លោក​ ហ៊ុន សែន ចាត់​ទុក​ការសម្លាប់លោក កែម ឡី ជា”ការផ្ចាញ់ផ្ចាលមួយ”ដល់រដ្ឋាភិបាល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះចាត់ទុកការធ្វើឃាតអ្នកវិភាគសង្គមនិងអ្នកស្រាវជ្រាវសង្គម លោក កែម ឡី ធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលនិងថានេះជា”ការផ្ចាញ់ផ្ចាល”មួយដល់រដ្ឋាភិបាល។

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ហ៊ុន សែន បានចាត់ទុកការបាញ់សម្លាប់នេះជា”អំពើឃោរឃៅព្រៃផ្សៃមួយ”។ លោកបន្តថានេះជាលើកទីពីរហើយ បន្ទាប់ពីការបាញ់សម្លាប់ឧកញ៉ាម្នាក់ ឈ្មោះ អុឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទុកពេលឲ្យស្ថាប័នមានសមត្ថកិច្ចស្រាវជ្រាវករណីនេះ រកជនដៃដល់និងជនឃុបឃិតមកផ្តន្ទាទោស។

លោក ហ៊ុន សែន ក៏អំពាវនាវកុំឲ្យមានការលាបពណ៌ថាករណីនេះជារឿងនយោបាយ។ លោក“ខ្ញុំគិតថាតើអ្នកណាទទួលផលចំណេញពីសោកនាដកម្មនេះ? តើអ្នកណាទទួលផលចំណេញនិងផលខាត…”។

លោកមានប្រសាសន៍ថា៖ “អ្វីទៅដែលហៅថាជាការខាតបង់? នេះជាការប៉ះពាល់ធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលតែម្តង? តើអ្នកណានឹងទទួលផលចំណេញអំពីរឿងបែបនេះកើតឡើង នៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងនិយាយអំពីសន្តិសុខនិងសុវត្ថិភាពប្រជាពលរដ្ឋ។ ចំណុចនេះ ខ្ញុំគិតថាវាហាក់ដូចជាការផ្ចាញ់ផ្ចាលមួយសម្រាប់យើង”។ លោកបន្ថែមថារដ្ឋាភិបាលរងការរិះគន់ថាអសមត្ថភាពក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងការលាបពណ៌ករណីឃាតកម្មនេះជារឿងនយោបាយ។

លោកនាយករដ្ឋមន្រ្តីបន្តទៀតថានៅកម្ពុជាងាយណាស់ក្នុងការប្រែក្លាយរឿងឃាតកម្មជារឿងនយោបាយ។ ទោះជាយ៉ាងណា លោកសង្ឃឹមថាប្រជាពលរដ្ឋនឹងមិនប្រែក្លាយឧក្រិដ្ឋកម្មនេះជារឿងនយោបាយនោះទេ។

លោកនាយករដ្ឋមន្រ្តីក៏បានបង្ហាញសេចក្តីសង្ឃឹមថាអ្នកនយោបាយនឹងមិនប្រើប្រាស់ឃាតកម្មនេះជារឿងនយោបាយនិងនាំឲ្យជាតិចលាចល។ ក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តីក៏បានដាក់បញ្ជាឲ្យប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មនានា ការគ្រប់គ្រងអាវុធនិងបញ្ហាគ្រឿងញៀនដែលកំពុងកើតឡើងនៅកម្ពុជា។

ក្រោយការស្លាប់របស់លោក កែម ឡី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានចូលរួមរំលែកទុក្ខដល់សពលោក កែម ឡី។ លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “ខ្ញុំសូមចូលរួមមរណទុក្ខចំពោះមរណភាពរបស់លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងឃោរឃៅដែលខ្ញុំសូមថ្កោលទោសអំពើរដ៏ព្រៃផ្សៃនេះ”។

ភរិយារបស់លោក កែម ឡី អ្នកស្រី ប៊ូ រចនា បានប្រាប់វីអូឌីកាលពីថ្ងៃអាទិត្យថាប្តីរបស់អ្នកស្រីមិនដែលមានបញ្ហាជាមួយអ្នកណានោះទេ។ អ្នកស្រីបានច្រានចោលការលើកឡើងថាលោក កែម ឡី ជំពាក់លុយគេមិនសង។ អ្នកស្រីចាត់ទុកករណីនេះជារឿងនយោបាយ។

លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា មេដឹកនាំសហជីពដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០០៤ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យនៅកន្លែងឃាតកម្មបាញ់សម្លាប់លោក កែម ឡី ថាករណីនេះមិនទាក់ទងទៅនឹងរឿងឯកជនរបស់លោក កែម ឡី នោះទេ។ លោកមានប្រសាសន៍ថា៖ “មិនមែនជារឿងឯកជនទេ! សុំទោសតែហ្មង។ អ្នកណាថាជារឿងឯកជន ឆ្កួតចំហើយ! ” ។

នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារុំ ប្រាប់វីអូឌីនៅកន្លែងឃាតកម្មថាករណីនេះទាក់ទងនឹងរឿងនយោបាយ ដោយលោកអះអាងថាលោក កែម ឡី បានបញ្ចេញយោបល់របស់លោករិះគន់រដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ “រឿងនេះវាជារឿងនយោបាយព្រោះលោកកែម ឡី គាត់ជាអ្នកវិភាគឯករាជ្យមួយរូបហើយកន្លងមកគាត់មានការវិភាគលើកឡើងពីបញ្ហាសង្គមហើយមានការបះពាល់ទៅលើមន្ត្រីរបស់រដ្ឋាភិបាល ក៏ដូចជាអ្នកជំនួញធំដែលធ្វើឲ្យមានការមិនសប្បាយចិត្ត”។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក កែម ឡី ត្រូវបានសារព័ត៌មានផ្សេងៗហៅសម្ភាសន៍ពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Wintess)ពីរឿងជំនួញធំៗរបស់ក្រុមគ្រួសារត្រកូលហ៊ុន។

ក្រោយពីការបាញ់សម្លាប់ ខ្មាន់កាំភ្លើងម្នាក់ដែលគេអះអាងថាជាអ្នកបាញ់លោក កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យដោយថាខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារលោកបណ្ឌិត កែម ឡី មានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ និងមានស្រុកកំណើតនៅឯស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃពុំបានបញ្ជាក់ពីមូលហេតុនៃបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី នោះឡើយ ដោយគ្រាន់តែប្រាប់ថាជនដៃដល់ធ្លាប់ទៅរស់នៅនិងធ្វើជាកម្មករនៅចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ