ឧទ្ធរណ៍តម្កល់ទោសលោក សម រង្ស៊ី ករណីចោទរដ្ឋាភិបាលនៅពីក្រោយឃាតកម្មលោក កែម ឡី

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 10:21 AM | នយោបាយ | 0 | 2447 លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

សាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ករណីដែលអតីតប្រធានគណបក្សប្រឆាំងចោទថា មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល គឺជាអ្នកនៅពីក្រោយការស្លាប់អ្នកវិភាគនយោបាយ លោក កែម ឡី។

ក្នុងបន្ទប់សវនាការ នាព្រឹកថ្ងៃសុក្រទី១១សីហានេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ញូង ធុល បានប្រកាសសាលដីកា កំបាំងមុខជនជាប់ចោទ​ ដោយសម្រេចតម្កល់សាលាក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដោយចោទប្រកាន់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និង «ញុះញង់ឲ្យបង្កភាពវឹកវរដល់សន្ដិសុខសង្គម» តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្ដែសវនាការនៅព្រឹកនេះ គ្មានវត្តមានមេធាវីការពារក្ដី និងលោក សម រង្ស៊ី ឡើយ។

កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០១៧ តុលាការជាន់ទាប បានកាត់ទោស​​លោក​ សម រង្ស៊ី​ ឲ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ​៨ខែ ពិន័យ​ជា​ប្រាក់១០លាន​រៀល និង​ឲ្យ​សងសំណងជំងឺចិត្តទៅ​លោក ​ហ៊ុន សែន ចំនួន១០០រៀល​ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យបង្កអសន្តិសុខដល់​សង្គម។

ប៉ុន្ដែមេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ដ្រីមិនសុខចិត្ត ដោយថា ទោសនេះ មិនទាន់ធន់ល្មមនឹងទោស ដែលលោក សម រង្ស៊ី បានប្រមាថស្ថាប័នធំៗរបស់រដ្ឋ។

ការសម្រេចរក្សាទោសនេះ សាលាឧទ្ធរណ៍សំអាងលើភស្ដុតាងចំនួន៤ ដោយថា លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោក កាលពីខែសីហាឆ្នាំ២០១៦ ដោយលោកចោទថា ពិតជាមានរដ្ឋអំណាច និងមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល​ នៅពីក្រោយការស្លាប់អ្នកវិភាគនយោបាយ លោក កែម ឡី និងមួយទៀត តាមរយៈកិច្ចសម្ភាសន៍របស់លោកជាមួយវិទ្យុអាស៊ីសេរី។ ក្រៅពីនេះ សាលាឧទ្ធរណ៍ក៏យោងលើការចុះផ្សាយរបស់សារព័ត៌មានមនោរម្យ និងយោងតាមវីដេអូឃ្លីប រវាងលោក សម រង្ស៊ី ជាមួយអ្នកគាំទ្រក្នុងប្រទេសបារាំង។

ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនោះ លោក សម រង្ស៊ី ចោទថា ករណីឃាតកម្មលោក កែម ឡី ក៏មិនខុសពីករណីឃាតកម្មផ្សេងទៀតដែរ ដោយថា ជាអំពើភេវកម្ម មានការរៀបចំដោយរដ្ឋអំណាច ស្រដៀងទៅនឹងករណីឃាតកម្មប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា និងសកម្មជនការពារព្រៃឈើ លោក​ ឈុត វុទ្ធី ជាដើម។

មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ដ្រី គឺលោក គី តិច បានធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់ថា លោក សម រង្ស៊ី ពិតជាមានចេតនាញុះញង់ មូលបង្កាច់ និងបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឲ្យស្អប់ប្រមុខរដ្ឋាភិបាល ជុំវិញករណីឃាតកម្មនេះ។

មេធាវីការពារក្ដីរូបនេះ ថ្លែងបន្ដថា លោក សម រង្ស៊ី មិនអាចស្វែងរកភស្ដុតាងដាក់បន្ទុកជូនតុលាការ ករណីដែលចោទថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការស្លាប់លោក កែម ឡី។

លោក គី តិច ប្រាប់បន្ថែមក្រោយសវនាការថា៖ «បាទ អាហ្នឹងជាសំណូមពរខាងភាគីខ្ញុំ គឺសុំតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូង ហើយឥឡូវ សាលាឧទ្ធរណ៍បានតម្កល់ហើយ»។

មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺលោក សំ សុគង់ ឲ្យ VOD ដឹងថា លោកមិនភ្ញាក់ផ្អើលចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះទេ។ ប៉ុន្ដែ លោកថា នឹងពិភាក្សាជាមួយក្ដីបន្ដទៀត ថាតើគួរប្ដឹងសាទុក្ខទៅតុលាការកំពូល ឬយ៉ាងណា។

លោកថា៖ «ខាងមេធាវី ក៏ដូចជាកូនក្ដី មិនរំពឹកតុលាការឧទ្ធរណ៍នឹងមានការកែប្រែទេ ប៉ុន្ដែយើងចង់ឲ្យមានការអនុវត្តច្បាប់មួយ ជាពិសេសទាក់ទងនឹងការកោះហៅ ក៏ដូចជាការជូនដំណឹងអំពីសវនាការ ទៅឲ្យភាគីក្នុងរឿងក្ដី ហើយខ្ញុំនឹងទៅសាលាឧទ្ធរណ៍ដើម្បីទៅយកសាលដីកា ដើម្បីពិនិត្យអំពីមូលហេតុនៃសេចក្ដីសម្រេចដើម្បីសិក្សា និងដើម្បីពិភាក្សាជាមួយកូនក្ដី…»។

គួរ​បញ្ជាក់​ថា មាន​មនុស្ស​៣នាក់​ហើយ ​ដែល​ត្រូវរដ្ឋាភិបាលប្តឹង​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ពួកគេ​​ដែល​ចោទ​រដ្ឋាភិបាល​​ថា នៅពី​ក្រោយ​ការ​​សម្លាប់​លោក កែម ឡី។ បុគ្គលទាំង​នោះ ​មាន​លោក សម រង្ស៊ី លោក​ស្រី ​ថាក់ ឡានី និង​លោក គឹម សុខ។ បណ្តឹង ​ដែល​រដ្ឋាភិបាល​ប្តឹង​លោក សម រង្ស៊ី និង​លោក​ស្រី ​ថាក់ ឡានី បាន​ទាម​ទារសំណង​ពីពួកគេតែ១រយរៀល ខណៈលោក គឹម សុខ ត្រូវ​បានតុលាការបង្គាប់ឲ្យសងជំងឺចិត្តលោក ហ៊ុន សែន ចំនួន​២០​ម៉ឺនដុល្លារ ក្នុ​ងករណី​ដូច​គ្នា​នេះ៕ ​

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required