ពែកមី ​​ចំណាយ​លុយ​​ធ្វើកម្មវិធី​​​​​​​​ថ្ងៃ​​​ចូលឆ្នាំ

នាយពែកមី កាលពីកន្លងទៅ​

ផ្ទុយ​ពី​តារា​​ល្បី​ភាគច្រើន​ដែល​សម្រុក​ទទួល​ការងារ​​ដើម្បី​​កើប​ប្រាក់និង​ដើម្បី​​រក្សា​ភាព​លេចធ្លោ​​​​​ក្នុង​អំឡុង​​​​៣​ថ្ងៃ​ចូល​ឆ្នាំ​ ​លោក ​​ចែម ចាន់ដារ៉ា ​ហៅ​ពែកមី ​ បាន​ប្រកាស​ដោយ​មុត​មាំ​ថា​​​អត់​ទទួល​ការ​ងារ​​​​ទាំង​អស់​​នៅ​អំឡុង​​​បុណ្យ​ចូល​ឆ្នាំ​។ ​ក្នុង​នោះលោក​ក៏​​អះអាង​ថា ​នឹង​ចំណាយ​​លុយ​​​​​ធ្វើ​បុណ្យ​ចែកទាន ​​​​​​​​​រៀប​ចំ​កម្មវិធី​​រាំ​ច្រៀងជា​ច្រើន​​ដើម្បី​​ឲ្យ​អ្នក​ស្រុក​នៅ​ខេត្ត​ស្វាយ​រៀង​​​​​​​​​បាន​សប្បាយ​ទាំង​​​៣​ថ្ងៃ​​​​​​ក្នុងថ្ងៃ​ចូល​ឆ្នាំ​។

លោក​បាន​ថ្លែង​ប្រាប់​VOD ថាចាប់​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​​១៦ លោក​​​​​អត់​មាន​ទទួល​ការងារ​នោះ​ទេ បើទោះជា​​​​៣​ថ្ងៃនោះ​​​​តា​រា​ល្បី​ៗ​ភាគច្រើន និង​ក្រុ​ម​កំប្លែង​ក្នុង​វង់​របស់​លោក​​សុទ្ធ​តែ​បាន​​​​ទទួល​ចេញ​ច្រៀង ​និង​ដើរ​កំ​ប្លែង​​​តាមខេត្ត ជា​ពិសេស​គឺ​​​ទៅ​​កម្មវិធី​អង្គរ​សង្ក្រាន្ត​​​ជា​ដើម​។ ​លោក​និយាយ​ថា​​៖ “ចូល​ឆ្នាំ​ហ្នឹង​គេ​ហៅ​​ច្រើន​(​កម្មវិធី) ប៉ុន្តែ​អត់​ទទួល​​ទេ ព្រោះ​ចង់​ទៅ​​​​​​ធ្វើ​​បុណ្យទៅ​​ធ្វើ​កម្មវិធី​សប្បាយ​ៗ​​អី​​​នៅ​ស្រុក​កំណើត​ម្ដង ​ខែ​បុណ្យ​ខែ​ទាន​អញ្ចឹង​​​​សុំ​ទៅធ្វើ​​អី​​ឲ្យ​​បង​ប្អូន​​​(អ្នក​ស្រុក​​​​​) យើង​គាត់​​បាន​សប្បាយ​​​វិញ​វា​ល្អ​ជាង​​​​​!”។ កម្មវិធីដែល​​លោក​ប្រកាស​​ធ្វើ​​ពេញ​រយៈ​ពេល​​​​​៣​ថ្ងៃ​​​​​ចូលឆ្នាំ​នោះ ​​​​រួម​មាន​កម្មវិធី​​​​​​សូត្រមន្ត​លើក​រាសី​រាប់​បាត្រ ​​​ចែក​ទាន​ចាស់​ៗ​ក្មេងៗ​និង​​កម្មវិធី​សប្បាយ​ៗ​​ជា​ច្រើន​ទៀត​​​​​ឲ្យ​អ្នក​ស្រុក​អ្នក​ភូមិ​របស់​លោក​នៅ​ភូមិ​​​​​​​​កំពង់រទេះ ​ឃុំ​ពពែក ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង​។ លោក​​​​​និយាយ​ថា​៖ “​​ទៅស្រុក​លើក​ហ្នឹង​​ចង់ទៅធ្វើ​​បុណ្យ​​ឲ្យ​ពុក​​ឲ្យ​ម៉ែ​​​​ផងនិង​​​​ចង់​​​ធ្វើកម្មវិធី​​សប្បាយ​ៗ​ឲ្យ​បង​ប្អូន​អ្នក​ភូមិ​យើង​ផង អញ្ចឹង​បាន​​អត់​ទទួលការងារ​អី​ទេ​!”។

លោក​ថា​បាន​ត្រៀម​រួច​ហើយ នូវ​​​​វង់​​​តន្ត្រីនិង​ការ​ចំណាយ​រៀប​ចំ​​ធ្វើ​​បើក​កម្មវិធី​រាំ​ច្រៀង​​​​ផ្សេងទៀត ​​​​​​ពេញ​រយៈ​ពេល​​​​៣​យប់​នៅ​​ថ្ងៃ​បុណ្យ​​ចូលឆ្នាំ​ខ្មែរ ដោយ​មិនមាន​គម្រោង​​​​​​ដើរ​កម្សាន្ត​​នោះទេ។ លោក​និយាយ​ថា​៖ “​​​មើលទៅ​​អត់​​នាំ​គ្រួសារ​ដើរ​​​លេង​អី​ទេ​​ក្ដៅ​ពេក ​គិត​​​ថា​​​​​​​​​​​​​​​​​​ធ្វើ​បុណ្យ​ហើយ​​ក៏​​រៀប​ចំ​​​​​​​​កម្មវិធី​ច្រៀង​រាំ​មាន​​លេង​ល្បែង​មាន​​​​អី​ឲ្យអ្នក​​ស្រុក​បាន​​សប្បាយវិញ ​​​ ម្យ៉ាង​​​យើង​រក​លុយ​​​កន្លង​មក​​បាន​ច្រើន​ដែរ អញ្ចឹង​យកទៅ​ចំណាយ​​ម្ដងទៅ ឲ្យ​​​​​​អ្នក​ស្រុក​ពុក​(​នៅ​ស្វាយ​រៀង)​​បាន​​​ចូល​រួមផង​!”។ ​​​​​​លោក​ថា​ក្រៅ​ពី​ធ្វើ​កម្មវិធី​ទាំងនោះ​​ ​ក៏​នឹង​មាន​គម្រោង​​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​​​របស់​ក្រុម​​ខ្លួននិង​​​​​ក្រុម​​ដទៃ​​​​​​​​​ដើម្បី​​​ឲ្យ​បាន​សាក​ល្បង​សមត្ថភាព​គ្នា​នោះដែរ ដែល​ការ​​​ចាត់ចែង​​​​​​ក្នុងកម្មវិធី​ប្រកួត​​ទាំង​អស់​គឺ​លោក​​​អ្នក​ចាត់​ចែង​ចំណាយ​។ ​លោក​និយាយ​ថា៖ “កន្លង​មក​ខ្ញុំ​​បាន​ប្រមូល​ក្មេង​ៗ​​​​​​​រៀប​ចំ​ជា​ក្រុម​បាល់​ទាត់​មួយ អញ្ចឹង​​ទៅ​​​​ចូល​ឆ្នាំ​​ហ្នឹង​​​​ក្រៅ​ពី​ធ្វើ​បុណ្យចែក​អំណោយ និង​បង្កើត​កម្មវិធី​​រាំ​រែក​​​​​​​​សប្បាយជា​ដើម​ ​​​​ខ្ញុំ​​​​​​​និង​ក្រុម​បាល់​ទាត់​ខ្ញុំ​នឹង​មាន​​ការ​ប្រកួត​​អី​នៅ​ស្រុកនឹង​ដែរ ​​​​ ព្រោះ​​ឮ​ថា​​មាន​​ក្រុម​ផ្សេង​​​​​គាត់ចង់​លេងជាមួយ! អញ្ចឹង​​​៣​ថ្ងៃ​​ហ្នឹង​ប្រហែល​​​ចំណាយ​លុយ​គួរ​សម​ដែរ ព្រោះ​​​​​​​​​​​​​ខ្ញុំ​​​​​ត្រៀម​ធ្វើ​បុណ្យ​​ឲ្យ​ពុក​ម៉ែ​ផង ចែក​ទាន​ឲ្យ​​ចាស់​ៗក្មេង​អី​ផង និង​ធ្វើ​​​​ធ្វើ​កម្មវិធី​សប្បាយ​ៗ​​​កំប៉ុកកំប៉ុក​ផង​!”

ពាក់​ព័ន្ធ​នឹ​ងបញ្ហា​​​​​​​​ដាក់បម្រាម​របស់​​ក្រសួង​​វប្បធម៌​ចំពោះ​​បទ​ចម្រៀង​​​ក្រោម​ចំណង​ជើង​ថា​​«​អាម៉ុមប៉ុម​ពីត​»​របស់​លោក មិន​ឲ្យ​​​​ចាក់​ផ្សាយនៅ​លើ​កញ្ចក់​ទូរទស្សន៍និង​​​វិទ្យុ​​​​​​​​​​​​​​នោះវិញ លោក​ថា​មិន​មាន​បញ្ហា​​ចោទ​នោះទេ ដោយសារ​តែ​បទ​​​​នោះមិនមែន​ជា​ស្នាដៃ​​និពន្ធ​របស់​​លោក​និង​សម្អាង​ថា​មាន​បទ​ច្រើន​ទៀត​ដែល​​មាន​​​​​​​អ្នក​ស្ដាប់ចូល​ចិត្ត​នៅ​លើទីផ្សារ។ លោក​និយាយ​ថា​៖ “​បទ​ហ្នឹង​ប្អូន​សោម​ ដូរ៉េ ​គាត់​​និពន្ធ​​ឲ្យ​ខ្ញុំ​ច្រៀង ​ ​មុន​ពេល​​ថត​​​​​ដូចជា​​​​មាន​ការ​ពិភាក្សា​​ច្រើនដែរ​នៅ​ថោន ​ហើយ​មក​ពីគាត់​ថា​មិន​អី​​ទើប​​​​​​ខ្ញុំ​​​​ច្រៀង​ហ្នឹង​!”។ យ៉ាង​ណា​ក៏​ដោយ​លោកថា​បទចម្រៀង​​​«​អាម៉ុម​ប៉ុម​ពីត​»​នេះ ​​​​​នៅតែ​​​​​ឮ​គេ​ចាក់​​តាម​ភូមិ​តាមស្រុក​ជា​ធម្មតា​នោះ​ទេ បើ​ទោះ​ជា​មាន​បម្រាម​​​​មិន​​ឲ្យ​ដាក់​លក់ និង​​​​មិន​​​ឲ្យ​​ចាក់​ផ្សាយ​​​​​​​តាម​កញ្ចក់ទូរទស្សន៍និង​​​វិទ្យុ។ លោក​ថា​​បន្ទាប់​ពី​​បាន​ទទួល​បម្រាមនេះ​នេះ ​​​លោក​ក្នុង​នាម​ជា​អ្នក​និពន្ធ​​បទ​ចម្រៀង​នៅ​ផលិតកម្ម​​ថោន​​​នោះដែរ ​នឹង​បង្កើន​ការ​​ប្រយ័ត្ន​ប្រយែង​​​សម្រាប់​ការ​និព​ន្ធ​ខ្លឹមសារ និង​អត្ថន័យ​ចម្រៀង ដើម្បី​កុំ​​ឲ្យ​មាន​ការ​រិះ​គន់​។ ​លោក​និយាយ​ថា​៖ “​​​លិខិត​បម្រាម​ហ្នឹង​ខ្ញុំ​អត់​ទាន់​ឃើញ​ទេគឺ​ឮតែ​គេ​ប្រាប់ ប៉ុន្តែ​​តា​មាន​រឿង​អញ្ចឹង​ដាច់​ខាតត្រូវតែ​​ប្រយ័ត្ន ព្រោះ​បទខ្ញុំ​​និពន្ធកន្លង​មក​​ដូច​ជា​​​បទ​អាប៉ូយ ​និង​​បទ​ចង់​បាន​ប្រពន្ធដល់​ហើយ​អីជា​ដើម ​​​​គឺ​សុទ្ធ​តែ​ប្រយ័ត្ន​ហើយ​មាន​បង​ប្អូន​​​​គាត់​គាំទ្រ​ច្រើន​!”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ