អាជ្ញាធរបន្ថែមកម្លាំងការពារកន្លែងឃុំខ្លួនលោក កឹម សុខា

ប្រភពរូបភាពពី ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

អាជ្ញាធរខេត្តត្បូងឃ្មុំ បានបន្ថែមកម្លាំង​សមត្ថកិច្ចចម្រុះ ដោយថា ដើម្បីការពារពន្ធនាគារ​ត្រពាំងផ្លុង ដែលជា​កន្លែង​ឃុំ​ខ្លួនប្រធានគណបក្សសង្គ្រោះ​ជាតិ លោក កឹម សុខា។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានរៀប​រាប់​នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី១០ ខែ កញ្ញានេះថា ដើម្បី​ការ​ពារ​សុវត្ថិភាពបច្ចប្បន្ន នៅមណ្ឌល ម៣ ឬ​ពន្ធនាគារ​ត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម ដែល​ជា​មណ្ឌល​ឃុំ​ខ្លួន លោក កឹម សុខា នោះ គណៈបញ្ជាការឯកភាពខេត្តនេះ បាន​​សម្រេចបញ្ជូនសមត្ថកិច្ចចម្រុះ​ ៧៥​នាក់បន្ថែម​ទៀត។

ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោកដោយគ្មានដីកា កាលពី​រំលង​អធ្រាត្រ​ចូលថ្ងៃ០៣ ខែកញ្ញា ហើយបញ្ជូនទៅឃុំខ្លួនភ្លាមៗ នៅមណ្ឌលពន្ធនាគាត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្តត្បូងឃ្មុំ។

ការចាប់ខ្លួននេះ ត្រូវបានមន្រ្តីរដ្ឋាភិបាលអះអាងថា ជាការអនុវត្តច្បាប់ ដោយរដ្ឋាភិបាលបានចោទ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា “ក្បត់ជាតិ”។

ទោះបីជាយ៉ាងណា គណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗជំរុញឲ្យរដ្ឋាភិបាលដោះលែង លោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ។ គណកប្សប្រឆាំងបានហៅការចាប់ខ្លួនលោក កឹម សុខា ថា ជាការរំលោភបំពាន​អភ័យ​ឯកសិទ្ធិសភា និង​គាបសង្កត់ផ្នែកនយោបាយ។

ជាមួយគ្នានោះ តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក និង​សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេបក្សរូបនោះ​ ហើយពួកគេ ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​បក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ