រដ្ឋាភិបាលនៅតែរក្សាការតម្លើងថ្លៃប័ណ្ណចូលទស្សនាអង្គរ បើទោះជាមានការរិះគន់

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

រដ្ឋាភិបាលកម្ពុជាសម្រេចរក្សាការដំឡើងថ្លៃសំបុត្រចូលទស្សនាអង្គរសម្រាប់ភ្ញៀវអន្ដរជាតិឲ្យនៅដដែល ដោយអះអាងថាថវិកាបានពីលក់សំបុត្រនេះមួយផ្នែក នឹងយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

នាយកប្រតិបត្ដិគ្រឹះស្ថានអង្គរលោក លី សែ ប្រាប់ VOD នៅព្រឹកថ្ងៃពុធនេះថា រដ្ឋាភិបាលនៅតែរក្សាការតម្លើងថ្លៃប័ណ្ណថ្មីចូលទស្សនាអង្គរដែលនឹងចាប់អនុវត្ដនៅដើមឆ្នាំ២០១៧ បើទោះមានការរិះគន់ពីសំណាក់ក្រុមអ្នកប្រកបរបរវិស័យទេសចរណ៍ក៏ដោយ។ លោកថាតម្លៃសំបុត្រចូលទស្សនាអង្គរ បើទោះជាដំឡើងហើយក៏ដោយ ក៏នៅតែទាបជាងតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានវប្បធម៌ផ្សេងៗនៅពិភពលោក។ លោកបញ្ជាក់ថា ការដំឡើងថ្លៃសំបុត្រនេះគឺថវិកាមួយផ្នែកតូច (២ដុល្លា) យកទៅជួយកុមារកំព្រា មន្ទីរពេទ្យគន្ធបុប្ផា និងអភិវឌ្ឍលើវិស័យទេសចណ៍។ លោកមានប្រសាសន៍ថា៖ “អត់មានអីទេគឺថាស្ថានភាពហ្នឹង រកតម្លើងពីរបីឆ្នាំហើយ ការអភិវឌ្ឍគឺត្រូវការចំណាយធំក្នុងការតម្លើង យើងក៏គិតទៅដល់ការជួយកុមារកំព្រា ចឹងពីរដុល្លារក្នុងម្នាក់ដែលតម្លើងហ្នឹងគឺបង់ឲ្យទៅពេទ្យគន្ធបុប្ផា ចឹងបើប៉ាន់ស្មានទៅចំនួនពីលាននាក់ហ្នឹងបានបួនលានដុល្លាដែរ

នាយកប្រតិបត្ដិគ្រឹះស្ថានអង្គររូបនេះបន្ដថា នៅក្នុងសំបុត្រចូលចូលទស្សនាអង្គរសម្រាប់ភ្ញៀវអន្ដរជាតិក៏បានប្រាប់ទៅភ្ញៀវទេសចរណ៍ផងដែរថា ពួកគេមានចំណែកក្នុងការជួយព្យាបាលជំងឺដល់កុមារក្រីក្រកម្ពុជាផងដែរ។

ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរខេត្ដសៀមរាបលោក ខៀវ ធី មានប្រសាសន៍ថាការសម្រេចតម្លើងថ្លៃប័ណ្ណថ្មីចូលទស្សនាអង្គរវត្ដនោះលោកថា នៅតែមានការមិនពេញចិត្ដពីក្រុមអ្នកធ្វើអាជីវកម្មវិស័យទេសចរណ៍នេះ ដោយថាតម្លៃប័ណ្ណថ្មីនេះគួរតែពន្យាពេលអនុវត្តរហូតដល់ឆ្នាំ២០១៨។ លោកសម្ដែងការព្រួយបារម្ភពីការភ្ញៀវធ្លាក់ចុះភ្ញៀវនិងអាចប៉ះពាល់ដល់វិស័យទេសចរណ៍មួយនេះ។ លោកសំដែងកង្វល់ថា៖ “ខ្ញុំបារម្ភខ្លាចនឹងមានការធ្លាក់ចុះភ្ញៀវ ដោយសារតម្លៃយើងឡើង ហើយសំបុត្រចូលទស្សនាភ្ញៀវគិតថាថ្លៃ។ ចឹងគាត់បន្ថយគាត់សម្រាកនៅបីថ្ងៃ អាចនៅមួយថ្ងៃឬពីរថ្ងៃ គាត់បន្ថយនៃការដើរទស្សនា។ ឧទាហរណ៍ដើរទៅមើលប្រាសាទបីថ្ងៃ តែតម្លៃប្រាសាទថ្លៃពេក គាត់ទិញតែមួយថ្ងៃ“។

សហប្រធានក្រុមការងារទេសចរណ៍លោក ហូ វណ្ឌី ក៏យល់ថាការតម្លើងតម្លៃប័ណ្ណទស្សនាអង្គរស្ទើ១០០%យ៉ាងគំហុកនេះ លោកព្រួយបារម្ភខ្លាចប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍។ លោកបន្ដថា លោកមានគម្រោងស្នើដល់ក្រសួងទេសចរណ៍ឲ្យពិចារណាលើតម្លៃប័ណ្ណថ្មីចូលទស្សនាអង្គរនេះ ដើម្បីឲ្យភ្ញៀវទេសចរណ៍ទទួលយកបានទាំងផ្លូវកាយនិងផ្លូវចិត្ដ។ លោកឲ្យដឹងថា៖ “ក្នុងឆ្នាំ២០០៤និង២០០៥នោះ រាជរដ្ឋាភិបាលសុំតម្លើងតែ៥ដុល្លារទេ ពីតម្លៃ២០ពីតម្លៃ៤០ និងតម្លៃ៦០តែ៥ៗដុល្លាទេ ប៉ុន្ដែយើងឃើញថាទើបតែខែហ្នឹង ប្រហែលមួយអាទិត្យហ្នឹ ដែលគាត់មានការប្រកាសភ្លាមៗ ដែលតម្លើងរហូត៣៧ដុល្លារ ចំពោះប័ណ្ណចូលទស្សនាអង្គរវត្ដមួយថ្ងៃរហូតដល់៣៧ដុល្លារហ្នឹង នេះគឺជាលេខមួយខ្ពស់មែនទែន“។

គ្រឹះស្ថានអង្គរបានបញ្ជាក់ថាចាប់ពីខែកុម្ភៈឆ្នាំ២០១៧ ប័ណ្ណចូលទស្សនាអង្គរមួយថ្ងៃនឹងត្រូវតម្លើងពី២០ដុល្លារទៅ៣៧ដុល្លារ ប័ណ្ណបីថ្ងៃត្រូវតម្លើងពី៤០ដុល្លារទៅ៦២ដុល្លារ និងប័ណ្ណមួយសប្តាហ៍ត្រូវតម្លើងពី៦០ទៅ៧២ដុល្លារ។

គួរបញ្ជាក់ថាកាលពីការគ្រប់គ្រងលក់សំបុត្រសម្រាប់ភ្ញៀវទេសចរណ៍អន្ដរជាតិដោយក្រុមហ៊ុន សុខ គង់ ចាប់ពីឆ្នាំ១៩៩៤ដល់ដំណាច់ឆ្នាំ២០១៥កន្លងមក តម្លៃប័ណ្ណចូលទស្សនាអង្គរសម្រាប់មួយថ្ងៃ២០ដុល្លារ បីថ្ងៃតម្លៃ៤០ដុល្លា និង៧ថ្ងៃ៦០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ