មេបក្ស​ប្រឆាំង​ លោក សម រង្ស៊ី លាលែង​ពី​តំណែង ក្រោយ​បក្ស​កាន់​អំណាច​ប៉ុន​ប៉ងបិទ​ផ្លូវ​នយោបាយ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ នៅ​រសៀល​ថ្ងៃ​នេះ តែ​ជាង១០​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​រដ្ឋ​សភា ឲ្យ​ពិចារណា​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃច្បាប់​គណ​បក្ស​នយោបាយ ដែល​ជា​ការ​ប៉ុន​ប៉ង​ដើម្បី​រាំង​ខ្ទប់​ផ្លូវ​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ។

ក្នុង​លិខិត​ផ្ញើ​ទីក្រុង​ប៉ារីស​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះជាតិ នៅ​រសៀល​ថ្ងៃ​នេះ លោក សម រង្ស៊ី បាន​​ប្រាប់​ថា លោក​លា​លែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស និង​ពី​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រាប់​វីអូឌី​នៅ​ល្ងាច​នេះ​ថា លោក សម រង្ស៊ី ពិត​ជា​បាន​ដាក់​លិខិត​លា​លែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ​មែន។

ជុំ​វិញ​មូល​ហេតុ​ជាក់​លាក់​នៃ​ការ​លា​លែង​ពី​តំណែង​របស់​លោក សម រង្ស៊ី នោះ លោក អេង ឆៃអ៊ាង ពុំ​បាន​ដឹង​នោះ​ឡើយ ហើយ​បាន​ជំរុញ​ឲ្យ​សួរ​ទៅ​លោក សម រង្ស៊ី ផ្ទាល់​តែ​ម្ដង។

ប៉ុន្តែ ក្នុង​លិខិត​លាលែង​នោះ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​នោះ គ្រាន់​តែ​ប្រាប់​ថា ដោយសារ​មូល​ហេតុ​ផ្ទាល់​ខ្លួន។

ទោះជាយ៉ាងណា ការ​លា​លែង​របស់​លោក សម រង្ស៊ី នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កើត​ឡើង១១​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​សភា​ឲ្យ​កែ​ប្រែ​មាត្រា​ខ្លះ​នៃ​ច្បាប់​គណបក្ស​នយោបាយ ដោយ​ថា ដើម្បី​កុំ​ឲ្យ​មេ​បក្ស​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​មាន​ទោស​នោះ អាច​ឈរ​ធ្វើ​ជា​ប្រធាន​បក្ស​ត​ទៅ​ទៀត។

ការ​ស្នើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​កែ​ប្រែ​មាត្រា​ខ្លះ​ក្នុង​ច្បាប់​​គណបក្ស​នយោបាយ​នេះ ត្រូវ​បាន​គេ​ជឿ​ថា គឺ​ជា​ការ​ប៉ុន​ប៉ង​ថ្មី​បំផុត​របស់​គណបក្ស​កាន់​អំណាច ដើម្បី​បិទ​ផ្លូវ​នយោបាយ​របស់​លោក​ សម រង្ស៊ី ខណៈ​ដែល​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ