លោក ហ៊ុន សែន បង្ហើបថាកៀកថ្ងៃបោះឆ្នោតគ្រូបង្រៀននឹងត្រូវតម្លើងប្រាក់ខែជាង១០ម៉ឺនទៀត

លោក ហ៊ុន សែន នៅក្នុងពិធី​បញ្ចុះសីមាព្រះវិហារវត្តព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ នៅថ្ងៃទី៨កុម្ភៈនេះ (រូបថតហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តឌឺដងឲ្យបក្សប្រឆាំង ខណៈ​លោ​​ក​​​បង្ហើបថា​នៅកៀកថ្ងៃបោះ​ឆ្នោ​ត​​ខា​ងមុខនេះ ប្រាក់ខែគ្រូបង្រៀននឹងត្រូវតម្លើងជាង១​០ម៉ឺនរៀ​លប​ន្ថែ​ម​​ទៀត។

កា​របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺនៅ​ស​ល់​​​​​​​​តែ​​​ជា​​ង៤ខែទៀតប៉ុណ្ណោះ។

ពេលចុះជួបគ្រូបង្រៀនមួយចំនួន នៅខេត្តព្រៃវែង ព្រឹកថ្ងៃទី១០ កុម្ភៈនេះ លោក ហ៊ុន សែន បង្ហើប​ថានៅ​​ខែ​​​​មេ​សាខាងមុខ ប្រាក់ខែគ្រូបង្រៀនកម្រិតទាបបំផុត នឹងត្រូវតម្លើង១៥ម៉ឺនរៀលបន្ថែមទៀត ពោ​​ល​គឺត​ម្លើងពីជាង​៨០ម៉ឺន​ទៅ​៩៥​ម៉ឺន​រៀ​ល។

លោ​ក ហ៊ុន សែន បន្តបែបឌឺដង​ថា ប្រាក់ខែ​ដែលរដ្ឋាភិបាលតម្លើងរយៈពេល​​២ខែ​ខាងមុខទៀតនេះ លោកថា ជាលុយពិតនិ​ង​បានរំឭកគ្រូបង្រៀនថា ប្រ​យ័ត្ន​ចាញ់បោកអ្នកមកសន្យាខ្យល់។

លោកថា៖ «កាលពីមុន វា៨០ម៉ឺន៥០០រយ(៨០០៥០០រ) ដល់ទៅខែ៤(មេសា)​នេះឡើងដល់​៩៥ម៉ឺ​នទាបបំ​ផុត។​អា​នេះលុយមែនទែន មិនមែនលុយខ្យល់ទេ។ បន្តិចទៀតគេមកសន្យាលើហ្នឹងហើយ តិចទៅតា​ម​គេ​​ឡប់។ខ្ញុំជឿថាមិនតាមទេ ព្រោះអ្នកសន្យា គេពួកែណាស់មិនចេះអស់ខ្សល់ទេ»។

បើទោះបីជាលោក ហ៊ុន សែន សំណេះសំណាលជាមួយគ្រូបង្រៀនពេលនេះ មិនបញ្ចេញឈ្មោះអ្ន​កដែ​ល​លោ​​ក​ឌឺដងក៏ដោយ ក៏ប៉ុន្តែកាលពីអាណត្តិមុន គ​ណ​​បក្ស​សង្គ្រោះជាតិបានសន្យាថា​ បើខ្លួនឈ្នះ​ការបោះ​ឆ្នោត បា​ន​ឡើ​ងកា​ន់​អំណា​ច នឹងត​ម្លើង​ប្រាក់​ខែដល់​​មន្ត្រីរាជការ ទាបបំផុតឲ្យបានដល់១លានរៀលឬ​ស្មើ​នឹ​ង​២៥​០​ដុ​​ល្លារ ។

មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ លើកឡើងថា​គណបក្សប្រឆាំង​ស្វាគមន៍ទៅ​នឹងរាជរដ្ឋាភិបាលដែលបានប្រឹងប្រែងតម្លើ​ងប្រាក់ខែដល់មន្ត្រីរាជការនិងកងកម្លាំងប្រដា​ប់អាវុធនេះ។​ ប៉ុន្តែ​ហា​​ក់បា​​នឌីដងវិញថា តាមរយៈនយោបាយខ្យល់នេះ អាចនឹងជំរុញឲ្យរដ្ឋា​ភិបាលប្រឹ​ងប្រែងបន្ថែ​មទៀ​ត ពី​ការដោះស្រាយបញ្ហារបស់មន្ត្រីរាជការ។

លោកថា៖ «អញ្ចឹងយើងសង្ឃឹមថានយោបាយនេះ នឹងនៅតែជាខ្យល់មួយមានប្រសិទ្ធភាព ខ្យល់នេះនឹងនាំ​ឲ្យគណ​ប​ក្សទាំងអស់គិតពីជីវភាពរបស់ពលរដ្ឋរបស់ខ្លួន ហើយនឹងធ្វើម៉េចឲ្យ​ពួកគាត់​រស់នៅបា​នសមរម្យថ្លៃ​ថ្នូរ ។ ហើយបើគណបក្សប្រជាជនអាចបង្កើតបានលើសពី១លានឬ១លាន៥​សែនអី វារឹតតែ​ប្រសើ។ ​ព្រោះអ្វីជា​គោលនយោបាយយើង យើងបានប្រកាសតាំង២០១៣ ឥឡូវជិត៥ឆ្នាំហើយ វាអាច​ត្រូវឡើ​យ​លើសពីនោះ ដូច​នេះ​​បើរាជរដ្ឋាភិបាលឬគណបក្សដឹកនាំប្រទេសអា​ចតម្លើងដល់១លាន៥សែ​ន យើង​អបអរ​សា​ទរ»។

ប្រ​ធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី លើកឡើងថា ចំនួនទឹកប្រា​ក់ដែ​ល​លោ​ក ហ៊ុន សែន ប្រកាសតម្លើងពេលនេះ ​លោកស្រីថាគ្រាន់តែជាការជួ​យដោះបន្ទុកមួយផ្នែក​ដល់​គ្រូ​​បង្រៀន​ប៉ុណ្ណោះ ។ លោកស្រីថា ការតម្លើងនេះមិនទាន់ធា​​នា​បា​ន​ពីជី​វភាពរស់នៅសមរម្យរបស់លោកគ្រូ អ្នកគ្រូ​នៅឡើយទេ ដោយថា បើប្រៀ​បធៀបនឹ​ង​ត​ម្លៃ​​ទំនិញ​នៅលើ​​ទី​ផ្សារ។

លោ​ក​ស្រី អ៊ុក ឆាយ៉ាវី បន្តថាប្រាក់ខែឡើងដល់២លានរៀល ទើបអាចធ្វើឲ្យលោកគ្រូ​អ្នកគ្រូដែ​​ល​មាន​​ស​មា​ជិកគ្រូសារច្រើន រស់នៅបានសមរម្យបាន។

មន្ត្រីសង្គមស៊ីវិលរូបនោះជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀត ទៅលើជីវភាពលោកគ្រូបង្រៀ​ន ទាំង​អ្នកកំពុ​ង​បំ​​ពេ​ញការងារ និងអ្នកដែ​ល​បា​ន​​​​ចូ​​ល​និវត្តន៍ ដោយថាពួកគេទាំងនោះកំពុងប្រឈ​មនឹ​ងជី​វ​​ភា​ពរស់​​នៅ​ ដោយសារតែទទួលបាន​ប្រាក់​ឧបត្ថម្ភ​តិចតួច​ពីរដ្ឋាភិ​បា​ល។

លោកស្រីថា៖ «ក្នុងនាមគាត់ជាបញ្ញវន្ត គួរតែមានការលើកកម្ពស់ ហើយនឹងតម្លើងប្រាក់បៀវត្សដល់លោ​កគ្រូអ្ន​​កគ្រូដែលចូលនិវត្តនោះ កាន់តែឲ្យគាត់រស់នៅសមរម្យផង ហើយនឹងយើង​យកចិត្ត​ទុកដាក់ចំ​ពោះ​លោ​​កគ្រូអ្នកគ្រូដែលកំពុងតែបម្រើការហ្នឹងធ្វើម៉េចឲ្យប្រាក់បៀវត្សរបស់គាត់ហ្នឹងសាកសមនិងទំ​និ​ញទីផ្សារសព្វថ្ងៃនេះ»។

បើតាមសមាគមគ្រូបង្រៀន បច្ចុប្ប​ន្នមានជិត១២ម៉ឺននាក់ ពួកគេទទួលបានប្រាក់​ខែសរុប ទាំងរបប​កូន ​ប្រពន្ធ និងអត្ថប្រយោជន៍ផ្សេងទៀត ច្រើនបំផុតសម្រាប់គ្រូនៅមហាវិទ្យាល័យ បានជាង១លានរៀល និង​កម្រិ​​តទាបបំផុត នៅវិទ្យាល័យបានជាង៨០ម៉ឺនរៀល។

ចំនួនប្រាក់ខែដែលគ្រូទទួលបាននេះ សមាគម​ថាជាកម្រិ​​តទាបនៅឡើយ ធ្វើឲ្យជីវភាពពួកគេជាថ្នា​ល​បណ្តុះ​​​​ធ​នធា​នមនុ​ស្សដ៏សំខាន់មួយនេះ រស់នៅក្នុងស្ថានភាពលំបាកនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ