រដ្ឋាភិបាលប្រាប់ពីមូលហេតុដែលថៅកែព្រមដំឡើងប្រាក់ឈ្នួលកម្មករដល់១៧០ដុល្លារ

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 9:15 AM | នយោបាយ | 0 | 1733 កម្មកររោងចក្រ

រដ្ឋាភិបាលទម្លាយឲ្យដឹងថា រដ្ឋបាត់ចំណូលប្រមាណជា៤០លានដុល្លារក្នុងមួយឆ្នាំ ពីការ​ប្រ​មូ​ល​ពន្ធលើ​វិ​ស័​​​​​​​យ​​​វាយនភណ្ឌកាត់ដេរ ដោយថា ដើ​ម្បីជួយសម្រួ​លឲ្យពួកគេ ដំឡើ​ង​ប្រាក់​ឈ្នួលក​ម្ម​​ករពី១៥៣ដុល្លារ ដល់​១​​៧​​​០​ដុល្លា​រក្នុងខែ។

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រកាសថា ចាប់ពីខែ​មករាឆ្នាំ​២០១៨ទៅ កម្ម​ករ​ម្នា​ក់ ​​នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ១៧០ដុល្លារ ក្នុងមួយខែ។

លោក អ៊ិត សំហេង ធ្លាប់បញ្ជាក់ថា ១៧០​ដុល្លា​រនេះ រដ្ឋាភិបាល ជាអ្នកបន្ថែម​​​ចំនួន៥​​​​ដុល្លារ។ ប៉ុន្តែលោក អ៊ិត​សំ​ហេង មិនបានបញ្ជាក់ថា រដ្ឋាភិបាល បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់ថៅកែងរោងចក្រវិញទេ ទើបពួកគេព្រ​ម​​​ដំឡើ​ងបែ​បនេះ។

ប៉ុន្តែ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីគោលនយោបាយជាតិស្តីពីការអប់រំ ក្នុងរាជធានីភ្នំពេញ នា​​​​​ថ្ងៃ​​​ទី​​១០ខែតុលានេះថា ដើម្បីដោះបន្ទុកវិស័យឯកជន លើយន្តការជំរុញ​ឲ្យដំឡើង​ប្រាក់​​ឈ្នួ​​លនោះ​ លោ​​ក​​ថា​ រដ្ឋបាត់​ចំណូល ពីការប្រមូលពន្ធលើវិស័យនេះ ប្រមាណ៤​០លានដុ​ល្លា​រក្នុង​មួយ​​ឆ្នាំ។

លោកថា៖ «៥ដុល្លារនេះ ថាតើយើងបានមកពីណា? ដើម្បី យើងជូនទៅវិស័យឯកជន។ ​មានផ្នែកពី​រដែលរា​ជរដ្ឋាភិបា​លត្រូវលះបង់ ប្រមាណជា៤០លានដុល្លារក្នុងមួយឆ្នាំ។ នោះ គឺពន្ធកាត់ទុក ដែលត្រូវ​ពន្យារហូត​ដល់​​ឆ្នាំ២០២២នេះ ជាចំនុចទី១។​ ចំនុចទី២ អំពីកម្រៃនៃ​ការត្រួតពិ​និ​ត្យ​​​លើកា​រនាំចេញ ដែលកាំ​កុងត្រូ​វ បា​ត់ប​ង់ប្រមាណជាង ២៥លានដុល្លារសហរដ្ឋអាមេរិក»។

ក្រៅពីការទម្លាយពីការជំរុញឲ្យដំឡើងប្រាក់ឈ្នួលដល់កម្មករ លោក ហ៊ុន សែន ក៏បានប្រកាសដែរថា ប្រា​ក់​​​​​​ខែ​មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចាប់ពីឆ្នាំ២០១៨ទៅ លោកថា ទាប​បំផុតមួ​យ​លានរៀល និ​​ង​ថា អ្នកជាប់កាតព្វកិច្ចបង់ពន្ធប្រាក់ខែចាប់ពី១លាន២សែនរៀលទ្បើង។

លោកថា៖ «អត្ថប្រយោជន៍នេះ វាមិនមែនបានតែមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ នោះទេ។ ប៉ុន្តែវាបា​នទូ​ទៅ​ដ​ល់កម្មករ ទៅដល់គ្រប់ផ្នែក ដែលមានបៀវត្សរ៍ ឥឡូវ អាចនិយាយបាន​ថា ចាប់ពី៣០០ដុល្លារ ចុះ​ក្រោមអ​ត់ជា​ប់ពន្ធទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា ការដែលអ្នកនយោបាយ​ប្រកួត​គ្នា​ដោ​យគោលនយោបាយ លោកថាផលប្រយោជន៍បានទៅលើប្រជាពលរដ្ឋ។ ​ប៉ុន្តែលោកថា បើអ្នកន​យោ​បា​យ​ប្រ​​​កួ​តគ្នា​ដោ​យប្រើយន្តសាស្ត្រកម្ទេចគ្នា លោកថាប្រយោជន៏បានលើមនុស្សមួយក្រុម រីឯពលរដ្ឋនិង​ប្រ​ទេ​ស​​​​​ជាតិជាអ្នករងគ្រោះ។

លោក សូ ចន្ថា ជំរុញឲ្យអ្នកនយោបាយគួប្រកួតគ្នាដោយតម្កល់ប្រយោន៍ជាតិជាធំ តាម​យន្ត​ការប្រជា​ធិ​​ប​តេ​​យ្យ ជាជាងធ្វើអ្វីដើម្បីតែប្រយោជន៍បក្សពួក។

លោកថា៖«សម្រាប់ខ្ញុំ ស្វាគមន៍ហើយអបអរសាទរចំពោះមន្ត្រីរាជការ កម្មករ ដែលត្រូវបានដំឡើងប្រាក់បៀត្សនេះ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញៗ ជាគោលនយោបាយជាក់លាក់សម្រាប់លើកកម្ពល់ជីវភាពមន្ត្រីរាជការ ស់​​កម្មករ ជាពិសេសក្នុងប្រទេសកម្ពុជា ដែលទទួលបានផលពីការអភិវឌ្ឍពីកម្ពុជាទាំងអស់គ្នានោះ។​ ជាជាងការដែលគ្រាន់តែប្រកាសដំឡើងប្រាក់បៀវត្សអីជាដើមនៅក្នុងដំណាក់កាលកេងចំណេញសន្លឹកឆ្នោតនោះ»

យ៉ាងនេះក្តី ក្រៅពីប្រកាសដំឡើងប្រាក់ឈ្នួលកម្មករ ប្រាក់ខែមន្ត្រីរាជការ កងកម្លាំ​​ងប្រដាប់អាវុធ រដ្ឋាភិបា​លក៏​​ប្រ​កាស ទិញផ្លូវមួយខ្សែ ពីក្រុមហ៊ុនលីយ៉ុងផាត់ ឲ្យធ្វើចរាចរណ៍ឥតបង់ថ្លៃឡើងវិញ និងប្រកាសថា ការ​ដំ​ណើរ​កំសា​ន្តទៅកាន់​តំបន់ទេ​សច​​​រណ៍​ភ្នំបូកគោចាប់យប់រំលងអាធ្រាត​ថ្ងៃទី១០​តុលា​នេះទៅនឹ​ងមិ​ន​ត្រូ​​វបឹ​ងថ្លៃឡើយ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required