UN ថា ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ភៀស​ខ្លួន​ទៅ​បង់ក្លាដែស​ឡើង​ដល់​ជិត​៣​សែន​នាក់

អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ជិត ៣​សែន​នាក់ បាន​រត់​ភៀស​ខ្លួន​ចេញ​រដ្ឋ​រ៉ាក់ឃីន​ ប្រទេសភូមា ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស នៅ​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​ផ្ទុះ​អំពើ​ហិង្សា​ជា​ថ្មី​ម្ដង​ទៀត។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP រាយការណ៍​បន្ត​ថា តួលេខ​នេះ បាន​ហក់​ឡើង​ប្រហែល ២​ម៉ឺន​នាក់ នៅ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។

អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហ​ប្រជាជាតិ លោក Joseph Tripura បាន​និយាយ​ថា ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ប្រហែល ២៩​ម៉ឺន​នាក់ បាន​ទៅ​ដល់​ប្រទេស​បង់ក្លាដែស គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​មក។

ក្រុម​មន្ត្រី​និយាយ​ថា អង្គការ​សហ​ប្រជា​ជាតិ បាន​រក​ឃើញ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​បន្ថែមទៀត​នៅ​តាម​ភូមិ និង​តំបន់​នានា ដែល​ពី​មុន​មក មិន​ត្រូវ​បាន​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​រាប់​បញ្ចូល​នោះ​ឡើយ។

ភាគ​ច្រើន​នៃ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង ឬ​តាម​ទូក ឆ្លង​ព្រំដែន​ចូល​ក្នុង​ប្រទេស​បង់ក្លាដែស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ