលស្រដៀងគ្នាថា ការមិនលុបឈ្មោះម​នុស្សដែល​គេសង្ស័​យជាជនជាតិវៀតណា​មនោះ មិនអាចសំអាងត្រឹមតែថា ពួកគេនិយា​យភាសាខ្មែរមិនច្បាស់ ឬគ្មានឯកសារស្តីពីការចូលសញ្ជាតិនោះទេ។

កំឡុងបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង គណ​បក្ស​​​​ប្រឆាំងបានប្តឹងជំទាស់​សុំឲ្យលុប​ឈ្មោះមនុ​ស្ស​ប្រ​មា​​​ណ ២ ៥០០នាក់ នៅទូទាំងប្រទេស ដោយអះអាងថា អ្ន​ក​ទាំងនោះបាន​ប្រើអត្តស​ញ្ញាណប័ណ្ណ​សញ្ជា​​តិខ្មែរខុសប្រក្រតី ដើម្បីចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ គ.ជ.ប មិនបានលុបឈ្មោះ​មនុស្សណាម្នាក់ចេញពី​បញ្ជី​បោះ​​​ឆ្នោតទេ ដោយថា ការស្វែងរកការពិតនៃការចូលសញ្ជាតិ ជាតួនា​ទី​រប​ស់​ក្រ​​សួ​ង​​​មហា​ផ្ទៃ និងបានបើកផ្លូវឲ្យគណបក្សប្រឆាំងប្ដឹងបន្ដទៅក្រុមប្រឹក្សាធម្មនុញ្ញ។

អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល ធ្លាប់បានឲ្យ VOD ដឹងថា ជនអន្តោប្រវេសន៍រស់នៅកម្ពុជាមានប្រមាណជាង១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ គឺ ៩៩.៤៩ភាគរយ។ លោកមានប្រសាសន៍ថា ជនជាតិវៀតណាមចំនួនប្រមាណជាង៧ម៉ឺននាក់ បានកាន់កាប់ឯកសាររដ្ឋបាលខុសប្រក្រតី ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតអត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែន និងឯកសារដទៃទៀត។

លោក សុខ ផល ក៏បានស្នើឲ្យក្រសួងមហាផ្ទៃពិនិត្យលើជនអន្តោប្រវេសន៍ទាំងអស់ ដែលប្រើឯកសារមិនប្រក្រតីដោយត្រូវបញ្ជូនពួកគេទៅស្រុកកំណើតវិញ និងដើម្បីទប់ស្កាត់កុំឲ្យពួកគេប្រើឯកសារខុសប្រក្រតីនោះ ដើម្បីចុះឈ្មោះបោះឆ្នោត។

បើតាមក្រុមប្រឹក្សាធម្មនុញ គិតត្រឹមថ្ងៃទី៩ខែកុម្ភៈនេះ ក្រុមប្រឹក្សាធម្មនុញបានដោះស្រាយអស់បណ្ដឹង១១៣ហើយ ដោយបណ្ដឹងភាគច្រើនជារបស់គណបក្សសង្គ្រោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ