រដ្ឋាភិបាលកម្ពុជា​​មិន​ខ្វល់​នឹង​សេចក្តីសម្រេច​របស់​សភាអឺរ៉ុប​លើ​បញ្ហា​សិទ្ធិ​មនុស្ស​

អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថារដ្ឋាភិបាលមិនខ្វល់នឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដោយចាត់ទុកថានោះមិនមែនជាការចាប់បង្ខំឲ្យអនុវត្តតាម តែរិះគន់សេចក្តីសម្រេចរបស់សភាអឺរ៉ុបថាមិនឆ្លុះបញ្ចាំងពីតថភាពនៅប្រទេសកម្ពុជា។

កាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយបានអំពាវនាវឲ្យមានការពិចារណាលើការផ្តល់ជំនួយមកកម្ពុជាទៅតាមភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្ស ដោយលើកឡើងពីការព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។ ក្នុងសេចក្តីសម្រេចមួយដែលធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គមួយនៅក្នុងប្រទេសបារាំង សភាអឺរ៉ុបបានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ីនិងដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថា៖ “ការសម្តែងមតិតាមញត្តិរបស់សមាជិកសភាសហគមអឺរ៉ុបដែលហៅថាResolutionគឺមិនមែនជាច្បាប់ចាប់បង្ខំឲ្យរដ្ឋាភិបាលនៃប្រជាជាតិជាសមាជិកអនុវត្តប្រឆាំងនោះឡើយ”។ លោកបានបញ្ជាក់ថា៖ “ស្មារតីសម្តែងមតិរបស់សមាជិកសភាអឺរ៉ុបមួយក្រុមនេះគ្រាន់តែជាសំណូមពរឲ្យរដ្ឋាភិបាលប្រទេសជាសមាជិករបស់គេគាំទ្រនូការយល់ឃើញរបស់ក្រុមគេប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យសាធារណមតិមានការភ្ញាក់ផ្អើលនោះ ក្រៅពីការយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាគឺសមាជិកសភាអឺរ៉ុបនោះបង្គាប់ឲ្យកម្ពុជាជាប្រទេសអធិបតេយ្យមួយបោះបង់ភាពជានីតិរដ្ឋ បោះបង់តុលាការឲ្យទៅគោរពបុគ្គលជាទីសក្ការៈ ដែលមិនឋិតនៅក្នុងរង្វង់ច្បាប់។ នេះជាភាពអាម៉ាស់មួយ ! … “

ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានបង្ហោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍។ លោក ផៃ ស៊ីផាន លើកឡើងថា៖ “ឯកឧត្តម សម រង្ស៊ី ជាប្រធាន គណបក្សប្រឆាំងមិនត្រឹមតែបោកប្រជាពលរដ្ឋខ្មែរនោះទេ ក៏ប៉ុន្តែអ្នកនយោបាយបរទេសមួយចំនួនក៏ធ្លាក់ទៅក្នុងអន្ទាក់ដ៏អាក្រក់នោះដែរ ដែលបានយកជំហរចេញជាញត្តិឬResolutionដើម្បីទាញអារម្មណ៍រដ្ឋាភិបាលរបស់គេធ្វើការដាក់សម្ពាធមកលើកម្ពុជាដោយពុំមានជោគជ័យក្នុងរយៈកន្លងមក ដោយការពិតឋិតនៅជាការពិតដដែល…”

កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្រ្តីគ.ជ.បពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដានិងលោកស្រី លឹម មុន្នី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។

បើតាមសេចក្តីសម្រេចរបស់សភាអឺរ៉ុប អ្នកនយោបាយនិងសកម្មជនសិទ្ធិមនុស្ស គួរតែត្រូវបានអនុញ្ញាតឲ្យធ្វើការដោយសេរី  ដោយគ្មានការចាប់ចងនិងការកាត់ទោស។ សភាអឺរ៉ុបបានបន្ថែមថា៖ “ដោយសារសហភាពអឺរ៉ុបជាដៃគូដែលផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេនៅកម្ពុជា ជាមួយការផ្តល់ជំនួយ៤១០លានអឺរ៉ូ(ជាង៤៦៣លានដុល្លារអាមេរិក)ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០, សភាអឺរ៉ុបអំពាវនាវឲ្យក្រុមការងារទទួលបន្ទុកផ្តល់សេវាសកម្មភាពខាងក្រៅសហភាពអឺរ៉ុប(EEAS) ផ្តល់ជំនួយជាថវិការបស់សហភាពអឺរ៉ុប អាស្រ័យលើភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស”។ សភាអឺរ៉ុបឲ្យដឹងទៀតថាភាគីពាក់ព័ន្ធនិងគណៈកម្មការសហភាពអឺរ៉ុបគួរតែចាប់ផ្តើមនូវស្តង់ដារគុណភាពមួយសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងម៉េចឲ្យស្របតាមច្បាប់អន្តរជាតិនៃគោលការណ៍សេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។

នៅក្នុងសេចក្តីសម្រេចនោះ សភាអឺរ៉ុបក៏បានអំពាវនាវឲ្យរដ្ឋាភិបាលធានានូវការស៊ើបអង្កេតពេញលេញនិងមិនលម្អៀងដោយមានការចូលរួមពីអង្គការសហប្រជាជាតិ ទៅលើករណីវាយតំណាងរាស្រ្តបក្សប្រឆាំងកាលពីខែតុលា ឆ្នាំ២០១៥។ សហអឺរ៉ុបក៏បានអំពាវនាវឲ្យទម្លាក់បទចោទលើលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពនិងជាសមាជិកស្ថាប័នគ.ជ.ប។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បដិសេធមិនឆ្លើយតបនឹងតបសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដោយថាក្រសួងនឹងចេញសេចក្តីថ្លែងការណ៍។ រដ្ឋាភិបាលបានបញ្ជាក់ជំហរថាករណីទាំងនេះជារឿងតុលាការ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការសម្រេចរបស់សភាអឺរ៉ុប ជាការមិនយល់ពីស្ថានការណ៍នៅកម្ពុជា ដោយលោកបញ្ជាក់ថានៅកម្ពុជាពុំមានការគាបសង្កត់លើគណបក្សប្រឆាំងនោះទេ។ លោកបន្តថារដ្ឋាភិបាលមិនបារម្ភពីរឿងផ្តាច់ជំនួយនោះទេ ដោយថានោះគ្រាន់តែជាការលើកឡើងរបស់សមាជិកសភាអឺរ៉ុបចំនួនតិចតិចនោះទេ។

ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីរវាងកម្ពុជានិងសហភាពអឺរ៉ុប ត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ ដោយការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង៤ពាន់លានអឺរ៉ូ(ប្រមាណ៤៥២០លានដុល្លារអាមេរិក)ក្នុងឆ្នាំ២០១៥។

កាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានភាពនយោបាយនៅកម្ពុជា ដោយអំពាវនាវឲ្យមានការចរចានិងបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។ លោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំងនិងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ