បក្សប្រឆាំងមិនចង់និយាយរឿងជំរុញឲ្យមានការដោះលែងអ្នកជាប់ឃុំ​

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា

មេដឹកនាំគណបក្សប្រឆាំងមិនចង់និយាយរឿង​ជំរុញឲ្យមានការដោះលែងសមាជិកព្រឹទ្ធសភានិងសកម្មជនជាង១០រូបដែលកំពុងជាប់ឃុំនៅពន្ធនាគាព្រៃសពេលដែលស្ថានការណ៍នយោបាយឡើងកម្តៅនោះ។​

នៅក្នុងពេលចុះសួរសុខទុក្ខសកម្មជននៅព្រឹកថ្ងៃទី១១ខែកុម្ភៈប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក​ កឹម សុខា មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលថាតើគណបក្សប្រឆាំងនឹងមានការ​ចរចារ​ឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង​នោះទៀតទេ? ដោយលោកលើកឡើងថាលោកមិន​អាចនិយាយ​បាននោះ​ទេព្រោះការដោះលែងឬមិនដោះលែងនោះវាជាអំណាចរបស់ភាគីម្ខាងទៀតពោលគឺជាអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ប៉ុន្តែលោក កឹម សុខា បានលើកឡើងទាក់ទងនឹងបញ្ហាសុខភាពនិងការព្រួយបារម្ភរបស់​អ្នកជាប់ឃុំទាំងនោះមកលើគណបក្សសង្រ្គោះជាតិនិងបញ្ហា​នយោ​បាយទៅវិញ។

លោក កឹម សុខា លើកឡើងថា៖ សុខភាពគាត់ភាគច្រើនមិនមានបញ្ហាទេ ប៉ុន្តែមានអ្នកខ្លះលើស​ឈាមមានអ្នកខ្លះឈឺជើងឈឺអីដែរប៉ុន្តែជាជំងឺធំដុំអ្វីអត់មានទេ។ ទី២ស្មារតី ស្មារតីរបស់គាត់នៅរឹងមាំអ្វីដែលយើងចាប់អារម្មណ៍ជាងគេពួកគាត់បានរំលឹកមកពួកខ្ញុំថាអារម្មណ៍ពួកគាត់នៅតែក្នុងបក្សសង្គ្រោះ​ជាតិដដែល។ អារម្មណ៍ពួកគាត់ គាត់ផ្ដោតទៅលើការបោះឆ្នោត គាត់ផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋដែលនៅក្រៅ​មានសេរីភាពឲ្យខំនាំគ្នាទៅបោះឆ្នោតទៅធ្វើអត្តសញ្ញាណប័ណ្ណ

អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា លើកឡើងថាការដែលគណបក្សសង្គ្រោះជាតិឈប់ជំរុញឲ្យមានការដោះលែងសកម្មជនរបស់ខ្លួនទៀតនោះព្រោះគិតថាមិនមានលទ្ធផលដូចការស្នើកន្លងមក។ លោកបន្ថែមថាកត្តាមួយទៀត​នេះក៏អាចមកពីអ្នកជាប់ឃុំទាំងនោះមិនចង់ឲ្យមានការដាក់ខណ្ឌ​​នយោបាយជានឹងថ្នូនឹងការដោះលែងទេ។ លោកបន្ថែមថា៖ “នៅពេលដែលជិតដល់ពេលធ្វើយុទ្ធនាការបោះឆ្នោតឃុំសង្កាត់និងបោះឆ្នោតសកលហ្នឹងអន្តរជាតិគេនឹងទាមទារឲ្យមានការដោះលែងដូចតែគ្នាហ្នឹងអញ្ចឹងបានថាកន្លែងនេះក៏ជាភាពខាត់បងរបស់គណបក្សសង្គ្រោះជាតិដែរព្រោះអស់សកម្មជនខ្លួនឯងក្នុងការឃោសនាគេហៅថាភ័យខ្លាចបាក់ស្មារតីក្នុងការធ្វើនយោបាយឬក៏ទាក់ទងជាមួយប្រជាពលរដ្ឋដែលជាគោលនយោបាយរបស់បក្សអញ្ចឹងវាបាត់នេះជាយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចដែលគេធ្វើបានជោគជ័យ

យ៉ាងណាក៏ដោយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិម្នាក់ទៀតដែលបានចូលសួរសុខទុក្ខដែរនោះលោក អ៊ូ ច័ន្ទឬទ្ធិ សង្ឃឹម​ថាវប្បធម៌សន្ទនានឹងអាចជំរុញឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងនោះបាន។

គួរ​បញ្ជាក់​ថាកាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ​២០១៥​សាលាដំបូងរាជធានីភ្នំពេញ​បានផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្រ្គោះជាតិ១១​នាក់រួមទាំងលោក មាជ សុវណ្ណរ៉ា ផងឲ្យជាប់​ពន្ធនាគារ​ពី៧ឆ្នាំទៅ​២០ឆ្នាំ​ពីបទដឹកនាំ​និងចូលរួមក្នុង​ចលនា​​កុប្បកម្មនាំឲ្យមានហិង្សា​នៅក្បែរ​ទីលា​នប្រ​ជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។ ​ចំណែក​អតីតសមាជិកព្រឹទ្ធ​សភាលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែ​សីហា ឆ្នាំ​២០១៥​ គឺពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បញ្ជាឲ្យចាប់ខ្លួនដោយ​ចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកករណីទាំងនេះជា​រឿងនយោបាយនិងជាការ​សម្តែងមតិរបស់សមាជិកព្រឹទ្ធសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ