កូរ៉េខាងត្បូង​ចាប់ផ្ដើម​ប្រតិបត្តិការ​បណ្ដេញ​ទូក​នេសាទ​ចិន​ចេញពី​ដែនទឹក​មាន​ជម្លោះ​

កូរ៉េខាងត្បូង បានចាប់ផ្ដើមប្រតិបត្តិការមួយ កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីបណ្ដេញទូកនេសាទខុសច្បាប់របស់ចិន ចេញពីដែនទឹករបស់ខ្លួននៅជិតព្រំដែនទឹកមានជម្លោះជាមួយកូរ៉េខាងជើង។ ចំណាត់ការនេះ អាចបង្កឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីរថែមទៀត។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នេះគឺជាប្រតិបត្តិការល្បាតយោធាលើកដំបូងនៅតំបន់នោះ ដែលជាតំបន់ទ្រនាប់រវាងប្រទេសកូរ៉េទាំងពីរ ចាប់តាំងពីតំបន់នោះ ត្រូវបានគេគូសវាសឡើងនៅចុងបញ្ចប់នៃសង្គ្រាមកូរ៉េកាលពីឆ្នាំ១៩៥៣។

ក្រុងសេអ៊ូល បានតវ៉ាម្ដងហើយម្ដងទៀតទៅក្រុងប៉េកាំង អំពីអ្នកនេសាទចិនចូលនេសាទក្នុងដែនទឹកនោះដោយខុសច្បាប់។
ប៉ុន្តែ ទូកនេសាទចិន នៅក្នុងដែនទឹកនៃដងទន្លេហាន និងជុំវិញព្រំដែនទឹកមានជម្លោះ ក្នុងសមុទ្រលឿង បានបន្តកើនឡើង ដោយសារពុំមានការល្បាត។

យោងតាមទីភ្នាក់ងារយ៉ុនហាប់របស់កូរ៉េខាងត្បូង ក្រុមមន្ត្រីយោធា បាននិយាយថា កិច្ចខិតខំប្រឹងប្រែងផ្នែកកាទូត ជួបប្រទះបញ្ហាលំបាក ជាហេតុនាំឲ្យពួកយោធាសម្រេចអនុវត្តការរឹតបន្តឹង ក្នុងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពអង្គការសហប្រជាជាតិ ដឹកនាំដោយអាមេរិក ដែលត្រួតពិនិត្យលើបទឈប់បាញ់គ្នានៅឧបទ្វីបកូរ៉េ ក្រោយការបញ្ចប់សង្គ្រាមឆ្នាំ១៩៥០-១៩៥៣។

ពួកយោធាឲ្យដឹងថា កងទ័ពបានធ្វើប្រតិបត្តិការលើកដំបូងរបស់ខ្លួន នៅតំបន់ទ្រនាប់នោះ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញ។

ពុំទាន់មានប្រតិកម្មបែបណាពីក្រុងព្យុងយ៉ាង ចំពោះប្រតិបត្តិការយោធាដ៏កម្រនេះនៅឡើយទេ។
ប៉ុន្តែ បញ្ជាការដ្ឋានយោធាអង្គការសហប្រជាជាតិ បានជូនដំណឹងអំពីប្រតិបត្តិការយោធានេះ ទៅដល់កូរ៉េខាងជើង និងចិនរួចហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ