លោក ហ៊ុន សែន ថារង់ចាំវត្តមានលោក អ៊ុំ សំអាន ក្នុងសភាដើម្បីបកស្រាយរឿងកងទ័ពវៀតណាមលើដីសម្បទាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅឆ្លើយផ្ទាល់មាត់នៅរដ្ឋសភាតាមសំណើរបស់តំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន ដែលកំពុងជាប់ពន្ធនាគារ ទាក់ទងនឹងការលើកឡើងថាមានកងទ័ពវៀតណាមនៅលើដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរី។

កាលពីថ្ងៃទី១០ ខែមីនា រដ្ឋសភាបានបញ្ជូនលិខិតរបស់លោក អ៊ុំ សំអាន ទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយក្នុងលិខិតនោះតំណាងរាស្រ្តមានបំណងសួរនាំរដ្ឋាភិបាលទាក់ទងនឹងមានព័ត៌មានចុះផ្សាយថាកងទ័ពវៀតណាមមានមូលដ្ឋាននៅលើដីសម្បទានសេដ្ឋកិច្ចប្រហែលជា៤ម៉ឺនហិចតាក្នុងខេត្តរតនគិរី។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ផ្ញើទៅកាន់ប្រធានរដ្ឋសភាលោក ហេង សំរិន ហើយវីអូឌីទើបតែទទួលបាននៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរថាលោកនឹងបញ្ជូនសមាសភាពរដ្ឋាភិបាលទៅរដ្ឋសភាទាក់ទងនឹងសំណួររបស់លោក អ៊ុំ សំអាន នៅពេលដែលលោកមានវត្តមាននៅក្នុងកិច្ចប្រជុំសភា។

លោកនាយករដ្ឋមន្ត្រីសរសេរថា៖ “…ចំពោះករណីនេះរាជរដ្ឋាភិបាលនឹងបញ្ជូនសមាសភាពរដ្ឋាភិបាលទៅបំភ្លឺដោយផ្ទាល់មាត់ជូនម្ចាស់សំណួរនៅរដ្ឋសភា តាមកាលបរិច្ឆេតសមរម្យណាមួយដែលរៀបចំដោយរដ្ឋសភា នៅពេលដែលឯកឧត្តម អ៊ុំ សំអាន មានវត្តមានក្នុងកិច្ចប្រជុំនោះ”

ជំនួយការលោក អ៊ុំ សំអាន គឺលោក ម៉ាំ ម៉ាជីកូ ប្រាប់វីអូឌីថាកាលពីម្សិលមិញលោកបានទៅជួបលោក អ៊ុំ សំអាន នៅពន្ធនាគារ។ លោកថាលោក អ៊ុំ សំអាន ចង់ឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចូលបំភ្លឺដោយផ្ទាល់ជាងជាងចាត់អ្នកតំណាង ដោយថាលោកនាយករដ្ឋមន្ត្រីជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរដ្ឋាភិបាល។

លោក ម៉ាំ ម៉ាជីកូ បន្តថាការបំភ្លឺនេះអាចធ្វើទៅបាននៅពេលដែលលោក អ៊ុំ សំអាន រួចពីការឃុំខ្លួនបណ្តោះអាសន្ន និងរួចពីពិន័យរដ្ឋបាលដែលហាមលោកមិនឲ្យចូលប្រជុំសភាចំនួន១៥ដង។ លោកឲ្យដឹងដែរថា គិតចាំពីថ្ងៃលោក អ៊ុំ សំអាន ទទួលពិន័យរហូតមកដល់ពេលនេះ រដ្ឋសភាបានប្រជុំចំនួន៩ដងរួចហើយ។

គួររំឭកថា កាលពីចុងខែកក្កដា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាម្រេចដាក់ពិន័យរដ្ឋបាលលើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌល សៀមរាប លោក អ៊ុំ សំអាន ក្រោមហេតុផលថាលោកបានសរសេរលើហ្វេសប៊ុកធ្វើឲ្យប៉ះពាល់កិត្យានុភាពរដ្ឋសភា និងជេរប្រមាថប្រធានរដ្ឋសភា។

គួរបញ្ជាក់ដែរថា លោក អ៊ុំ សំអាន បច្ចុប្បន្នកំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយ ស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍(បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។ ជាមួយបទចោទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ លោក អ៊ុំ សំអាន អាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។ ចំពោះបទល្មើសញុះញង់ឲ្យមានការរើសអើង លោកអាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ៦លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ