គ.ជ.ប. គ្រោងរាប់សន្លឹកឆ្នោតនៅឃុំដូងឡើងវិញក្រោយបក្សទាំងពីរប្ដឹងទាស់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅកាត់​ថា គ.ជ.ប. គ្រោង​នឹង​​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ នៅ​តាម​ការិយាល័យ​ចំនួន ២៣ ស្ថិត​ក្នុង​ឃុំ​ដូង ខេត្ត​ស្វាយរៀង នៅ​សប្ដាហ៍​ក្រោយ​នេះ ទៅ​តាម​បណ្ដឹង​របស់​គណបក្ស​ធំៗ​ទាំង​ពីរ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ.ជ.ប. បាន​ប្រកាស​ថា ខ្លួន​សម្រេច​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ ២៣​ការិយាល័យ នៅ​ឃុំ​ដូង ស្រុក​រមាសហែក នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​នេះ។

លោក ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​ គ.ជ.ប. ​បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ​គ.ជ.ប. គ្រោង​នឹង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​តាម​ការិយាល័យ​នានា ស្ថិត​ក្នុង​ឃុំ​ខាង​លើ បន្ទាប់​ពី​ គ.ជ.ប. បាន​ទទួល​បណ្ដឹង​ទាំង​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​មាន​ប្រសាសន៍​ថា៖ “អ្នក​ប្តឹង​បាន​ប្តឹង​ទៅ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត ​បន្ទាប់​មក​ នៅ​ពេល​ដែល​ដោះស្រាយ​មិន​បាន​សះ​ជា​  គឺ​ប្តឹង​មក​គណៈ​កម្មាធិការ​រាជធានី​ខេត្ត​រៀប​ចំ​ការ​បោះឆ្នោត ហើយ​នៅ​តែ​មិន​សះ​ជា​គឺ​ប្តឹង​មក ​គ.ជ.ប​នេះ​តែ​ម្តង​។ អីចឹង​ក្នុង​តួនាទី​នេះ​ គ.ជ.ប. ​ពិនិត្យ​ទៅ​ឃើញ​​ថា ​មាន​ការ​ឆក​ល្វែង​ខ្លះ​ក្នុង​ការ​ដោះស្រាយ​បណ្តឹង​ ហើយ​គ.ជ.ប​ក៏​រៀប​ចំដោះស្រាយ​បណ្តឹង​ដោយ​ធ្វើ​ការ​រាប់​ឡើង​វិញ​នៅ​ក្នុង​ឃុំ​ដូង​ទាំង​មូល​ហ្នឹង……​មាន​ករណី​ប្តឹង​ទាំង​សង​ខាង [គណបក្ស​ប្រជា​ជន និង​គណបក្ស​សង្គ្រោះ​ជាតិ]​”​។​

លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ដែល​ផ្សាយ​ដោយ គ.ជ.ប. បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​នៅ​ឃុំ​ដូង ជាមួយ​សំឡេង​នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រឹម​តែ ៣​សំឡេង​តែ​ប៉ុណ្ណោះ ដោយ​បក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ ២៥៩៩​សំឡេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ