កាសែត​វៀតណាម​ថា លោក ហ៊ុន សែន យល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​ជាតិ​វៀតណាម

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨​ ម៉ោង 3:20 PM | អភិបាលកិច្ចល្អ | 0 | 7820 ពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជានាពេលកន្លង (រូបភាពពី Vietnam Net)

សារព័ត៌មាន​វៀតណាម បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់​​សម​ភាគី​វៀតណាម ដែលស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ព្រឹត្តិប័ត្រ​ព័ត៌មាន​អនឡាញ​របស់​រដ្ឋាភិបាល​វៀតណាម VGP News បាន​ចុះ​ផ្សាយ​ថា លោក ហ៊ុន សែន បាន​សម្រេច​តាម​សំណើ​វៀតណាម​បែប​នេះ នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក នៅ​ក្រៅ​ជំនួប​នៃ​វេទិកា​ថ្នាក់​តំបន់​ «មេគង្គ-ឡានឆាង» នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ព្រឹត្តិប័ត្រ​ព័ត៌មានវៀតណាម​មួយ​នេះ ចុះផ្សាយថា៖ «ប្រមុខរដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បាន​ព្រមព្រៀងគ្នា ជំរុញភាពស្របច្បាប់​ដល់ពលរដ្ឋកម្ពុជា​ដើមកំណើតវៀតណាម ដោយផ្អែកតាមច្បាប់​កម្ពុជា និងទំនាក់ទំនងប្រទេសជិតខាងល្អ​រវាងប្រទេសទាំងពីរ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យ VOD ដឹងបន្ថែមថា រដ្ឋាភិបាលមានគោលនយោបាយធានាភាពស្របច្បាប់ជូនជនបរទេស ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែ លោកថា ចំពោះជនបរទេស ដែលបំពានច្បាប់ ឬចូលមកស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់នោះ គឺអាជ្ញាធរនឹងចាត់វិធានការបញ្ជូនត្រឡប់ទៅប្រទេសពួកគេវិញ។

លោកថា៖ «យើងមានគោលនយោបាយការបរទេសត្រឹមត្រូវ ប្រទេសយើងដូចប្រទេសគេ ប្រជាជនវៀតណាមដែលមករស់នៅក្នុងប្រទេសកម្ពុជា អ្នកណាដែលមករស់នៅដោយស្របច្បាប់ អាហ្នឹងយើងត្រូវទទួលខុសត្រូវ ប៉ុន្ដែ អ្នកដែលរត់មកនៅដោយខុសច្បាប់ អាហ្នឹងយើងចាត់វិធានការស្របទៅតាមគោលការច្បាប់ ច្បាប់អន្ដោប្រវេសន៍ យើងមានវិធានការចាប់ ហើយបញ្ជូនទៅវិញ។ តែអ្នកដែលនៅ​ស្របច្បាប់ ដូចថា មានវីសា ឬមួយចូលក្នុងនាមអ្នកទេសចរណ៍ យើងត្រូវថែរក្សា​សន្ដិសុខ សុវត្ថិភាពឲ្យគេ»។

កាលពីខែតុលាឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​បញ្ជាទៅមន្ដ្រីក្រោមឪវាទ ឲ្យធ្វើការ​ដក​ហូត​ឯកសារ​រដ្ឋបាល​ខុស​ប្រក្រតី ដែលកាន់កាប់ដោយជន​បរទេស​ប្រហែល ៧​ម៉ឺន​នាក់ ដោយ​​ថា ឯកសារ​ទាំង​នោះ ត្រូវបានចេញ​ដោយ​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​កម្ពុជា។

ប៉ុន្ដែ អគ្គ​នាយក​​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល បានឲ្យ​ VOD ដឹងកាលពីថ្ងៃទី៩មករាថា ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន រហូតដល់​ដើម​ខែ​មករា ឆ្នាំ២០១៨​នេះ អាជ្ញាធរ​បាន​ដក​ហូត​ឯកសារ​ខុស​ប្រក្រតី​​បាន​ចំនួន ១៥​ភាគរយហើយ​ ដោយ​ក្នុង​​ភាគ​ច្រើន​​បំផុត​ជា​ជន​អន្តោប្រវេសន៍​វៀតណាម។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ​ សង្កេតឃើញថា ការអនុវត្តច្បាប់នៅវៀតណាម មានភាពតឹងតែងជាងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា។ លោករិះគន់ថា កម្សោយនៃការអនុវត្តច្បាប់​អន្តោប្រវេសន៍ ធ្វើឲ្យរដ្ឋាភិបាលខ្លួនឯង​បាត់បង់សំឡេងគាំទ្រពីប្រជាពលរដ្ឋ។

លោកថា៖ «បើសិនរដ្ឋាភិបាល មិនព្រមអនុវត្តឲ្យមានភាពតឹងរ៉ឹងទេ មិនមែនត្រឹមតែគណបក្សប្រឆាំងទេ ប៉ុន្ដែ ប្រជាពលរដ្ឋ ទាំងអ្នកគាំទ្របក្សប្រឆាំង អ្នកគាំទ្ររដ្ឋាភិបាល និងអ្នកនៅកណ្ដាល គេអត់មានពេញចិត្តនឹងវិធានការបែបលេងៗអញ្ចឹងទេ»។

បើតាមមន្ដ្រីនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសរស់នៅកម្ពុជាមានប្រមណ​​ជាង ​១៦ម៉ឺន​នាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ​ដល់​ទៅ​ជាង ៩៩ភាគរយ ខណៈ​ដែល​ជន​ជាតិ​វៀតណាមកាន់កាប់ឯកសារខុសប្រក្រតី មានចំនួហ​ន​មាណជាង ៧ម៉ឺន៦ពាន់នាក់ (៧៦ ៣៩៨នាក់) ហើយ​ជន​ជាតិ​វៀតណាមជាង ១ ម៉ឺន៤ពាន់នាក់​ទៀត​ (១៤ ​២៤៦​នាក់) កំពុង​រស់​នៅដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required