វៀត​ណាម​ស្នើ​​កម្ពុជាឲ្យ​ផ្តល់​បរិយាកាស​ងាយ​ស្រួល​ដល់​ប្រជា​ជន​ខ្លួន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧​ ម៉ោង 9:24 AM | សិទ្ធិមនុស្ស | 0 | 32801 នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc (Reuters)

មេដឹក​នាំ​វៀត​ណាម​បាន​ស្នើដល់​កម្ពុជា ​ក្នុងការ​ផ្តល់​បរិយាកាស​ងាយ​ស្រួល​ដល់​អ្នក​រកស៊ី និង​ប្រជា​ជន​ខ្លួនដែល​បាន​មក​រស់​នៅ​និង​រកស៊ី​នៅ​កម្ពុជា ដោយ​ថា​ដើម្បី​រឹត​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរឲ្យ​កាន់តែ​ប្រសើរ នេះ​បើ​តាមខ្លឹមសារចុះផ្សាយរបស់​សារព័ត៌មាន​​វៀតណាមមួយ។

សារព័ត៌មាន ទួយជែរញូវ (Tuoi Tre News) បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១០​ម្សិល​មិញ​ថា ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​លោក​ ស ខេង នៅ​ប្រទេស​វៀត​ណាម​ ​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក ​ង្វៀន ស៊ុងហ៊្វុក បាន​ស្នើដល់​លោក​ ស ខេង ក្នុង​ការ​ផ្តល់​បរិយាកាស​ងាយ​ស្រួល​ដល់​អ្នក​ជំនួញ និង​ប្រជា​ជន​ខ្លួនឲ្យ​រក​ស៊ី ​និង​រស់​នៅ​បាន​ថិត​ថេរ​ ​ដើម្បី​ធ្វើ​ឲ្យ​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​​ទាំង​ពីរ​កាន់​តែ​ប្រសើរ។

បើតាមសារព័ត៌មាន ទួយជែរញូវ​ ដែលដកស្រង់សម្តីលោក លោក ​ង្វៀន ស៊ុងហ៊្វុក បាន​បន្ត​ថា ​ប្រទេស​វៀត​ណាម​ចង់​ឲ្យ​កម្ពុជារក្សា​បាន​នៅ​សន្តិភាព​ ភាព​រីក​ចម្រើន និង​ស្ថេរភាពរបស់​ខ្លួន ហើយ​​ក៏ចង់​ឲ្យ​កង​កម្លាំង​សន្តិសុខ​របស់​ប្រទេស​ទាំង​ពីរ​បន្ត​ផ្លាស់​ប្តូរ​ការ​សិក្សា​ពីគ្នា និងពង្រឹង​យន្តការ​ដែល​មាន​ស្រាប់​សម្រាប់​ទំនាក់​ទំនង​សន្តិសុខ​នេះ។

នាយក​រដ្ឋ​មន្ត្រី​វៀតណាម​បាន​បន្ត​ទៀត​ថា ​គ្រប់​កាលៈទេសៈបែប​ណា​ក៏​ដោយ​ប្រទេ​ស​វៀតណាម​ និង​កម្ពុជា​គួរ​តែ​ស្ថិត​នៅ​ជា​មួយ​គ្នា​ ហើយជា​ការ​ឆ្លើយ​តបលោក​ ស ខេង បាន​ទទួល​យក​សំណើ​នោះ​ដោយ​សន្យា​ថានិង​រៀប​ចំឯកសារ​ក្នុង​ការ​គាំ​ទ្រ​សហគមន៍​វៀត​ណាម​ដែល​រស់​នៅ​កម្ពុជា​នេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដដែល។

ដំណើរ​ទស្សនកិច្ច​របស់​លោក ស ខេង ទៅ​វៀត​ណាម​នេះ បានធ្វើឡើង​មុន​ពេល​នៃ​ការ​ជួប​ចរចារ​​ជា​មួយ​បក្ស​ប្រឆាំង​ នៅក្រោយ​ថ្ងៃ​ទី​១១​ខែមករា​នេះ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required