អ្នកវិភាគ៖ អាមេរិកនឹងបន្តជំរុញកម្ពុជាឲ្យគោរពសិទ្ធិមនុស្សទោះមានប្រធានាធិបតីថ្មី

លោក ដូណាល់ ត្រាំ (រូបភាពពី New York Time)

អ្នកវិភាគនិងអង្គការសង្គមស៊ីវិលលើកឡើងថា សហរដ្ឋអាមេរិកនៅតែជំរុញកម្ពុជាឲ្យគោរពសិទ្ធិមនុស្ស តាមគោលការណ៍ប្រជាធិបតេយ្យ បើទោះបីប្រទេសមហាអំណាចមួយនេះមានប្រធានាធិបតីថ្មីក៏ដោយ។

លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកនឹងចូលកាន់តំណែងជាប្រធានាធិតី នៅដើមឆ្នាំ២០១៧ខាងមុខ ក្រោយពីលោកបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា។

ការដែលលោក ដូណាល់ ត្រាំ ជាប់ជាប្រធានាធិបតីអាមេរិកនេះ មជ្ឈដ្ឋានមួយចំនួនគិតថាសហរដ្ឋអាមេរិកអាចនឹងដកថយពីការជំរុញសិទ្ធិមនុស្សនៅកម្ពុជា។

ប៉ុន្តែនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលនៅកម្ពុជា លោក គល់ បញ្ញា លើកឡើងថា នៅអាមេរិកនៅតែជំរុញពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយថាបើទោះបីជាគណបក្សប្រជាធិបតេយ្យបានចាញ់ឆ្នោតគណបក្សសាធារណរដ្ឋក៏ដោយ។

លោកថា៖ «គណបក្សសាធារណរដ្ឋជាគណបក្សដែលមានចំណាស់នៅសហរដ្ឋអាមេរិក ហើយជាគណបក្សដែលជើងឯកឬក៏សកម្មខ្លាំងណាស់ក្នុងការការពារសេរីភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកក្តី នៅលើពិភពលោកក្តី។ ហើយគណបក្សសាធារណរដ្ឋ ដោយលែកនៅកម្ពុជាយើង ធ្លាប់បានចូលរួមផ្តល់មតិយោបល់ដល់រដ្ឋាភិបាលយើង ដល់រដ្ឋសភាយើង ដល់អង្គការសង្គមស៊ីវិលយើង ធ្វើម៉េចឲ្យជួយជ្រោមជ្រែងលើកស្ទួយសិទ្ធិមនុស្សប្រជាធិបតេយ្យនៅកម្ពុជា។ ហើយខ្ញុំគិតថា កិច្ចការនេះនឹងមានការយកចិត្តទុកដាក់ពីគណបក្សសាធារណរដ្ឋ ដូចគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកដែរ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងប្រហាក់ប្រហែលដែរថា សហរដ្ឋអាមេរិកគេមានយន្តការដឹកនាំរឹងមាំគ្រប់ស្ថាប័ន រួមទាំងរដ្ឋសភានិងព្រឹទ្ធសភា។ លោកថាយន្តការដឹកនាំនោះ នឹងមិនឲ្យអ្នកនយោបាយធ្វើព្យុះធ្វើភ្លៀងបានដូចនៅកម្ពុជា។

លោកថា៖ «ជំនាន់ អូបាម៉ា ក៏អញ្ចឹងដែរ អូបាម៉ា គាត់ឡើងមក គាត់ចង់កែទម្រង់ដែរ ប៉ុន្តែការកែទម្រង់ហ្នឹង គេមានប្រព័ន្ធបោះគេរឹងមាំ។ អញ្ចឹងការធ្វើស្អីក៏ដោយ ដូចស្រុកយើងថានាយករដ្ឋមន្ត្រីស្រែកព្រឹក ល្ងាចនាំគ្នារត់ជែងជើងគ្នាទៅ ធ្វើវាអត់អញ្ចឹងទេ។ ស្រុកគេវាអត់ដូចស្រុកយើង។ អញ្ចឹងសម្រាប់លោក ត្រាំ ក៏ខ្ញុំរំពឹងថា មិនមែនទៅស្អែកហើយអ្វីៗនឹងក្លាយពីសទៅខ្មៅ វាទៅអត់រួចទេ វាត្រូវប្រឈមនឹងប្រព័ន្ធដែលមានស្រាប់។ ហើយក្នុងហ្នឹងទៀតយើងឃើញថា ចំនួនសភានៅក្នុងហ្នឹងក៏ជិតពាក់កណ្តាល ក៏នៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យដែរ។ អញ្ចឹងវាមិនមែនជារឿងស្រួលដូចយើងគិតថា លោក ត្រាំ ប្រហែលជាដូចសម្តេចនាយកដែរស្រែកភ្លាមទៅ បានធ្វើភ្លាម មិនអញ្ចឹងទេ»។

ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិញវិភាគថា បើពិនិត្យពីគោលនយោបាយរបស់ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោកថា លោក ដូណាល់ ត្រាំ អាចប្រើពេលច្រើនគិតគូពីបញ្ហាជាតិនិយម នៅក្នុងស្រុក បញ្ហាសេដ្ឋកិច្ចច្រើនជាង ចំណាយពេលពង្រីកឥទ្ធិពលប្រជាធិបតេយ្យទៅ ប្រទេសតូចតាច ដូចជាកម្ពុជា។

ក៏ប៉ុន្តែលោក សូ ចន្ថា ចង់ឃើញប្រទេសមហាអំណាចមួយនេះបន្តជំរុញពីដំណើការប្រជាធិបតេយ្យនៅកម្ពុជា ខណៈការបោះឆ្នោតជិតមកដល់។

បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច លើកឡើងថា អតីតអ្នកឡើងកាន់អំណាចរបស់សហរដ្ឋអាមេរិក ដូចជាលោក បូស ជាដើម លោកថាពួកគេដឹកនាំច្រើនប្រើបណ្តប់ដៃវាយលុកទៅលើប្រទេសណាមួយដែលពួកគេគិតថាជាការចាំបាច់។

ចំណែកនៅកម្ពុជាវិញ លោក សុខ ទូច វិភាគថា លោក ដូណាល់ ត្រាំ ទំនងជានៅបន្តប្រើឥទ្ធពលជំរុញពីបញ្ហាសិទ្ធិមនុស្សនេះ។

លោកថា៖ «ទី១ យើងដឹងហើយថា នៅកម្ពុជាមិនមានវិនិយោគអាមេរិកធំដំទេ អញ្ចឹងអាមេរិកមិនខ្លាចនឹងរុញពីប្រជាធិបតេយ្យទេ ខុសពីនៅប្រទេសថៃ។ ប្រទេសថៃ ផលប្រយោជន៍អាមេរិកច្រើនណាស់។ វិនិយោគធំៗនៅប្រទេសថៃ របស់អាមេរិកហ្នឹងធំៗមែនទែន ដូចជា[ក្រុមហ៊ុន]ទឹកដោះគោ ដូចជាក្រុមហ៊ុនឡានផតអីហ្នឹងច្រើន អញ្ចឹងអាមេរិកកាំងមិនសូវហ៊ាននិយាយពីប្រជាធិបតេយ្យជាមួយថៃទេ។ នៅវៀតណាម ក៏អាមេរិកមិនហ៊ាននិយាយដែរ តែនៅកម្ពុជាយើងឃើញថា អាមេរិកាំងហ៊ាន។ ម៉េចបានថា ហ៊ាន ព្រោះវិនិយោគអាមេរិកកាំងអត់មានទេ។ មានតែពីរទេ គឺហាំបាគ្គ័រ(Hamburger)និងកូកាកូឡា ពីដើមមានសែល (Shell) [ក្រុមហ៊ុនប្រេងឥន្ទះ] ឥឡូវដួលហើយ។ ចំនុចទី២ កម្ពុជាត្រូវការអាមេរិកាំងច្រើន គឺត្រូវការបី គឺទី១វាយនភ័ណ[វិស័យកាត់ដេរ] គឺត្រូវការទីផ្សាររបស់អាមេរិក ទី២គឺត្រូវការទីផ្សារអង្ករ ទី៣ចង់ឲ្យទេសចរណ៍អាមេរិកមកទស្សនាកាន់តែច្រើននៅកម្ពុជា។ ទាំងអស់នេះហើយដែលជាឥទ្ធិពលអាមេរិកគ្របដណ្តប់នៅកម្ពុជា»។

បើតាមលោក សុខ ទូច រដ្ឋាភិបាលកម្ពុជាក៏ឃើញមេដឹកនាំថ្មីរបស់អាមេរិកសហការជាមួយកម្ពុជា ដើម្បីប្រយោជន៍នៃប្រទេសទាំងពីរដែរ។

លោកថា៖ «ហើយចំនុចមួយទៀតសងនឹងអាហ្នឹងវិញ កម្ពុជាក៏ចង់ឲ្យអាមេរិកបន្ទន់ឥរិយាបទ គឺភូមិសាស្ត្រនយោបាយ។ ភូមិសាស្ត្រនយោបាយហ្នឹង វាជាការពិតណាស់ អាមេរិកកាំងឈរនៅគ្រប់ទិស ប៉ុន្តែមិនអាចឈរនៅកម្ពុជាបាន។ ពីដើមមានភូមានៅក្នុងអាស៊ាន។ ឥឡូវនេះភូមាក៏អាមេរិកយកបានបាត់ហើយ។ អញ្ចឹងទេនៅកម្ពុជា វាអាចតថ្លៃគ្នាទៅវិញទៅមកក្នុងនយោបាយការបរទេស»។

ក្រោយលោក ដូណាល់ ត្រាំ ជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋឈ្នះលោក ស្រី ហីុឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា បានផ្ញើសារនយោបាយគាំទ្រ លោក ដូណាល់ ត្រាំ ដូចគ្នា។

ប៉ុន្តែសម្រាប់សង្គមស៊ីវិលនិងអ្នកវិភាគ ជំរុញឲ្យអ្នកនយោបាយខ្មែរ គួរយកគំរូពីប្រទេសមហាអំណាចមួយនេះ ដែលគេប្រកួតប្រជែងដោយស្មើភាព មិនយកប្រព័ន្ធតុលាការមកដាក់សម្ពាធដៃគូឲ្យបាត់ឱកាសរកសំឡេងគាំទ្រអំឡុងធ្វើយុទ្ធនាការរកសំឡេងឆ្នោតនោះទេ បើទោះបី លោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីឡារី គ្លីនតុន បានប្រើវោហាសាសន៍វាយបកគ្នាខ្លាំងៗក៏ដោយ។

តែផ្ទុយទៅវិញពួកគេប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត សហការដឹកនាំប្រទេស មិនចល័តទ័ព ចល័តរថក្រោះ ក្រោយការបោះឆ្នោតដូចនៅកម្ពុជាទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ