ទូតអូស្ត្រាលី​គាំទ្រការបញ្ចេញមតិរបស់តំណាងរាស្ត្រដែលរិះគន់របបដឹកនាំកម្ពុជា​

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាប្រកាសថា ការថ្លែងរបស់តំណាងរាស្ត្រនៅរដ្ឋ Victoria ដែលថារបបដឹកនាំនៅកម្ពុជាតិរច្ឆាននោះ មិនមែនតំណាងឲ្យរដ្ឋាភិបាលនោះទេ តែទូតនេះគាំទ្រការបញ្ចេញមតិព្រោះវាជាធាតុសំខាន់នៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ។

ក្នុងសេចក្តីថ្លែងការរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃទី១០ខែសីហាបានលើកឡើងថា លោក ហុង លីម មិនមែនជាសមាជិករដ្ឋាភិបាលសហព័ន្ធឬសមាជិកសភាសហព័ន្ធទេ។ សេចក្តីថ្លែងការណ៍បន្តថា ការថ្លែងរបស់លោក ហុង លីម រិះគន់របបដឹកនាំកម្ពុជានោះ មិនឆ្លុះបញ្ចាំងជំហរឬតំណាងឲ្យរដ្ឋាភិបាលអូស្ត្រាលីនោះទេ។

ទោះយ៉ាងណាសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រទេសអូស្ត្រាលីមានប្រពៃណីរឹងមាំល្អក្នុងការបញ្ចេញមតិជាសាធារណៈ ហើយថាចំណុចទាំងនេះជាធាតុផ្សំយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅអូស្ត្រាលី។

កាលពីដើមខែសីហានេះតំណាងរាស្ត្រនៅរដ្ឋ Victoria នៃប្រទេសអូស្ត្រាលី ដែលមានដើមកំណើតជាខ្មែរបានថ្កោលទោសចំពោះឃាតកម្មបាញ់សម្លាប់លោក កែម ឡី ហើយពេលនោះលោកក៏បានហៅរបបដឹកនាំកម្ពុជាបច្ចុប្បន្នថាមានលក្ខណៈតិរច្ឆាន។

ក្រោយការថ្លែងរបស់លោក ហុង លីម រដ្ឋសភាកម្ពុជាបានទាមទារឲ្យសុំទោសជាធារណៈ ក្រោយមកក្រសួងការបរទេសក៏បានប្រកាសដាក់ លោក ហុង លីម ក្នុងបញ្ជីខ្មៅ មិនអនុញ្ញាតឲ្យចូលទឹកដីកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ