បក្សប្រឆាំង​អាច​ចរចា​នយោបាយ​បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​មុន​ការបោះឆ្នោត​

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង បានអះអាងថា គណបក្សលោកនឹងបោះដៃទៅបក្សកាន់អំណាច សម្រាប់ដំណោះស្រាយនយោបាយមួយ ដើម្បីបើកផ្លូវឲ្យមេដឹកនាំរបស់ខ្លួន លោក សម រង្ស៊ី បានវិលចូលស្រុកវិញ ព្រមទាំងដោះលែង និងបញ្ឈប់ការយាយីលើតំណាងរាស្ត្របក្សប្រឆាំង សកម្មជន មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរៀបចំការបោះឆ្នោត។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់អ្នកគាំទ្រ នៅថ្ងៃទី១១ ខែមិថុនានេះថា គណបក្សសង្គ្រោះជាតិ តំណាងដោយលោក ប៉ុល ហំម នឹងទូរសព្ទទៅមន្ត្រីគណបក្សប្រជាជនកម្ពុជា នាពេលឆាប់ៗនេះ ដើម្បីស្វែងរកកិច្ចពិភាក្សារួមគ្នាមួយ តាមរយៈវប្បធម៌សន្ទនា សម្រាប់ដំណោះស្រាយនយោបាយ ឈានទៅធានាការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅឆ្នាំ២០១៧ និង២០១៨។

អ្នកនាំពាក្យរូបនោះ ថ្លែងថា៖ «របៀបវារៈ គឺដោះស្រាយបញ្ហានយោបាយ បញ្ហានយោបាយជាអាទិភាពទី១ គឺការគាបសង្កត់ទៅលើបក្សប្រឆាំង ការគាបសង្កត់ទៅលើសង្គមស៊ីវិល ការគាបសង្កត់ទៅលើសមាជិក និងមន្ត្រី គ.ជ.ប. ហើយជាពិសេសទៅទៀតការវិលត្រឡប់របស់លោកប្រធានសម រង្ស៊ី ឲ្យបានមុនពេលបោះឆ្នោត»។

លោក សម រង្ស៊ី បានសម្រេចនិរទេសខ្លួនម្តងទៀត ក្រោយពីតុលាការចេញដីកាឲ្យតាមចាប់ខ្លះ ទាក់ទិននឹងបន្ដឹងបរិហាកេរ្តិ៍របស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងនាពេលកន្លងមកថា លោកនឹងមិនចុះហត្ថលេខាលើកលែងទោសដល់គូប្រជែងនយោបាយរបស់លោកនោះឡើយ។

ខណៈលោក សម រង្ស៊ី បាននិរទេសខ្លួនលោកនៅឯប្រទេសបារាំង លោក កឹម សុខា ប្រធានស្ដីទីបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួននាពេលថ្មីៗនេះ ហើយតំណាងរាស្ត្រ សកម្មជនបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរៀបចំការបោះឆ្នោត ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ