សង្គមស៊ីវិលអះអាងថានឹងបន្តធ្វើយុទ្ធនាការឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបើទោះបីរដ្ឋាភិបាលគំរាម

នាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃ​ចន្ទ

អ្នកធ្វើការលើកស្ទួយសិទ្ធិមនុស្សបានអះអាងថា ពួកគេនៅតែបន្តធ្វើយុទ្ធនាការដោយសន្តិវិធីនៅមុខពន្ធនាគារព្រៃសរៀងរាល់ថ្ងៃចន្ទប្រឆាំងនឹងការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស ខណៈដែលរដ្ឋាភិបាលនូវតែបន្តគំរាមចាត់វិធានការ។

កាលពីថ្ងៃចន្ទម្សិលមិញកម្លាំងចម្រុះបានចាប់ឃាត់ខ្លួនអ្នកធ្វើយុទ្ធនាការពាក់អាវខ្មៅយ៉ាងតិច៨នាក់ ក្នុងនោះមានទាំងមន្ត្រីការពារសិទ្ធិមនុស្សពីរូបផង ខណៈពួកគេគ្រោងជួបជុំគ្នាតវ៉ាដោយសន្តិវិធីនៅមុខពន្ធនាគារព្រៃសជំរុញឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤នាក់និងមន្ត្រីអគ្គលេខាធិរង គ.ជ.ប ម្នាក់ដែលរដ្ឋាភិបាលចាប់ឃុំខ្លួន។ ប៉ុន្តែអ្នកទាំង៨នោះត្រូវបានដោះលែងវិញនៅថ្ងៃដដែល។

អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្កេតនៅអង្គការលីកាដូលោក អំ សំអាត ឲ្យVODដឹងនៅថ្ងៃទី១០ខែឧសភានេះថា យុទ្ធនាការនោះនឹងនៅតែធ្វើដដែលរៀងរាល់ថ្ងៃចន្ទ។ ប៉ុន្តែលោកថា យុទ្ធនាករពាក់អាវពណ៌ខ្មៅស្ថិតក្នុងការពិចារណានៅឡើយ។

លោក អំ សំអាត បានហៅការចាប់ឃាត់ខ្លួនក្រុមអ្នកតវ៉ាទាំងនោះថាជាវិធានការរំលោភសិទ្ធិមនុស្ស ព្រោះថាការតវ៉ាដោយសន្តិវិធីគឺធានាដោយច្បាប់ជាតិនិងអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។

លោកថា៖ “ខ្ញុំមើលទៅស្ថានការណ៍សិទ្ធិមនុស្សក្រៅពីធ្លាក់ចុះជាបន្តបន្ទាប់ ស្ថានភាពចុងក្រោយនេះធ្លាក់ចុះធ្ងន់ធ្ងរមែនទែន ទាក់ទិននឹងការគោរពសិទ្ធិមនុស្ស។ អញ្ចឹងយើងអំពាវនាវឲ្យស្ថានការណ៍នៃការគោរពសិទ្ធិមនុស្សនេះមានការប្រសើរឡើងវិញជាពិសេសត្រូវចែកឲ្យដាច់ពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញដើម្បីធានាថាកម្ពុជាដែលជារដ្ឋភាគីនៃអនុសញ្ញានិងកតិកាសញ្ញាស្តីពីសិទ្ធិមនុស្សអន្តរជាតិហ្នឹងត្រូវបានធានានិងគោរពជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស”។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា លើកឡើងប្រហាក់ប្រហែលគ្នាដែរថា ការចាប់ឃាត់ខ្លួនមនុស្ស៨នាក់នោះលោកថា រដ្ឋាភិបាលបានរំលោកសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើល ខ្លឹមសារដ្ឋធម្មនុញ្ញឡើងវិញ ដើម្បីធានាថាវិធានការនានារបស់រដ្ឋាភិបាលធ្វើឡើងមិនបំពានច្បាប់។

លោកថា៖ “ខ្ញុំគិតថានៅក្នុងសង្គមប្រជាធិបតេយ្យមន្ត្រីរដ្ឋាភិបាលលោកតែងតែអះអាងថាយើងព្យាយាមជំរុញឲ្យមានប្រព័ន្ធនីតិរដ្ឋ ខ្ញុំគិតថាយើងគួរតែពិនិត្យមើលច្បាប់ទាំងអស់គ្នាកុំបំភ្លេចច្បាប់ចោល ហើយស្តាប់តែគោលការណ៍ពីមេណាស់ ដូចពាក្យគេលេងសើចថាអានច្បាប់តែស្តាប់គោលការណ៍មេ”។

មាត្រា៣៥នៃរដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយណារបស់ពលរដ្ឋត្រូវបានទទួលពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

មាត្រា៣៧ចែងថា សិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។ ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះណាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។

ចំណែក អាជ្ញាធអះអាងថាការចាប់ឃាត់ខ្លួនអ្នកតវ៉ានោះដោយសារអ្នកតវ៉ាមិនបានសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរដែនដីនិងចោទប្រកាន់ថាយុទ្ធនាការនោះជារូបភាពធ្វើបដិវត្តន៍ពណ៌ចង់ផ្តួលរំលំរដ្ឋាភិបាល។

ប៉ុន្តែសង្គមស៊ីវិលអះអាងថាការតស៊ូមតិដោយសន្តិវិធីច្បាប់មិនត្រូវឲ្យមានការសុំច្បាប់ទេ ពោលគឺគ្រាន់តែធ្វើលិខិតជូនដំណឹងតែប៉ុណ្ណោះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា វិភាគថាវិធានការរបស់រដ្ឋាភិបាលដែលបានទប់ស្កាត់ក្រុមអ្នកតវ៉ានោះ លោកថាជាហេតុផលនយោបាយច្រើនជាងការរក្សាសណ្តាប់ធ្នាប់។

លោកថា៖ “យើងនិយាយថា បើធ្វើនៅភ្នំពេញកកស្ទះចរាចរណ៍ ដល់នាំគ្នាទៅធ្វើនៅព្រៃសហើយចាប់ទៀត វាជាលក្ខណៈមួយផ្សេងបានន័យថាវាមិនផ្តោតលើសណ្តាប់ធ្នាប់អីប៉ុន្មាន ព្រោះអីនៅតំបន់នោះវាមិនសូវស្ទះចរាចរណ៍អីប៉ុន្មានទេ។ ប៉ុន្តែករណីនេះ យើងអាចរកឃើញអញ្ចេះវិញ សេរីភាពនៃការបច្ចេញមតិរបស់ពលរដ្ឋសង្គមប្រជាធិបតេយ្យ ត្រូវបានរឹតត្បិតត្រូវបានកាត់បន្ថយតាមរយៈច្បាប់ផងតាមរយៈអាជ្ញាធរផង។ ហេតុអីបានជាគេ(រដ្ឋាភិបាល)រឹតត្បិតព្រោះមានការព្រួយបារម្ភដែរ នៅពេលដែលសន្ទុះឬកម្លាំងខាងយុវជនខាងទាមទារសេរីភាព អង្គការក្រៅរដ្ឋាភិបាលគេទាមទារ នឹងមានការគាំទ្រពីអន្តរជាតិអញ្ចឹងធ្វើឲ្យកម្លាំងយុវជនឬរលកប្រជាធិបតេយ្យចេញពីស្រទាប់យុវជនអាចងើបឡើង”។

នៅព្រឹកថ្ងៃទី១០ខែឧសភានេះលោកនាយករដ្ឋមន្ត្រីបានព្រមានចំៗថា អ្នកដែលបំផុសឲ្យមានយុទ្ធនាការពាក់អាវពណ៌ខ្មៅនោះអាចប្រឈមនឹងមុខច្បាប់បើនៅបន្តសកម្មភាព។ លោកបានព្រលយពាក្យថារដ្ឋាភិបាលបានដឹងអ្នកដែលបានចេញលុយបោះពុម្ភអាវពណ៌ខ្មៅសម្រាប់ធ្វើយុទ្ធនាការនេះ។

លោកនាយករដ្ឋមន្ត្រីក៏បានបង្ហើបដែលថាការទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំងនោះដោយឥតលក្ខខណ្ឌ លោកថាមិនអាចទៅរួចទេលើកលែងតែសំនុំរឿងនោះផុតពីដៃតុលាការទើបរដ្ឋាភិបាលពិចារណាដោះលែងដោយស្នើទៅព្រះមហាក្សត្រ ។

លោក ហ៊ុន សែន បានរំឭកឲ្យក្រសួងមហាផ្ទៃត្រូវបន្តពិនិត្យមើលករណីនេះដែលលោកថាដើម្បីរក្សាស្ថេរភាពសណ្តាប់ធ្លាប់សង្គម។

ប៉ុន្តែសង្គមស៊ីវិលអះអាងថា ពលរដ្ឋពេលនេះបានដឹងពីរបត់នយោបាយដែលកំពុងកើតមាននៅកម្ពុជា។ ពួកគេថា ពលរដ្ឋទំនងជាចង់ផ្លាស់ប្តូរមេដឹកនាំតាមរយៈប្រើប្រាស់សន្លឹកឆ្នោតនៅឆ្នាំ២០១៧និង២០១៨ខាងមុខដោយមិនធ្វើឲ្យមានចលាចលដូចការភ័យខ្លាចរបស់រដ្ឋាភិបាលនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ