បទយកការណ៍៖ អតិថិជន Wing ថាការបង់ថ្លៃទឹកភ្លើងក្រោម១០ម៉ឺន​រៀល​ នៅតែចំណាយថ្លៃសេវា

ភ្នាក់ងារ​ Wing (Phnom Penh Post)

ប៉ុន្មានឆ្នាំចុងក្រោយនេះមានប្រជាពលរដ្ឋរាប់លាននាក់បានប្រើប្រាស់​សេវាទូទាត់​ថ្លៃទឹកនិងភ្លើង ​​តាម​ភ្នាក់​ងារ​ Wing (វីង​)។ ការទូ​ទាត់​ថ្លៃសេវាទឹកនិងភ្លើងនេះ ក្រោម១០ម៉ឺនរៀល ត្រូវ​បង់ថ្លៃសេវា១ពាន់​រៀល។ បើគិត​ចាប់ពី១០​ម៉ឺន​​រៀល​ឡើង​ទៅ​ ត្រូវ​បង់ថ្លៃសេវា២ពាន់រៀល ក្នុងមួយលើក។

ប៉ុន្តែកាល​ពីថ្ងៃទី១៥កុម្ភៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រជា​ពល​រដ្ឋរាប់លានគ្រួសារដែល​ប្រើ​ទឹក ភ្លើង ​​អស់ក្រោម១០ម៉ឺនរៀល អាចទៅទូទាត់​ថ្លៃ​សេវា​នេះ​តាម​ភ្នាក់ងារ​ Wing (វីង​) ដោយ​មិន​គិត​ថ្លែ​សេវា​​​ដែល​ផ្ញើនោះទេ។

លោកមានប្រសាសន៍ថា «កាលពីដើមគេមិនយកសេវា ឥឡូវក្រោម១០ម៉ឺន​រៀល​គេអត់យកសេវាទេ ​​វាពាក់ព័ន្ធជាមួយប្រជាពលរដ្ឋច្រើនចូលដល់លានគ្រួសារ ដែលប្រើ​ប្រាស់​ភ្លើង​ក្រោម​១០​ម៉ឺនរៀលនោះ អគុណ​ណាស់ប្រឹងប្រែងធ្វើបន្តទៀត ដើម្បីចូលរួមចំណែក ធ្វើឲ្យ​តម្លៃ​អគ្គិ​សនី​ធ្លាក់​ចុះ មិន​គ្រាន់​តែក្នុ​ង      វិ​ស័យ​ឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺការ​ប្រើ​ប្រាស់​របស់ប្រជាជន​»។

ទោះជាបែបនេះក្តី ពលរដ្ឋមួយចំនួនបានអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេនៅតែចំណាយថ្លៃសេវា ជា​ថ្នូរ​​​នឹងបង់ថ្លៃទឹក ភ្លើងដដែល​បើទោះជាពួកគេត្រូវ​បង់វិក័យបត្រ ក្រោម១០ម៉ឺន​រៀល​ក៏​ដោយ។

ឈរ​នៅមុខតូប Wing (វីង​) មួយកន្លែងម្តុំផ្សារដើមគរ លោក ជា សុភ័គ្រ បានរៀប​រាប់អ្នកយកព័ត៌មាន​ថា នៅ​ពេល​គាត់យកវិក័យបត្រភ្លើងយកទៅបង់នៅសាខា Wing (វីង​) ក្រោម​១០ម៉ឺនរៀល ត្រូវ​បាន​អ្នកផ្តល់​សេវា​នោះ ​តម្រូវ​ឲ្យគាត់​បង់ថ្លៃសេវា១៥០០រៀល។

លោកនិយាយថា «គ្រាន់តែយើងហុច​ក្រដាស​ទៅ[​វិក័យ​បត្រ​ភ្លើ​ង]គេមើលថ្លៃភ្លើង យើងដឹងតែបង់អស់​មួយ​​ម៉ឺ​នជាង គេដឹងថាយកថ្លៃសេវា១៥០០រៀល គ្មានឆ្លើ​យ​អី​លុយ​១៥០០រៀល»។

យ៉ាងណាក៏ដោយ លោក សុភ័គ្រ​ បាន​ឲ្យដឹងទៀតថា លោក​មិន​ធ្លាប់​ឮអ្នកផ្តល់សេវា Wing (វីង​) ប្រាប់​ពី​ព័ត៌មាន​ ដែលថា អ្នកបង់ទឹក ភ្លើង ក្រោម១០ម៉ឺនរៀល មិ​ន​តម្រូវ​​​ឲ្យបង់ថ្លៃសេវានោះទេ។

អង្គុយក្រោមសំយ៉ាបផ្ទះលក់គ្រឿងទេស អ្នកស្រី សេង ដានី បានរៀប​រាប់ថា ដើ​មចមដែល​អ្នកផ្តល់សេវា Wing (វីង​) មិនពន្យល់​ប្រាប់ពីរបៀប​នៃ​ការ​បង់ទឹកភ្លើងក្រោម១០ម៉ឺនរៀល ដោយមិនឲ្យ​បង់​ថ្លៃសេវា​១ពាន់​​រៀល​​ក្នុងមួ​យ​លើក ទំន​ង​​ជា​ពួកគេចង់ឲ្យអតិថិជនបង់ថ្លៃសេវានោះ ដើម្បី​ទទួល​បានផង​ប្រយោ​ជន៍ ឬប្រាក់ចំ​ណេញ​​។

លោកនិយាយ «ថ្លៃ​បង់ទឹកភ្លើង សម្តេចប្រកាសថា មិនបាច់បង់ មិនបាច់ឲ្យលុយថ្លៃសេវា១ពាន់រៀល ប៉ុន្តែ​ខ្ញុំយក​ទៅបង់​ គេមែនមិនដឹង គេដឹង ប៉ុន្តែគេនៅតែយក អ្នកជិតខាងទំាងឆ្វេង ខាងស្តំា សុទ្ធ​តែអ្នក​ជិតខាង​តែមួយ យើងស្គាល់​ យើងអត់ហ៊ាននិយាយ ដ៏ពេលនិយាយទៅខ្លាចគេ អាក់អន់ចិត្តជាមួយយើង ព្រោះអី​ផ្ទះគេបើក​រកស៊ី ដ៏ពេលយកទៅ យើងមិនឲ្យផល​ប្រយោជន៍គេ​ គេចំណាយពេលវេលាមក​លើ​យើង»។

អតិថិជន Wing (វីង​) មួយចំនួនបានលើកឡើង​ប្រហាក់ប្រហែលគ្នាថា ពួកគេ​ចង់ឲ្យក្រុមហ៊ុន Wing (វីង​) ផ្សព្វផ្សាយ​តាមប្រព័ន្ធផ្សព្វផ្សាយ ជាពិសេស​តាមទូរទស្សន៍ ឲ្យបានទូលំទូឡាយ រួមទំាង​​ប្រាប់​ទៅភ្នាក់​​ងា​ររបស់​ខ្លួន​គ្រប់​សាខា​ទំាងអស់​នៅទូទំាង​ប្រទេស ឲ្យពន្យល់អតិថិជនពីការ​បង់​ថ្លៃ​ភ្លើង ទឹក ក្រោម​​១០ម៉ឺនរៀល មិន​ចំាបាច់​ចំណាយ​លើថ្លៃសេវា១ពាន់រៀល ទើបទទួល​បានផលវិជ្ជមាន និង​ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ឋកាន់​តែចាប់​អារម្មណ៍​ពីការ​ប្រើ​ប្រាស់​សេវា Wing (វីង​) នោះ​។

ដើរចេញពីកន្លែងបង់ទឹកភ្លើងនៅផ្តុំសំណង់១២ រាជធានីភ្នំពេញ លោក សំាង សំអន បាននិយាយថា លោក​ចង់ឲ្យសាខា Wing (វីង​) ទំាងអស់ ត្រូវ​ប្រាប់​ពួកគេពីនីតិវិធី ធ្វើយ៉ាង​ណាកុំឲ្យ​ពួក​គេ​បង់ថ្លៃ​សេវា​ទឹកភ្លើង ដោយ​ថា​ជា​ការរួមចំណែកកាត់បន្ថយ ការចំណាយ​ថវិកាមួយចំនួនដល់​អ្នកមានជីវភាពក្រីក្រ។ លោកនិយាយថា «ម្ចាស់វីងគួរតែណែនាំប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគ្នាមិនសូវដឹងការបង់​ប្រាក់​[ការ​បង់ថ្លៃសេវា] គួរតែណែនាំពន្យល់ប្រាប់គាត់មែនទែន​ ពីបញ្ហា​បង់លុយ​ សេវាភ្លើងអត់អស់លុយ​ចំពោះ​គ្នាអ្នក​មានមិនសូវ​អីទេ ចំពោះរូបខ្ញុំអ្នកអត់ច្រើនដែរ តិចតួចៗ ១ពាន់ ២ពាន់»។

VOD បានសាកសួរភ្នាក់ងារ​ ផ្តល់សេវា Wing (វីង​) នៅតាមសាខាជាង១០សាខា ក្នុង​រាជធានីភ្នំពេញដែរ ក្នុងនោះមានតែមួយសាខាតែប៉ុណ្ណោះដែលព្រមឆ្លើយប្រាប់អ្នកយកព័ត៌មាន។

លោក មុយ ហុងលាង ភ្នាក់ងារផ្តល់សេវា Wing (វីង​) នៅម្តុំសំណង់១២ បានអះអាងថា លោក​មិនដែ​ល​ទទួល​បានព័ត៌មានពី​ក្រុមហ៊ុន Wing (វីង​)​ ប្រាប់ពីការបង់ទឹកភ្លើងក្រោម១០ម៉ឺនរៀល មិន​ឲ្យទូ​ទាត់​យក​ថ្លៃ​​សេវា១​ពាន់​រៀល​នោះទេ។ លោក​ថា​ ដរាប​ណាក្រុមហ៊ុនមិនប្រាប់គាត់ នោះគាត់នៅតែ​យកថ្លៃ​សេវា​បង់​ថ្លៃទឹក​ភ្លើងដដែល។

លោកនិយាយថា «ខ្ញុំអត់ទាន់ឮខាងលើ គេប្រាប់មកថា យើងអត់មានគិតថ្លៃ ពីសេវា ពី១០​ម៉ឺន​រៀលចុះមក​ អត់គិតសេវាខាងគេ[ក្រុមហ៊ុនវីង]អត់ទាន់ប្រាប់ តែខាងគេអត់ប្រាប់ យើង​អត់​មាន​សិទ្ធិទៅ​បញ្ចុះ​បាន​ទេ»។

មន្ត្រីផ្តល់សេវ៉ាបំរើអតិថិជននៅក្រុមហ៊ុន Wing (វីង​)  បានឲ្យដឹង​ថា អតិថិជនទំាងអស់ដែល​​ទៅ​បង់​ថ្លៃទឹក ភ្លើង ក្រោម១០ម៉ឺនរៀល មិន​អស់ថ្លៃសេវា១ពាន់រៀល លុះត្រាតែ​អតិថិជន​នោះ​មាន​គណ​នេយ្យ​ Wing (វីង​) ផ្ទាល់ខ្លួនជាមុនសិន។ កញ្ញាថា រាល់ព័ត៌មានពាក់ព័ន្ធនឹងការមិនគិតថ្លៃសេវាទឹក ភ្លើង នេះ ក្រុមហ៊ុន Wing (វីង​) បានប្រាប់ទៅភ្នាក់ងាររបស់ខ្លួនទំាងអស់រួចហើយ​ បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រីប្រកាស កាលពីពាក់កណ្តាលខែកុម្ភៈឯណោះ។

មន្ត្រីរូបនោះបន្ត​ទៀត​ថា បើអតិថិជនដែលមានគណនេយ្យ Wing (វីង​) ហើ​យទទួលបានព័ត៌មាន ឬជួប​ភាព​មិន​ប្រក្រតីនៅពេលទៅបង់ទឹក ភ្លើង ក្រោម​១០ម៉ឺន​រៀល​​  ត្រូវ​បាន​ភ្នាក់ងារ Wing (វីង​) ទូទាត់យក​​ថ្លៃសេ​វា​១ពាន់​រៀល ត្រូវ​​រាយការណ៍មក​ក្រុមហ៊ុន​ Wing (វីង​) ជាបន្ទាន់​។

មន្ត្រីរូបនោះ​និយាយថា «បើសិនជាខាង​អតិថិជនគាត់មានបញ្ហា កើតឡើងគាត់អាចទាក់ទង​មកខា​ង​យើង​ខ្ញុំ ដើម្បីធ្វើការត្រួតពិនិត្យបានបង [ទាក់ទង តើគាត់គួរតែទាក់ទងតាមរយៈណាដែរ] គាត់អាច​ទាក់ទង​និង​ខាង​​យើងខ្ញុំតាមរយៈលេខ ០២៣ ៩៩៩៩៨៩ ឬក៏គាត់អាចទាក់ទងមកលេខ ០១២ ៩៩៩ ៤៨៩​»។

តើត្រូវ​ធ្វើដូចម្តេច ដើម្បីបង្កើតគណនេយ្យ Wing (វីង​) បាន? មន្ត្រីផ្តល់សេវ៉ាបំរើអតិថិជននៅក្រុមហ៊ុន Wing (វីង​) បានពន្យល់ថា​ អតិថិជនទំាងអស់ដែលចង់បង្កើតគណនេយ្យ Wing (វីង​) ដើម្បីបង់ទឹក ភ្លើង ក្រោម១០ម៉ឺនរៀល មិនឲ្យអស់ថ្លៃសេវា១ពាន់រៀលនោះ ពួកគេ​ត្រូវ​បំពេញបែបបទ​ដូចជា  ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ ឬ ប៉ាស់ស្ព័រ ឬសំបុត្រ​កំណើ​ត​ ឬ​សៀវភៅគ្រួសារជាដើម អាចយកទៅឲ្យភ្នាក់ងារ Wing (វីង​)​គ្រប់​សាខា​ទំាងអស់ ដើម្បី​បង្កើត​គណនេយ្យ Wing (វីង​) ដោយមិនគិតថ្លៃផង​ដែរ​ ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ដើម្បី​អនុវត្ត​ប្រសាសន៍​របស់​​លោក​នា​យករដ្ឋមន្ត្រីហ៊ុន សែន ដែលថាការបង់ទឹកភ្លើង ក្រោម១០ម៉ឺនរៀល មិនគិតថ្លៃសេវានោះ ឲ្យ​​មាន​ប្រសិទ្ធិភាពបាន​ លុះត្រាតែ​ក្រុមហ៊ុន Wing (វីង​) កុំ​​កំណត់​ឲ្យ​អតិថិជនរ​បស់​ខ្លួន​បង្កើត​គណ​នេយ្យ​ Wing (វីង​) ពោលនៅពេលពួកគេ​កាន់វិក័យបត្រទៅ​បង់លុយ​ទឹក ភ្លើង​ មិនត្រូវយក​​ថ្លៃសេ​វ៉ាពី​អតិ​ថិ​ជននោះទេ។ ​

លោក​យល់ថា «នៅកម្ពុជា​ហាក់ដូចជាមានការលំបាក ឬក៏ការចាប់អារម្មណ៍មួ​យ​ទៅលើការបង្កើត​គណ​នេយ្យ​នៅតាមវីង ខ្ញុំថាយកល្អ ក្រុមហ៊ុនវីងគួរតែដកចេញ​នូវលក្ខណ្ឌហ្នឹងទៅ អតិថិជន​ណាក៏​ដោយឲ្យ​តែ​ត្រូវ​​បង់​លុយ ឲ្យតែមានវិក័យបត្រភ្លើងយកទៅបង់លុយតាមរយៈវីង ហើយតម្លៃពួក​គេដែ​ល​បាន​ប្រើប្រាស់​ក្រោម​១០ម៉ឺ​នរៀល ឲ្យ​ដោយឥតគិតថ្លៃ បានន័យថាមិនចំាបាច់​បង្កើត​គណនេយ្យវីងទេ ទើបវាជា​ប្រសិទ្ធភាពមួយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ