សុខ សោម៉ាវត្តី កាន់តែបើកចំហរស្នេហាជាមួយខ្សែប្រយុទ្ធ លី វ៉ាហេទ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 3:05 PM | កំសាន្ដ | 0 | 7900 សុខ សោម៉ាវត្តី និង លោក​ លី វ៉ាហេទ

នៅក្នុងពិភព​បាល់ទាល់ និង​​​​​​អ្នកសិល្បៈ​​ច្រើនឡើង ​បាន​​ទម្លាយពីទំនាក់ទំនងស្នេហារវាង​តារាសម្ដែង​ល្បីឈ្មោះអ្នកនាង​​​ សុខ សោម៉ាវត្តី និងខ្សែការពារ​ជម្រើសជាតិលោក​ លី វ៉ាហេទ បន្ទាប់ពីអ្នកនាងទាំង​ពីមានឱកាសថ​តរឿង ​​​​​​​«​​​ខូចចិត្តអាជីព» ​​​​​​ជាមួយគ្នា​កាលពីច្រើនខែមុន។ យ៉ាងណាមិញ អ្នកនាងថា​​​​ទំនាក់ទំនង​ស្និទ្និស្នាលជាមួយកីឡាកររូប​នេះ គឺ​គ្រាន់តែ​​ដើម្បី​ធ្វើឲ្យចាប់អារម្មណ៍ចំពោះ​ខ្សែភាព​យន្តដែលត្រៀម​ដាក់​បញ្ចាំង​ប៉ុណ្ណោះ ​បើទោះជា​ចម្លើយរបស់នាង​​​មិនឆ្លើយ​តប​ចំពោះ​សកម្មភាព ​និង​ការ​សារភាពរបស់​ភាគីខាង​ប្រុស។

លោក លី វ៉ាហេទ ​ដែលត្រូវគេស្គាល់ថាជាកីឡាករ​ល្បីឈ្មោះ​ម្នាក់​នៅក្នុង​ពិភព​បាល់ទាត់​បាន​​​អះអាងថា លោក និង​​អ្នកនាង​សុខ សោម៉ាវត្តី ពិតជា​កាន់តែ​ស្និទ្ធិស្នាល​គ្នា ដែល​អ្នកណា​ក៏មិន​ឃើញថា​មិនខុសពីគូស្នេហ៍​នឹង​គ្នាមែន តែ​​លោក​ប្រកាសថា​អ្វី​ៗ​នៅ​មិនទាន់​ប្រាកដ​នោះទេ​គឺ​​លុះត្រា​តែ​រង់ចាំ​ពេល​វេលា​​បន្ត​បន្ទាប់។

លោកថា​​ អ្នកនាង​​ជា​រៀមច្បង​ដែល​បាន​​​​​​បង្ហាត់​បង្ហាញ​​ខ្លួនឲ្យចេះសម្ដែង​​​​​​ក្នុង​ពេល​​​សម្ដែង​រឿងជាមួយ ហើយ​ឧស្សាហ៍ទៅណាមកណាជាមួយ​គ្នា​ទើប​​​​ទំនាក់ទំនង​​​ជិត​ស្និទ្ធិ​បានកើតមានឡើង ហើយ​​អាច​ចាត់ទុកថា​គឺជា​ជំហាន​នៃ​ការ​សិក្សា​ពីគ្នា​ទៅវិញ​ទៅមក។ យ៉ាងណាមិញ លោកថា​​មិនទាន់គិត​ដល់​ពី​​រឿងស្នេហា​នោះទេ គឺគ្រាន់តែលោក​ទទួលស្គាល់​​​មានអារម្មណ៍ចូលចិត្ត​ចំពោះអ្នកនាង​លើស​ពី​នារីដែល​​លោកបានស្គាល់​ផ្សេង​ទៀត​ប៉ុណ្ណោះ។

លោកថា​​មិនមាន​ហេតុ​ផល​ប្រកាន់​រឿង​អ្នកនាង​មាន​កូន និងធ្លាប់មានស្វាមីនោះទេ ​ដោយ​អ្វីដែលសំខាន់គឺលោករង់ចាំ​មើល​ពេលវេលា​សិន​ថា​​វា​នឹង​ប្រែក្លាយទំនាក់ទំនង​របស់លោក និង​អ្នក​ទៅដល់​ចំណុច​ណា។ ​លោកសារភាពថា​​​​​​​អ្នកនាង សុខ សោម៉ាវត្តី គឺជា​នារីតែម្នាក់​ដែល​លោកស្និទ្ធិស្នាលលើពីមិត្តភាព​ធម្មតា ហើយ​បើទោះជា​អ្នកនាង​អាយុ​បង​ក៏​លោក​យល់ថា​នោះមិនមាន​ជា​​ឧបសគ្គ​ដែលលោកមិនអាច​​​​រាប់អាន​អ្នកនាង​បានដែរ។

លោកចាត់ទុកថា​​អ្នកនាង ​សុខ សោម៉ាវត្តី គឺ​ជា​​មិត្ត​​​​​​​​​​​ស្និទ្ធិស្នាល ​​តែលោកនៅតែ​មិន​​ទាន់ទទួលស្គាល់​​ឡើយថា​អ្នកនាង​គឺជា​​​គូស្នេហ៍​របស់ខ្លួន​ឆ្លើយ​តបនឹង​អ្វីដែល​បានទម្លាយចេញពីក្រុម​អ្នកលេង​បាល់ទាត់នៅក្រុម​បឹង​កេតអង្គរ និង​​​​​​​អ្នកសិល្បៈ​មួយចំនួនដែលស្គាល់​អ្នកទាំង​ពីរ។ លោកថា​ចូលចិត្ត​អ្នកនាង ទើប​​​ស្គាល់ត្រឹមតែ​រយៈពេលខ្លី ក៏មានអារម្មណ៍​​​ជិត​ស្និទ្ធិ ហើយ​យល់ថា​ខ្លួនឯង​​​​​​​​​​ និង​អ្នកនាង​ហាក់​ដូចជា​មិត្ត​ដែលមានវ័យស្រករគ្នា និងស្គាល់​គ្នា​យូរមក​ហើយ។

លោកសារភាព​ថា​រវាង​លោក និងអ្នកនាង​ឧស្សាហ៍​មានកម្មវិធីជាមួយគ្នា ហើយ​​ដោយសារតែ​អ្នកនាង​មិនមែនជាតារាប្រកាន់ច្រើន និង​​​​​​​​​​​​​បាន​បង្ហាត់​​បង្ហាញ​អោយលោកចេះសម្ដែង​​​ក្នុងពេលធ្វើការ​ជាមួយគ្នា ទើបលោក​​​​​​ក្លាហាន​ហ៊ាន​ដើរ​ជាមួយ​។ ​

អ្នកនាង ​សុខ សោម៉ាវត្តី​ បានសារភាពថា ​​​​រវាងអ្នកនាង​ និង​ ​កីឡាករខ្សែប្រយុទ្ធ​​ក្នុងក្រុមជម្រើសជាតិ លោក លី វ៉ាហេទ ពិតជាមានទំនាក់ទំនងនឹង​គ្នាច្រើនឡើង ប៉ុន្តែអ្នកនាង​បានចាត់ទុកថា​អ្វីៗដែល​បាន​កើតឡើង​គឺ​​​​មិត្តភាព​មិនខុសគ្នា​ពីអ្នកនាង​មិត្ត​ស្និទ្ធិស្នាល​ផ្សេង​ទៀត​នោះទេ។

យ៉ាងណាមិញ អ្នកនាង​ថា​​លោក​បានក្លាយជាជម្រើស​មួយ​ក្នុងចំណោម​អ្នក​​ស្និទ្ធិស្នាល​ទាំងអស់ ដោយសារតែ​នាង​ហ៊ាន​​បង្ហាញ​ភាព​ស្និទ្ធិស្នាល​ និងផ្អែមល្ហែម​នៅលើ​ហ្វេសប៊ុក ​ដែលធ្វើអោយការ​​ប៉ាន់ស្មានថា​អ្នកនាង​​​ និងលោកស្រឡាញ់​​​ផ្ទុះឡើង។ អ្នកនាង​ថា​មិនមែនជារឿង​ចម្លែក​នោះទេ ប្រសិន​បើ​អ្វីដែល​បានស្ដែង​ឡើង​គឺជា​រឿង​ការ​ពិត​ ដោយសារតែ​អ្នកនាង​ក៏​បានលែងលះស្វាមី ហើយលោកលី វ៉ាហេទ ក៏មិនទាន់រៀបការ។ ម្យ៉ាង​មកពីលោក​​មិនមែនជា​តារាសិល្បៈនោះ​ផង ទើបអ្នកនាង​យល់ថា​​ប្រសិន​បើ​​ប្រែក្លាយជា​​សម្ព័ន្ធស្នេហា​​ដូចអ្វីដែលគេ​បាន​ថា​ក៏ជា​គឺ​រឿង​ធម្មតា។ ​

ក្នុងពិធី​សម្ពោធរឿង ​«​ខូចចិត្តអាជីព​» ​កាលពីថ្ងៃទី​៩ខែឧសភា គេឃើញអ្នកនាង និងលោក​ លី វ៉ាហេទ ពាក់នាឡិកាគូស្នេហ៍ជាមួយគ្នា​ ដែលអ្នកនាង​បាន​បង្ហោះ​​​នៅលើ​ហ្វេសប៊ុក។ អ្នកនាងមិនបានឆ្លើយ​តប​ជុំវិញ​​អ្នកនាងពាក់នាឡិកា​គូស្នេហ៍ដែល​បាន​បង្ហោះ​នោះទេ ដោយអ្នកនាង​គ្រាន់តែ​​ទទួលស្គាល់ថា​​​​មហាជនមើលឃើញ​យ៉ាង​មិច គឺ​​​ប្រហែល​យ៉ាង​នោះ។ អ្នកនាង​​​​​​​ថា​ពេល​វេលាទើបអាចកំណត់ថា​រវាង​អ្នកនាង និងលោក លី វ៉ាហេទ គឺជាគូស្នេហ៍​​ ឬ​គ្រាន់តែ​​រាប់អានគ្នាក្នុងភាព​ស្និទ្ធិស្នាល។ ​

អ្នកនាង​ប្រលយថា​ខ្លួនអាចដើរតាមលំនាំ​​អ្នកនាង​ ខាត់ សុឃីម និង​អ្នកនាង គង់ សុជាតិ ​​ក្នុងរឿងស្នេហ៍ ដោយអ្នកនាង​​បង្ហើបថាស្នេហា​​​​​គឺមិនប្រកាន់​​​​រឿងអាយុ​នោះទេ។ ជាមួយ​នឹងការ​បង្ហើប​នេះ​ហើយ ដែលអ្នកណា​ៗ​ក៏មើលឃើញថាស្នេហា​រវាង​អ្នកទាំងពីរកាន់តែ​បើកចំហរ បន្ទាប់ពីលើ​ហ្វេសប៊ុកអ្នកនាង​តែង​បង្ហោះ​ភាពផ្អែមល្អែមជាមួយ​បុរស​​ម្នាក់ធ្វើអោយអ្នកណាក៏មើលឃើញថា​អ្នកនាង​ពិតជាមានម្ចាស់បេះដូងថ្មី ដោយបុរស​​ម្នាក់នោះត្រូវគេដឹង​​ថា​គឺ​លោកលី វ៉ាហេទ ដោយសារតែ​លោក​គឺម្ចាស់​នាឡិកា​ដែលអ្នកនាង​បាន​បង្ហោះនៅថ្ងៃសម្ពោធរឿង​«​ខូចចិត្ត​​អាជីព»៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required