តុលាការធម្មនុញ្ញសម្រេចដកលោកស្រី ប៉ាក ឃៀនហេ ចេញពីតំណែង​

តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងជាតុលាការខ្ពស់បំផុតបានសម្រេចនៅថ្ងៃសុក្រនេះ ដកលោកស្រី ប៉ាក ឃៀនហេ ពីតំណែងប្រធានាធិបតី ដោយចោទថាបានជាប់​ពាក់ព័ន្ធរឿងអាស្រូវនយោបាយ។​

ក្រោយការសម្រេចនេះ កូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅខែឧសភាខាងមុខ គឺក្រោយ៦០ថ្ងៃនៃការដកប្រធានាធិបតីពីតំណែង។​

លោកស្រី​​ ប៉ាក អាយុ៦៥ឆ្នាំ ត្រូវបានសភាបោះឆ្នោតដកតំណែងកាលពីខែធ្នូចុងឆ្នាំ២០១៦ ដោយចោទថា មានរឿងអាស្រូវ ពុករលួយ និង រំលោភអំណាចរដ្ឋ បន្ទាប់ពីការចោទមិត្តភ័ក្ររបស់លោកស្រី គឺលោកស្រី ឈ័រ ស៊ូនស៊ីលថា ដាក់សម្ពាធដល់អ្នកធ្វើជំនួញធំប្រើរូបភាពប្រធានាធិបតី​ ឲ្យបង់ប្រាក់វិភាគទានចូលមូលនិធិសប្បុរសធម៌ និងគាំទ្រសកម្មភាពនយោបាយ​។​

ការបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់សភានេះគឺធ្វើឡើង​ក្នុងសំឡេងចៅក្រម​៦ ក្នុងចំណោម​៨សំឡេង។ លោកស្រី​ ប៉ាក ឃៀនហេ ចាប់តាំងពីសភាបោះឆ្នោតដកតំណែងមក គឺតំណែងប្រធានាធិបតីមានតែឈ្មោះប៉ុណ្ណោះ ចំណែកអំណាចសម្រេចលើកិច្ចការរដ្ឋមិនមានទេ។​

ទោះយ៉ាងណា លោកស្រី ប៉ាក ឃឿន ហេ និង លោកស្រី ឈ័រ នៅតែបញ្ជាក់ថា ពួកគេមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។​

ក្នុងដំណើរការនៃការប្រកាសសេចក្តីសម្រេចរបស់តុកាលារធម្មនុញ្ញនេះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ទាំងគាំទ្រ និង ប្រឆាំងលោកស្រី ប៉ាក បានចេញដើរតវ៉ាលើផ្លូវ។​

ក្នុងករណីនេះ ក៏បានប៉ះពាល់ខ្លាំងដល់ ក្រុមហ៊ុន​ផលិតគ្រឿងអេឡិចត្រូនិចធំមួយរបស់កូរ៉េខាងត្បូងគឺក្រុមហ៊ុន​Samsung កំពុងជួបបញ្ហាដោយសារប្រធានប្រតិបត្តិសំខាន់៤នាក់ក៏ត្រូវបានតុលាការចាត់ការដែរ។​

លោកស្រី ប៉ាក ឃឿនហេ គឺជា កូនស្រីលោក ប៉ាកជុងហ៊ី អតីតមេដឹកនាំផ្តាច់ការនៅកូរ៉េខាងត្បូង។ លោកស្រីគឺជា ស្ត្រីទី១ដែលជាប់ឆ្នោតជា មេដឹកនាំកូរ៉េខាងត្បូង ឡើងកាន់តំណែងតាមការបោះឆ្នោតកាលពីឆ្នាំ២០១២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ