រដ្ឋាភិបាលប្រកាសរូបមន្តកំណត់តម្លៃលក់រាយប្រេងឥន្ធនៈឲ្យ​ក្រុមហ៊ុនគោរពតាម

រដ្ឋាភិបាលប្រកាសកំណត់រូបមន្តសម្រាប់គណនាថ្លៃលក់រាយប្រេងឥន្ធនៈ ដោយអះអាងថាដើម្បីឲ្យថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈឡើងចុះតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ហើយស្ថានីយដែលលក់លើសពីតម្លៃដែលបានកំណត់នោះនឹងត្រូវទទួលការផាកពិន័យ។

យោងតាមប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី៩ ខែមីនា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្មនឹងគណនារកថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាតាមរូបមន្តដែលក្រសួងបានកំណត់ និងចេញតម្លៃលក់រាយនោះជូនក្រុមហ៊ុនប្រេងឥន្ធនៈ៣ដងក្នុង១ខែ គឺនៅថ្ងៃទី១ ថ្ងៃទី១១ និងថ្ងៃទី២១ នៃខែនីមួយៗ។

ប្រកាសអន្តរក្រសួងបន្តថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ដែលលក់ប្រេងម៉ាស៊ូត ប្រេងសាំងធម្មតា និងប្រេងសាំងស៊ូពែ ត្រូវលក់តាមតម្លៃដែលក្រសួងបានកំណត់ ឬក្នុងតម្លៃប្រកួតប្រជែងមួយទាបជាងតម្លៃនោះ។ ចំពោះស្ថានីយណាដែលលក់លើសពីតម្លៃដែលបានកំណត់នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី៤លានរៀល ហើយករណីនៅតែបន្តល្មើសទៀត ស្ថានីយលក់រាយប្រេងឥន្ធនៈនោះអាចនឹងរងការឲ្យបិទផ្លាកប្រតិបត្តិការជាបណ្ដោះអាសន្ន។

ប្រកាសឲ្យដឹងដែរថា ដើម្បីរកតម្លៃលក់រាយប្រេងឥន្ធនៈក្នុងមួយលីត្រ គឺត្រូវយកមធ្យមភាគនៃផលិតផលប្រេងឥន្ធនៈលក់ដុំនៅប្រទេសសិង្ហបុរីដែលចេញផ្សាយដោយក្រុមហ៊ុន Platts (MOPS) បូកជាមួយតម្លៃពន្ធ និងអាករផ្សេងៗ និង Premium (ចំណាយទូទៅ ប្រាក់ចំណេញ និងពន្ធលើប្រាក់ចំណេញ)។

បើតាមតាមប្រកាសអន្តរក្រសួងដដែលនេះ តម្លៃ Premium ត្រូវបានកំណត់០,២៣ ដុល្លារក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតា និងប្រេងសាំងស៊ុបពែរ ចំណែកប្រេងម៉ាស៊ូតគឺ០,២៧ដុល្លារក្នុងមួយលីត្រ)។ ចំណែកពន្ធ និងអាករដែលត្រូវបញ្ចូលទៅក្នុងតម្លៃលក់រាយប្រេងឥន្ធនៈនោះរួមមាន ពន្ធ០,១៧១៧ (ក្នុងនោះមានពន្ធគយ ០,០៨៧៤ដុល្លារ អាករបន្ថែម ០,០២០០ដុល្លារ អាករពិសេស ០,០៦៧០ដុល្លារ) និងអាករលើតម្លៃបន្ថែម១០ភាគរយនៃតម្លៃMOPS តម្លៃPremium និងតម្លៃពន្ធ។

ក្រសួងក៏បានតម្រូវឲ្យមានការប្រជុំជាមួយក្រុមហ៊ុនប្រេងឥន្ធនៈរៀងរាល់៦ខែ ដើម្បីពិនិត្យឡើងវិញពីតម្លៃ Premium របស់ស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំណែករាល់ការចំណាយលើការទិញព័ត៌មាន MOPS ដែលលក់ដោយក្រុមហ៊ុននៅប្រទេសសិង្ហបុរីជាបន្ទុករបស់ក្រសួងពាណាជ្ជកម្ម។

វីអូឌី (VOD) មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កេន រដ្ឋា បាននៅឡើយទេ ដោយលោកអះអាងថាជាប់ប្រជុំ។ វីអូឌីក៏មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បាននៅឡើយទេ ដោយទូរស័ព្ទលោកមិនអាចទាក់ទងបាន។

អគ្គនាយករងក្រុមហ៊ុនភីធីធីលោក មិន មណីមាលា មានប្រសាសន៍ថា ក្រុមហ៊ុនលោកស្វាគមន៍ចំណាត់ការនេះដោយលោកថា វាអាចជំរុញឲ្យមានតម្លាភាពរវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ “ដើម្បីឲ្យតម្លាភាពរវាងអ្នកប្រើប្រាស់និងអ្នកលក់អ្នកទិញចឹងទៅណា! បាទហើយរដ្ឋាភិបាលក៏គាត់អាចមានតម្លាភាព ការកំណត់មួយអីចឹងទៅ កុំឲ្យចេះតែចោទគ្នាទៅវិញទៅមក ម៉េចដល់ពេលឡើងថ្លៃម៉េចបានឡើងលឿន ដល់ទៅពេលចុះម៉េចបានចុះយឺត។ បាទ ហ្នឹងជាសញ្ញាល្អ”

ទោះយ៉ាងណា លោក មិន មណីមាលា មានប្រសាសន៍ថា តម្លៃ Premium ដែលក្រសួងបានកំណត់ហាក់នៅទាប។ លោកឲ្យដឹងដែរថា ក្រសួងបានអញ្ជើញក្រុមហ៊ុនប្រេងឥន្ធនៈទៅជួបប្រជុំនៅថ្ងៃស្អែក ដើម្បីផ្សព្វផ្សាយ និងណែនាំពីការអនុវត្តប្រកាសអន្តរក្រសួងដែលបានចេញ។

យោងតាមតម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នតម្លៃប្រេងសាំងធម្មតាចន្លោះពី៣២០០រៀលទៅ៣៣៥០រៀលក្នុងមួយលីត្រ ប្រេងសាំងស៊ុបពែចន្លោះពី៣៤០០រៀលទៅ៣៦៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតពី២៧៥០រៀលទៅ៣១០០រៀលក្នុងមួយលីត្រ៕

រូបមន្ត និង​ការ​គណនា​ជា​ឧទាហរណ៍​រក​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ (សេចក្ដី​នៅ​ក្នុង​ប្រកាស​រួម​របស់​ក្រសួង​ទាំង​៣)
រូបមន្ត និង​ការ​គណនា​ជា​ឧទាហរណ៍​រក​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ (សេចក្ដី​នៅ​ក្នុង​ប្រកាស​រួម​របស់​ក្រសួង​ទាំង​៣)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ