​តំបន់​ទន្លេ​មេគង្គ​​ឯកភាព​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ចំណី​អាហារ ទប់​ស្កាត់​ចំណី​អាហារ​ពុល

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 2:28 PM | បរិស្ថានសុខភាព | 0 | 3479 បន្លែដែលដាក់លក់នៅលើទីផ្សារ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB បាន​ឲ្យ​ដឹង​ថា ក្រុម​រដ្ឋ​មន្ត្រី​កសិកម្ម​​នៃ​បណ្ដា​ប្រទេស​​​នៅ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ បាន​ឯកភាព​ទៅ​លើ​ផែនការ​ ៥ឆ្នាំ​មួយ ខាង​ផ្នែក​សុវត្ថិភាព​ចំណី​អាហារ ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ ដើម្បី​ជំរុញ​​សុវត្ថិភាព​ចំណី​អាហារ ខណៈ​ដែល​​អង្គការ​សុខភាព​ពិភព​លោក​រក​ឃើញ​ថា ស្ទើ​តែ​មាន​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១០​នាក់ នៅ​ក្នុង​តំបន់​នេះ ​ធ្លាប់​ពុល​អាហារ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា​កន្លង​មក​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​បាន​ឲ្យ​ដឹង​ថា បណ្ដា​រដ្ឋ​មន្ត្រី​កសិកម្ម​មក​ពី​ប្រទេស​កម្ពុជា ចិន ឡាវ ភូមា ថៃ និង​វៀតណាម បាន​ជួប​ប្រជុំ​គ្នា​នៅ​ឯ​ខេត្ត​សៀមរាប។

ធនាគារ​មួយ​នេះ បញ្ជាក់​ថា ក្រុម​រដ្ឋ​មន្ត្រី​ទាំង ៦​ប្រទេស បាន​ឯកភាព​គ្នា​លើ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ចន្លោះ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ ដើម្បី​កសាង​ប្រព័ន្ធ​សុវត្ថិភាព​ចំណី​អាហារ​នៅ​ទូទាំង​តំបន់​នេះ។

បើ​តាម​ធនាគារ​ដដែល​នេះ ប្រព័ន្ធ​ដែល​គ្រោង​បង្កើត​ឡើង​នេះ នឹង​ផ្អែក​ទៅ​តាម​ស្តង់ដារ​វិទ្យាសាស្ត្រ ការ​តាម​ដាន​លើ​ផលិតផល និង​ការ​ចែករំលែក​ព័ត៌មាន ជាពិសេស ព័ត៌មាន​ស្ដី​បញ្ហា​​គ្រោះ​ថ្នាក់​សម្រាប់​ចំណី​អាហារ​សំខាន់ៗ។

រដ្ឋ​មន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​​នៃ​ប្រទេស​កម្ពុជា លោក វេង សាខុន បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ផែនការ​យុទ្ធសាស្ត្រ​នេះ នឹង​ជួយ​តំបន់​ទន្លេ​មេគង្គ ឲ្យក្លាយ​ទៅ​ជា​តំបន់​ផ្គត់​ផ្គង់​ផលិត​ផល​កសិកម្ម​ប្រកប​ដោយ​សុវត្ថិភាព និង​ជួយ​ដល់​បរិស្ថាន។

ផែនការ​យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​​បង្កើត​ឡើង​បន្ទាប់​ពី​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​និយាយ​ក្នុង​របាយការណ៍​ឆ្នាំ​២០១៥​ថា ស្ទើ​តែ​មាន​មនុស្ស​ម្នាក់​​ទៅ​ហើយ​ក្នុង​ចំណោម​ប្រជាជន ១០​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ បណ្ដាល​មក​ពី​ការ​បរិភោគ​អាហារ​ផ្ទុក​សារ​ធាតុ​ពុល។

យោង​តាម​ WHO មនុស្ស​ដល់​ទៅ ៤២​ម៉ឺន​នាក់ បាន​ស្លាប់ ពាក់​ព័ន្ធ​នឹង​ការ​បរិភោគ​អាហារ​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ពុល កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required