សង្គមស៊ីវិលថាការផ្ដល់ថវិកាដល់គ្រួសារស្រ្តីរកស៊ីផ្លូវភេទដែលស្លាប់មិនអាចឲ្យជនល្មើសរួចខ្លួនបានទេ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧​ ម៉ោង 4:33 PM | សន្ដិសុខសិទ្ធិមនុស្ស | 0 | 3764

មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួននៅតែជំរុញឲ្យរដ្ឋាភិបាលស្វែងរកអ្នកពាក់ព័ន្ធមកផ្ដន្ទាទោស ករណីដែលធ្វើឲ្យស្ត្រីរកស៊ីផ្លូវភេទម្នាក់ស្លាប់ក្នុងពេលអាជ្ញាធរចុះបង្រ្កាបនៅវត្តភ្នំកាលពីដើមឆ្នាំនេះ ទោះបីជារដ្ឋាភិបាលសន្យាចិញ្ចឹមគ្រួសារជនរងគ្រោះជាថ្នូរនឹងការឈប់ប្ដឹងក៏ដោយ។

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ក្រុមសន្តិសុខខណ្ឌដូនពេញបានបង្រ្កាបស្រ្តីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំ ​ហើយបានដេញចាប់ស្ត្រីរកស៊ីផ្លូវភេទម្នាក់រហូតធ្លាក់ទឹកទន្លេស្លាប់ ខណៈដែលស្ត្រីរូបនោះរត់គេចពីការតាមចាប់ខ្លួនរបស់ក្រុមសន្តិសុខ។ ប៉ុន្តែក្រោយមករដ្ឋាភិបាលបានធានាចិញ្ចឹមកូន​​របស់​ស្ត្រី​រក​ស៊ី​​ផ្លូវភេទ​​​​ដែល​លង់ទឹក​ស្លាប់​​​នោះ ដោយ​ផ្ដល់ថវិកាប្រហែល៣០០ដុល្លារជារៀងរាល់ខែរយៈពេល១៣​ឆ្នាំ ហើយធ្វើឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះសម្រេចចិត្តឈប់ដាក់ពាក្យបណ្តឹង។

នាយិការអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព សាទរដែលរដ្ឋាភិបាលផ្ដល់ថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារជនរងគ្រោះរយៈពេល១៣ឆ្នាំ ប៉ុន្តែលោកស្រីថារដ្ឋាភិបាលគួរចាប់ជនដែលប្រព្រឹត្តបទល្មើសមកផ្ដន្ទាទោស ហើយប្រសិនបើមិនចាប់ជនដៃដល់មកដាក់ទោសទេ អំពើហិង្សាកាន់តែកើតមានឡើងបន្តទៀត ហើយធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើរដ្ឋាភិបាល។

លោកស្រី៖ «វាអាចជំរុញឲ្យអ្នកបន្តក្នុងការប្រព្រឹត្តបទល្មើសបើសិនជាមានអ្នកបញ្ជា គាត់កាន់តែធ្វើថែម ហាក់ដូចជាពង្រឹងអ្នកដែលគាត់បំណងក្នុងការធ្វើទុកបុកម្និញ សេចក្ដីសុខ ភាពសុខក្ដុំរមនារបស់ប្រជាពលរដ្ឋហ្នឹង អាចនឹងមានបន្តហើយក្នុងរូបភាពច្រើនទៀត ក៏យើងមិនអាចដឹងបានដែរ។ អាហ្នឹងគឺជារឿងមួយដែលយើងមានការកង្វក់ខ្លាំងចំពោះសន្តិសុខនិងការគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជា»។

នាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ ចាត់ទុកការជួយផ្ដល់ថវិកានេះជារឿងល្អ ប៉ុន្តែលោកស្រីថាករណីនេះមិនត្រូវបញ្ចប់ត្រឹមផ្ដល់សំណងឡើយ ដោយថាជនប្រព្រឹត្តបទល្មើសជាកម្លាំងស​ន្តិសុខរបស់ខណ្ឌដូនពេញ ដូចនេះ​អាជ្ញាធរត្រូវស្រាវជ្រាវបន្ថែមដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ។

លោកស្រីថា៖ «ដូច្នោះគាត់មានកាតព្វកិច្ចដើម្បីសិក្សាស្រាវជ្រាវមើលទៅលើកងសណ្ដាប់ធ្នាប់របស់គាត់  តើមានធ្វើអ្វីដែលខុសទៅនិងវិជ្ជាជីវឬមួយ កាតព្វកិច្ចរបស់គាត់ដែរឬទេ? មួយទៀតខាងអយ្យការខាងតុលាការ ក៏មានកាតព្វកិច្ចលើកពាក្យបណ្ដឹង មិនចាំបាច់តែសាមីខ្លួនគេប្ដឹងទេ ពីព្រោះរឿងនេះជារឿងទីមួយដែលធ្ងន់ធ្ងរដល់ប៉ុណ្ណឹង។ ចឹងបើយើងមិនដោះស្រាយតើយើងទុកឲ្យវាមានដល់ប៉ុន្មានដងទៀត ទៅថ្ងៃក្រោយព្រោះជារឿងមួយដែលយើងត្រូវការពារឲ្យបានយូរអង្វែងមិនមែនគ្រាន់តែរឿងមួយប៉ុណ្ណឹងទេ ដែលយើងត្រូវការរកយុត្តិធម៌  និងការទទួលត្រូវចំពោះអ្នកបាត់បង់ជីវិតនិងកូន គឺយើងត្រូវទទួលកុំឲ្យរឿងដដែលកើតមានបន្តទៀត»។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា  រដ្ឋាភិបាលគួរធ្វើការស៊ើបអង្កេតករណីនេះ ព្រោះបទល្មើសព្រហ្មទណ្ឌបុគ្គលណាប្រព្រឹត្តបុគ្គលនោះជាអ្នកទទួលត្រូវ។ ចំពោះថវិកាដល់គ្រួសារជនរងគ្រោះនោះមិនអាចលុបបំបាត់បទល្មើសបានឡើយ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលមិនចាប់ជនប្រព្រឹត្តទបល្មើសមកផ្ដន្ទាទោសទេ វប្បធម៌នីទណ្ឌភាពនៅកើតឡើងកាន់តែខ្លាំង។

លោកថា៖ «វាប៉ះពាល់ធ្ងន់ធ្ងរណាស់កាលណាបន្តវប្បធម៌នៃអំពើហិង្សា ហើយការពារអ្នកដែលប្រើប្រាស់អំពើហិង្សា គឺជារឿងមួយ ដែលប៉ះពាល់ទៅដល់ សិទ្ធិមនុស្ស ជាការរំលោភសិទ្ធិមនុស្សមួយយ៉ាងធ្ងន់ធ្ងរ ហើយធ្វើឲ្យប៉ះពាល់ទៅដល់ប្រព័ន្ធយុត្តិធម៌ ការផ្ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះ ជាការលើកទឹកចិត្ត ជំរុញនិងការពារអ្នកដែលប្រើអំពើហិង្សា ដែលទង្វើទាំងអស់នេះ។ បើយើងនៅតែរក្សាទុកវាហ្នឹងប៉ះពាល់ប្រព័ន្ធនៃការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាធ្ងន់ធ្ងរណាស់»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់VODថា លោកមិនដឹងពីករណីនេះទេ។ ​ចំណែក អភិបាល​ខណ្ឌដូនពេញ VOD មិនអាចទាក់ទងបាននៅឡើយ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required