អាជ្ញាធរស្រុកមួយនៅខេត្តស្វាយរៀងរងការចោទថាគំរាមអ្នកមានជម្លោះដីធ្លីឈប់ឲ្យចេញតវ៉ា

អ្នកមានជម្លោះដីធ្លីនៅ ស្រុករមាសហែក ខេត្តស្វាយរៀង អះអាងថា អាជ្ញាធរបានព្រមានពួកគេឲ្យឈប់ត​វ៉ាការពារដីជិត១០០០ហិចតាដែលពួកគេកំពុងបង្កបង្កើនផល ដោយថាបើមិនដូចនេះទេ អាជ្ញាធរនឹ​ងដាក់​ពា​ក្យប្តឹងករណីនេះទៅតុលាការ។

កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋប្រមាណ១០០នាក់ មកពីស្រុកចំនួន​ពីរនៅក្នុង​ខេត្ត​ស្វាយរៀង បាន ធ្វើយុទ្ធនាការដាក់ញត្តិនៅថ្នាក់ជាតិក្នុងរាជធានីភ្នំពេញ ជំរុញឲ្យរដ្ឋាភិបាល អន្តរាគ​មន៍​ទប់ស្កាត់​កុំឲ្យក្រុមហ៊ុន រំលោភយកដីពួកគេជិត១០០០ហិចតា។

ញត្តិរបស់អ្នកភូមិបានចោទថា ក្រុមហ៊ុនចំនួនពីរ បានមកឈួសឆាយយកដីរបស់ពួកគេ ដែលធ្លាប់​អាស្រ័យ​ផលច្រើនឆ្នាំមកហើយនោះ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរដែនដី។

តំ​ណា​ងពលរដ្ឋម្នាក់ កញ្ញា ខៀវ សារ៉ុន ប្រាប់វីអូឌី នៅថ្ងៃនេះថា អាជ្ញាធរស្រុក ​បានហៅ​ពួកគាត់​ទៅជួប​នៅនគរបាលប៉ូស្តិ៍អំពិល ក្នុងឃុំអំពិល ស្រុករមៀហែក ហើយចោទពួ​កគាត់ថា បានដកបង្គោលក្រុមហ៊ុននិង​បា​នគំរាមពួ​កគាត់ឲ្យឈប់តវ៉ានិង​ដើរដាក់ញត្តិទា​មទារយកដី​ទៀតនោះទៀត ដោ​យថា​ ដីនោះជា​របស់​ក្រុ​មហ៊ុ​ន។

កញ្ញាថា «គាត់ថាឲ្យឈប់ទៅធ្វើនៅលើកដីនោះទៅ យ៉ាងណាក៏គេអត់ឲ្យ ហើយបើសិនជាយើងនៅតែវ៉ារឿងដីនឹងទៀត យើងស៊ូមិនរួចពីឡើងតុលាការទាំងអស់គ្នាទេ ថាគាត់ខ្មែរដូចគ្នាអត់ចង់ឲ្យប្រជាពលរដ្ឋ​​ឡើងតុលាការ ហើយពួកខ្ញុំថា បើពួកខ្ញុំមិនខុសឡើងតុលាការក៏មិនខ្លាចដែរ»។

តំណា​ងពលរដ្ឋម្នាក់ទៀតអ្នកស្រី ម៉ង ស៊ីណា លើកឡើងថា ពួកគាត់នៅតែតវ៉ា ដើម្បីទាម​ទារយ​កដី​របស់​ពួក​គាត់មកវិញ បើទោះបីមានការគំរាមកំហែងថា នឹងចាប់ពួកគាត់ក៏ដោយ។

អ្នកស្រី «ខ្ញុំអត់ស្លុតអត់ភ័យខ្លាចទេ ទាល់ណាតែគេចាប់ខ្ញុំដាក់ខ្នោះដូចដែលពាក្យព្រមាននោះក្រែខ្ញុំតក់ស្លុត​ បើដូចសព្វថ្ងៃខ្ញុំមិនតក់ស្លុតទេខាងរដ្ឋគេនៅនេះច្រើនណាស់ គេបើហ៊ានតែខ្ញុំធ្វើគេថា គេហ៊ានចាប់ខ្នោះ​​​ដល់ពេលចឹងខ្ញុំថាខ្ញុំមិនតក់ស្លុតទេបើអស់លោកចង់ចាប់ខ្ញុំក៏ចាប់ទៅ»។

អ្នកស្រីបន្តថា កាលពីថ្ងៃទី២៣មីនាឆ្នាំ២០១៧ មានក្រុមហ៊ុនមួយមិនស្គាល់ឈ្មោះ  បាន អះអាងថា ខ្លួន​ទទួល បានសិទ្ធិវិនិយោគពីរដ្ឋាភិបាល បានដាក់គ្រឿងចក្រឈួសឆាយ និងបង្កឲ្យប៉ះពា​ល់ដីពលរ​ដ្ឋ៤​៤០​គ្រួ​​សា​រ ដែលមានផ្ទៃសរុប៦៧០ហិចតា។

វីអូឌីមិនអាចទាក់ទងអ៌ភិបាលស្រុករមាសហែកបានទេ ប៉ុន្តែអភិបាលរងស្រុក លោក ព្រំ សារិន អះអាង​ថាលោ​កមិនបានដឹងរឿងនេះ។

មន្ត្រីស៊ើបអង្កេតអង្កការលីកាដូលប្រចាំខេត្តស្វាយរៀង លោក មុំ លីដា ចាត់ទុកព្រមាននេះថា ជាការ​បំ​បិ​ទសិ​​​ទ្ធិ​សេ​រីភាពប្រជាពលរដ្ឋមិនឲ្យធ្វើការតវ៉ា។ លោកជំរុញឲ្យអាជ្ញាធរគួរតែហៅពលរដ្ឋ ឲ្យជួបជា​មួយក្រុ​ម​ហ៊ុន ស្វែងរកដំណោះស្រាយដោយតម្លាភាព ជាជាងគំារាមប្តឹង​ពលរដ្ឋហើ​យមិនផ្ត​ល់ដំណោះ​ស្រា​​យ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ