លោក ហ៊ុន សែន៖ កុំមកគំរាមយើង…ទទួលស្គាល់ការបោះឆ្នោត ឬមិនទទួល វាមិនសំខាន់ទេ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 4:26 PM | នយោបាយ | 0 | 3719 លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច ប្រាប់ជាថ្មីទៅសហគមន៍អន្ដរជាតិ កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងថា អ្នកណាទទួលស្គាល់លទ្ធផលបោះឆ្នោតនាឆ្នាំក្រោយ ឬ អត់នោះ គឺកម្ពុជា មិនខ្វល់ទេ។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជនអាស៊ាន នៅព្រឹកថ្ងៃសុក្រទី១០វិច្ឆិកា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ប្រាប់ទៅសហគមន៍អន្ដរជាតិថា កុំឲ្យមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងថា កម្ពុជា អាចដំណើរការបោះឆ្នោត ដោយខ្លួនឯងបាន ទោះបីជាប្រទេសទាំងនោះ លែងផ្ដល់ជំនួយបោះឆ្នោតក៏ដោយ។

លោក ហ៊ុន សែន ថ្លែងបន្ដថា ទោះបីជាប្រទេសណាចង់ ឬ មិនចង់ទទួលស្គាល់រដ្ឋាភិបាល កើតក្រោយការបោះឆ្នោត នៅឆ្នាំក្រោយក៏ដោយ លោកថា វាមិនសំខាន់នោះទេ ដោយថា កម្ពុជា មានច្បាប់ និងស្ថាប័នកំពូលរបស់ខ្លួន ដែលលោកថា អាចវាយតម្លៃពីភាពស្របច្បាប់នៃការបោះឆ្នោតនោះ។

លោក ហ៊ុន សែន​ ថ្លែងថា៖ «ហើយសូមអ្នកដទៃ កុំមកគំរាមយើង ថា ការបោះឆ្នោតនេះ គេនឹងមិនទទួលស្គាល់ មិនទទួលស្គាល ឬទទួលស្គាល់ វាមិនសំខាន់ទេ សំខាន់ត្រង់ថា តើប្រជាជនកម្ពុជា ទទួលបានឬអត់? គ្មានប្រទេសណាមួយ នៅលើពិភពលោកនេះ គ្មានបញ្ហានោះទេ យើងគ្រាន់តែស្នើសុំឲ្យប្រទេសនានា គោរពទៅតាមការសម្រេចចិត្តរបស់ប្រទេសនីមួយៗ»

លោក ហ៊ុន សែន ដែលទំនងជាឆ្លើយតបជុំវិញករណីចាប់ខ្លួនប្រធានគណបក្សប្រឆាំង ក៏បានចោទជាសំនួរថា នៅសហរដ្ឋអាមេរិក ក៏មានករណីដូចគ្នានេះដែរ ហើយ នៅប្រទេសមហាអំណាចមួយនេះ ធ្លាប់បានចាប់ខ្លួន មនុស្សម្នាក់ ដែលថា បានឃុបឃិតជាមួយប្រទេសរុស្ស៊ី ក្នុងអំឡុងពេលបោះឆ្នោត។

ប្រតិកម្មពីលោកនាយករដ្ឋមន្ដ្រី​ ហាក់ធ្វើឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលមួយរូប គឺ លោក Ted Cruz ដែលបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងហៅការបកស្រាយករណីចាប់ខ្លួន លោក កឹម សុខា របស់ភាគីរដ្ឋាភិបាល នោះថា គ្មានខ្លឹមសារ និងមិនអាចទទួលយកបាន។

ក្នុងសេចក្ដីថ្លែងការណ៍នោះ លោក Ted Cruz ព្រមានជាថ្មីថា បើគ្មានការដោះលែងលោក កឹម សុខា នៅមុនការបោះឆ្នោតទេ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត​ នឹងមិនអាចទទួលស្គាល់ការបោះឆ្នោត នៅឆ្នាំ២០១៨។

បើតាមសេចក្ដីថ្លែងការណ៍ លោក Ted Cruz មានប្រសាសន៍ថា៖ «នៅថ្ងៃស្អែក (ថ្ងៃទី៩វិច្ឆិកានេះ) ជាថ្ងៃចុងក្រោយ ដែលពលរដ្ឋកម្ពុជា អាចចុះឈ្មោះ​សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨។ ប្រសិនបើលក្ខខណ្ឌជាក់លាក់មួយចំនួន មិនត្រូវបានបំពេញ រួមមាន ការដោះលែង​លោក កឹម សុខា ការអនុញ្ញាតឲ្យស្ថាននីយ៍វិទ្យុ អាចផ្សាយឡើងវិញ​ដោយសេរី និងអនុញ្ញាតឲ្យអង្គការ ធ្វើការផ្នែកប្រជាធិបតេយ្យ ដំណើរការ​ក្នុងប្រទេសកម្ពុជាទេនោះ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត នឹងមិនអាចទទួលស្គាល់​ភាពស្របច្បាប់​នៃការបោះឆ្នោតទាំងនេះនោះទេ»។

ចំពោះ នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី ឲ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិក មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឆ្នាំក្រោយ លោកថា កម្ពុជា នឹងបាត់បង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយប្រទេសមហាអំណាចមួយនេះ។ លោក​ បន្ថែមថា ដើម្បីឲ្យការបោះឆ្នោតមួយ អាចទទួលយកបាន គឺត្រូវអនុញ្ញាតឲ្យគណបក្សប្រឆាំង ចូលរួមប្រកួតប្រជែងផងដែរ។

បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា និងការព្រមានរំលាយគណបក្សប្រឆាំង មុនការបោះឆ្នោតនោះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទទួលរងការថ្កោលទោសជាបន្ដបន្ទាប់ ​ពីសហគមន៍អន្ដរជាតិ ដោយពួកគេយល់ថា កម្ពុជា កំពុងឆ្ពោះទៅរកការដឹកនាំបែបផ្ដាច់ការ និងកាន់តែឃ្លាតឆ្ងាយពីគន្លងប្រជាធិបតេយ្យ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required